សម្តេចតេជោស្នើឲ្យកាសែតភ្នំពេញប៉ុស្តិ៍ និងខាំបូឌាដេលី ផ្សាយបទបញ្ជាលេខ០១ទាំងស្រុង

AKPភ្នំពេញ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២–

ដោយបានបង្ហាញនូវប្រតិកម្មយ៉ាងខ្លាំងក្លា ទៅដល់ការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ និងខាំបូឌាដេលី ដែលបានចុះផ្សាយអំពីការ ដែលថា រាជរដ្ឋាភិបាលបានផ្តល់សម្បទានដីបន្ថែម ដល់ក្រុមហ៊ុន បន្ទាប់ពីបានចេញ សជណ លេខ ០១នោះ នៅក្នុងសេចក្តីថ្លែង ការណ៍ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យមាន ការផ្សព្វផ្សាយ ទាំងស្រុង នូវបទបញ្ជា លេខ ០១ នោះ។

សារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងខាំបូឌាដេលីបានផ្សាយថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានចុះ ហត្ថលេខាផ្តល់ដីសម្បទានបន្ថែម បន្ទាប់ពី បានចេញបំរាមដោយខ្លួនឯងលើ សជណ លេខ០១ កាលពីពេលមុននេះ។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ខ្ញុំមិនដែលចុះហត្ថលេខាផ្តល់ដីសម្បទានបន្ថែម ទេ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំ សូមបញ្ជាក់ទៅភ្នំពេញប៉ុស្តិ៍ និងខាំបូឌាដេលី រាប់ទាំងអ្នកតាំងខ្លួនថា ជាអ្នកច្បាប់ ដែលកំពុងតាមដានរឿងនេះ សូមមើលសារាចរ លេខ ០១ ពីក្បាលដល់ចុងជើងទើបដឹងថា មនុស្សនឹងជាស្រីឬប្រុស បើធ្វើវិភាគបែបមនុស្សឡប់ គឺជាប្រភេទមនុស្សល្ងង់បំផុត ដែល មិនទទួល បានការគោរពទេ។ សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំស្នើឲ្យទាំងកាសែតភ្នំពេញប៉ុស្តិ៍ និងទាំងខាំបូឌាដេលី ចុះអត្ថបទទាំង ស្រុង នៃបទបញ្ជា ០១ ថ្ងៃទី ៧ ខែឧសភា ដែលមានទាំងអស់ ៤ ចំណុច។

សម្តេចតេជោមានប្រសាសន៍ថា ចំណុចទី ១ នៃសារាចរលេច ០១ បាននិយាយថា ផ្អាកជា បណ្តោះអាសន្ននូវការផ្តល់ដីសម្ប ទានសេដ្ឋ កិច្ច ហើយចំណុចទី ៤ ចុងក្រោយបាននិយាយថា ចំពោះ ដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលការអនុញ្ញាតជាគោលការណ៍ពី រាជរដ្ឋាភិ បាលរួច ហើយមុនថ្ងៃចេញបទបញ្ជានេះ ត្រូវបន្តអនុវត្តតាមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន។ សម្តេចតេជោថ្លែងថា «បើភ្លើណាស់ សូមមើលច្បាប់ឲ្យបានគ្រប់គ្រាន់ចាំនិយាយ។ ខ្ញុំតែងតែ ដាស់តឿនថា អ្វីក៏ដោយត្រូវតែមើលពីដើមដល់ចប់ កុំមើលមួយចំណុច ហើយ មានចេតនាបំផ្លាញ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើលោកតាំងខ្លួនជាអ្នកចេះដឹងហើយ ចង់ចូលរួម លោកត្រូវតែធ្វើឲ្យពិត។ តាំងពីថ្ងៃ ចេញ បទបញ្ជាមកដល់ពេលនេះ មានសំណើជាច្រើន ដែលមិនទាន់បានអនុម័តជូន បានទុកចោលមួយកន្លែងហើយ គ្មានយក មកពិនិត្យទៀត ទេ ប៉ុន្តែអ្វី ដែលមិនទាន់បំពេញនីតិវិធី ត្រូវបំពេញនីតិវិធីឲ្យគេ ដូចដែលមានចែងក្នុងកថាខណ្ឌទី ៤ នៃសេចក្តី ប្រកាស ដូច្នេះ សូមខាំបូ ឌាដេលី និងភ្នំពេញប៉ុស្តិ៍ ចុះរឿងនោះសារជាថ្មី បើលោកចិត្តសឿង ក្នុងឋានៈជាសារព័ត៌មានវិជ្ជាជីវៈ។ ខ្ញុំសូមស្នើឲ្យវិទ្យុទូរទស្សន៍ធ្វើការ ផ្សព្វផ្សាយឡើងវិញនូវបទបញ្ជានេះ ដើម្បីថ្លឹងថ្លែងពីចំណុចទី ១ និងចំណុចទី ២ និងអត្ថបទដែលចុះផ្សាយក្នុង សារព័ត៌មានខាំបូឌាដេលី និងភ្នំពេញប៉ុស្តិ៍ ។

 សម្តេចតេជោថ្លែងបន្តថា អ្នកខ្លះមានចេតនាអាក្រក់ឲ្យកាសែត ចុះផ្សាយវិជ្ជាជីវៈ សារព័ត៌មានរួច ហើយនិយាយថា គេ គំរាម ខ្ញុំអត់គំរាមទេ សូមលោកចេញផ្សាយ ទៀតចុះ ប៉ុន្តែជំនឿទុកចិត្តចំពោះកាសែតអស់លោកនឹងមានកម្រិត ដោយសារតែបានចុះពី ការពិត។បើលោកចិត្តសឿងសូមចុះទាំងស្រុងម្តងទៀតទៅ ដើម្បីឲ្យអ្នកអានផ្ទៀងផ្ទាត់ យើងចាំមើលតើ កាសែតទាំងពីរនេះ មានកាសែត ណាមួយហ៊ានចុះផ្សាយ។ ខ្ញុំនឹងស្វាគមន៍ និងកោតសរសើរ កាសែតទាំងពីរ ក្នុងករណីដែលលោកហ៊ានចុះផ្សាយទាំងស្រុងនូវបទបញ្ជា ០១ បើលោកហ៊ាន ចុះផ្សាយ ខ្ញុំគោរព បើលោកមិនហ៊ានចុះផ្សាយ លោកពិតជាសារព័ត៌មានក៏កំសាកបំផុត។សម្តេចតេជោថ្លែងថា បើចង់ ឲ្យសារព័ត៌មាននៅកម្ពុជាមានតម្លៃ ដែលអាចជៀទុកចិត្តបាន ចាំបាច់ ត្រូវផ្សព្វផ្សាយឲ្យមានគ្រប់ជ្រុងជ្រោយគ្រប់ទិដ្ឋភាពទើបជាការប្រ សើរ។

សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា ខ្ញុំសូមបញ្ជាក់ជូន ខ្ញុំគោរពសារព័ត៌មាន ក៏ប៉ុន្តែសារព័ត៌មាន ដែលខ្វះវិជ្ជាជីវៈ ឬក៏ខ្វះព័ត៌មានគ្រប់ជ្រុង ជ្រោយឬក៏មានចេតនាបំផ្លិចបំផ្លាញគួរតែត្រូវបានកែតម្រូវ បើមិនកែតម្រូវ យើងអាចមានបញ្ហាជាមួយគ្នា បើអ្នកឯងមិនកែតម្រូវលើទំ ព័រកាសែត យើងកែតម្រូវ តាមវិទ្យុ និងទូរទស្សន៍របស់យើង៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.