ឯកឧត្តម ស ខេង ៖ ត្រូវធ្វើការបង្រ្កាប និងផ្តន្ទាទោសចំពោះអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន
AKP ភ្នំពេញថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២—–
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ឲ្យអាជ្ញាធរមាន សមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ ត្រូវបន្តធ្វើការបង្រ្កាប និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរចំពោះអ្នកផលិត ដាំដុះ ចរាចរចែកចាយ គ្រឿងញៀន និងអ្នកពាក់ព័ន្ធ ដើម្បីលុបបំបាត់ឲ្យបានជាដាច់ខាត នូវរាល់ការ ផលិត ការដាំដុះ ការចរាចរ ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងដែនសមត្ថកិច្ច និង មូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម ស ខេង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀននាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក ដោយមានការ ចូលរួមពីមន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ សង្គមស៊ីវិល និងសិស្សានុសិស្សជាងមួយម៉ឺននាក់។
ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿង ញៀនថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បានរៀបចំទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀនចាប់តាំងពីឆ្នាំ ១៩៩៨មកថា រៀងរាល់ឆ្នាំ ក្នុងរូបភាពផ្សេងៗគ្នាទៅតាមឆ្នាំ និងតាមខ្លឹមសារ ដែលបានកំណត់ដោយ ការិ យាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មសហប្រជាជាតិ (UNODC)។ សម្រាប់ឆ្នាំ ២០១២នេះ UNODC បាន សម្រេចជ្រើសរើសប្រធានបទមួយដូចនឹងឆ្នាំ ២០១១ គឺ “សកម្មភាពជាសកល ដើម្បីសុខភាព និងសហ គមន៍គ្មានគ្រឿងញៀន” ហើយស្របគ្នានឹងន័យនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានរៀប ចំពាក្យស្លោកមួយចំនួនទៀត ដើម្បីបញ្ជាបការ ផ្សព្វផ្សាយឲ្យបានកាន់តែស៊ីជម្រៅដូចជា “ដើម្បីសុខភាព និងអនាគតភ្លឺថ្លា សូមបដិសេធ គ្រឿងញៀន” “ត្រូវគិតសុខភាពជាចម្បង កុំសាកល្បងប្រើប្រាស់គ្រឿង ញៀន” និង”ត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន” ។ល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង ថ្លែងថា កម្ពុជាយើងមិនមែនជាប្រទេសផលិតគ្រឿង ញៀនទេ ប៉ុន្តែ កម្ពុជាក៏បាន និងកំពុងទទួលររងនូវផលប៉ះពាល់ពីគ្រឿងញៀន ដូចបណ្តាប្រទេស នានាក្នុងតំបន់ និង លើពិភពលោកផងដែរ។ មុនទសវត្សរ៍ឆ្នាំ ៩០ ទាំងការផលិត ការចរាចរ ឆ្លងកាត់ និងការប្រើប្រាស់គ្រឿង ញៀន មិនមាននៅលើទឹកដីកម្ពុជាយើងទេ។
ប៉ុន្តែបន្ទាប់ពីការបើកចំហ ទីផ្សារ ស្ថានភាពគ្រឿងញៀន ក្នុងប្រទេសមានការប្រែប្រួលគួរឲ្យកត់សម្គាល់ និងគួរឲ្យយកចិត្ត ទុកដាក់បំផុត។ ទោះបីជាយ៉ាងណា ជាមួយនឹងស្ថានភាពដូចខាងលើនេះ ជាបណ្តើរៗប្រ ជាជន យើងមួយចំនួននៅភាគពាយព្យ នៃប្រទេស ជាពិសេសពលករឆ្លងដែន កុមារអនាថា កម្មករ និងយុវ ជនក្នុងទីក្រុងមួយចំនួនបានធ្លាក់ខ្លួនប្រើ ប្រាស់ គ្រឿង ញៀនគ្រប់ប្រភេទ ហើយក្លាយខ្លួនជា ជនរងគ្រោះ ដែលភាគច្រើន ក៏ជាក្រុមដែលមានអាយុពី ១០ ទៅដល់ ៣៥ឆ្នាំ បណ្តាលឲ្យគ្រួសារ ទទួលរងនូវផលប៉ះ ពាល់ ភាពឈឺចាប់ អំពើហិង្សា ញាំញី ភាពក្រីក្រ ហើយសាមីខ្លួនផងដែរ ប្រើប្រាស់គ្រឿងញៀន ត្រូវទ្រុឌ ទ្រោម សុខភាពយ៉ាងធ្ងន់ធ្ងរ ទទួលរងនូវភាពអាម៉ាស់ ខូចអនាគត និងបាត់បង់កិត្តិយសសង្គម។
ឯកឧត្តម ស ខេង បន្តថា ឆ្លើយតបទៅនឹងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិ វិស័យ ឯកជន សប្បុរសជន និងថ្នាក់ដឹកនាំចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព ផ្សព្វផ្សាយ អប់រំ ព្យាបាល ថែទាំ និងសង្រ្គោះជនរងគ្រោះ ដោយគ្រឿងញៀន ហើយបានទទួល លទ្ធផលល្អប្រសើរទាំងការទប់ស្កាត់ បង្រ្កាប វែកមុខ និងផ្តន្ទាទោសឧក្រិដ្ឋជនបានមួយចំនួនធំ។ ការចាត់វិធានការ និងការអនុវត្តឲ្យមានតុល្យភាព និង ឲ្យ បានព្រមៗគ្នា នូវយុទ្ធសាស្រ្តពហុវិស័យ ទាំង៥ គឺការលុបបំបាត់ ការផ្គត់ផ្គង់គ្រឿងញៀនខុសច្បាប់ ការកាត់បន្ថយតម្រូវការគ្រឿងញៀន ការកាត់បន្ថយគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងការប្រើបំពានគ្រឿងញៀន ការពង្រឹងប្រសិទ្ធភាពអនុវត្ត ច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលយើងគ្រប់គ្នាត្រូវចូលរួមអនុត្ត ឲ្យបានសកម្ម និងជាប់ ជាប្រចាំ។
ត្រូវធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការនាំចូល នាំចេញ នូវសារធាតុផ្សំគ្រប់ ប្រភេទ ជាពិសេស សារធាតុដែលអាចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ បាន និងត្រូវចាត់ វិធានការម៉ឺងម៉ាត់ និងមាន ប្រសិទ្ធភាពទាំងផ្នែកច្បាប់ និងរដ្ឋបាលទៅលើគោលដៅដែលងាយកើត មានបទល្មើសគ្រឿងញៀន ហើយ មន្រ្តីអនុវត្តច្បាប់ ត្រូវមានឆន្ទៈ និងការទទួលខុសត្រូវគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ មិនត្រូវ ពាក់ព័ន្ធនឹងបទល្មើសណាមួយ ហើយក៏មិនត្រូវអត់ឱន យោគយល់ ចំពោះបុគ្គល ឬសមត្ថកិច្ចណា ដែល ឆ្លៀតប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្តបទល្មើស ឬ ធ្វើសកម្មភាពផ្ទុយនឹងវិជ្ជាជីវៈរបស់ខ្លួននោះទេ គឺជនប្រ ភេទនេះ ត្រូវអនុវត្តតាមផែនការច្បាប់ឲ្យបាន ធ្ងន់ធ្ងរបំផុត៕
ដោយលោក ជឹម ណារី
| Tweet |
|
|
|
|
|
|
|
|||||











