កសិករខេត្តកំពង់ធំកំពុងរូតរះធ្វើស្រែវស្សា
AKP ភ្នំពេញ ថ្ងៃ ២២ ខែមិថុនា ឆ្នាំ ២០១២—–
កសិករខេត្តកំពង់ធំកំពុងយកចិត្តទុកដាក់ភ្ជួររាស់ដីស្រែបានចំនួន ៧៩.៩៨៨ហិកតា ក្នុងនោះ ការភ្ជួររាស់ដី ដោយត្រាក់ទ័របានចំនួន ៤៨.៩១២ហិកតា និងភ្ជួររាស់ដោយគោក្របី បានចំនួន ៣១.០៧៧ហិកតា ព្រមទាំង បាន សាបព្រោះ និងដាំស្រូវចំការបានចំនួន ៥១.៨៦៧ហិកតា ស្មើនឹង ២៤,៧០% នៃផែនការទាបជាងឆ្នាំមុន ក្នុងរយៈពេលដូចគ្នាបានតែចំនួន ៤.០៣៦ហិកតា។
កសិករខេត្តកំពង់ធំនិយមធ្វើស្រែពង្រោះច្រើនជាងស្រូវសន្ទូង។ ផ្ទៃដីស្រូវមានចំនួន ៤៩.៣៨៦ ហិកតា ស្រូវ សន្ទូងមានចំនួន ៦២៨ហិកតា ស្រូវពង្រោះបានចំនួន ១៤.៨២១ហិកតា ស្ទូង ស្រូវធ្ងន់បានចំនួន ១០.៥៣០ហិកតា ស្រូវកណ្តាលចំនួន ១២.៣៣០ហិកតា ស្រូវស្រាលចំនួន ១០.៣៣០ហិកតា ក្នុងនោះស្រូវស្រាល បង្កើនរដូវបានចំនួន ៨.១៩១ហិកតា និងដាំស្រូវចំការ បានចំនួន ១.៨៥៣ហិកតា។
ស្រុកកំពង់ស្វាយអនុវត្តបានលឿនជាងគេគឺចំនួន ១៩.១២៣ហិកតា ស្មើនឹង ៤១,៧៥% នៃផែនការ។ លោក ធីវ វណ្ណធី អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានបញ្ជាក់ ថា ការថយចុះនេះ ដោយស្ថានភាពទឹកភ្លៀងធ្លាក់ នៅ ពេលនេះ មានតិចតួច។ ឆ្នាំនេះ កសិករបាន យកចិត្តទុកដាក់ធ្វើស្រែបង្កើនរដូវ និងស្រែនៅចុងរដូវវស្សាវិញ នៅកន្លែងដែលធ្លាប់មានទឹកជំនន់ លិចជន់កន្លងមក ព្រោះគាត់យល់ឃើញថា ឆ្នាំនេះជាឆ្នាំរោងទឹកធំ ប្រជាជន មិនហ៊ានប្រថុយក្នុងការ ធ្វើស្រែវស្សា។
ប៉ុន្តែ ជាមួយនេះដែរ កសិករខេត្តកំពង់ធំ បានយកចិត្តទុកដាក់ក្នុងការដាំដំណាំរួមផ្សំ ផ្សេងៗ រួមមាន ពោត ចំនួន ៦៤១ហិកតា ដំឡូងមីចំនួន ១៦.៨៥១ហិកតា ដំឡូងជ្វា ៤៥ហិកតា សណ្តែកបាយចំនួន ១.២៩៨ហិកតា ឪឡឹកចំនួន ៣១០ហិកតា បន្លែចំនួន ៣៨២ហិកតា និងដំណាំ ឧស្សាហកម្មរយៈពេលខ្លីមាន សណ្តែកដី ល្ង និងអំពៅចំនួន ១.០១៣ហិកតា។
គួររំលឹកថា នៅរដូវវស្សាឆ្នាំ ២០១១ កសិករខេត្តកំពង់ធំអនុវត្តធ្វើស្រែបានចំនួន ២២០.៧៣០ ហិកតា ហើយ ត្រូវខូចខាតដោយទឹកជំនន់អស់ចំនួន ៦៩.៣៩៨ហិកតា ស្តារឡើងវិញបានចំនួន ៥.១០៦ហិកតា នៅសល់ ផ្ទៃដីប្រមូលផលចំនួន ១៥៦.៤៦០ហិកតា នៅសល់បរិមាណផលមធ្យម ចំនួន ២.៣១០តោនក្នុងមួយហិកតា ទទួលបានបរិមាណផលចំនួន ៣១៦.៤២៣តោន៕
ដោយលោក ស៊ុម វណ្ណា
| Tweet |
|
|
|
|
|
|
|
|||||











