សម្តេចចៅហ្វាវាំងអញ្ជើញជាអធិបតីក្នុងព្រះរាជពិធី​បុណ្យ ច​ម្រើនព្រះជន្ម​សម្ដេច​ម៉ែនៅខេត្តកំពង់ឆ្នាំង

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១២–

នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១២ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អមដំណើរដោយ ឯក ឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួល បន្ទុកកិច្ចការ ទូទៅក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះ ជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ព្រះជន្មគម្រប់ ៧៦ យាងចូល ៧៧ ព្រះវស្សា ដែលពិធីនេះបានប្រារព្ធនៅទីរួមខេត្តកំពង់ឆ្នាំង ដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករ។

នៅក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៦ យាងចូល ៧៧ ព្រះវស្សារបស់សម្តេចម៉ែ នេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នកំពូលៗ របស់ជាតិក៏ដូចជាប្រធានស្ថាប័ននានា បានផ្ញើសារ និង លិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារអាទិ៍ថា ក្នុងទិវាដ៏ឧត្តុង្គឧត្តម និងមហាថ្លៃថ្លា នេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយរព្រះពរបវរមហាប្រសើរ និងសូមលើក ហត្ថទាំងទ្វេ បួង សួងគុណបុណ្យ ព្រះរតនត្រ័យកែវទាំងបីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំង ព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី យានីខ្មែរគ្រប់ព្រះអង្គ សូមជួយប្រោស ប្រសិទ្ធពរជ័យ សិរីមង្គល វិបុល សុខគ្រប់ប្រការ និងអភិបាលរក្សាសម្តេចព្រះមហាក្សត្រីយ៍ ព្រះ វររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និងព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ វររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមមានព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះកាយពលមាំមួនព្រះបញ្ញាញាណ ភ្លឺ ថ្លា ព្រះជន្មវស្សា យ៉ឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ នៃប្រជារាស្រ្តខ្មែរ ជាកូនចៅ ចៅទួត ជាដរាបរៀងរហូតទៅ។

នៅក្នុងពិធីនោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានប្រគេនបច្ច័យ និងបរិក្ខារប្រគេន ព្រះសង្ឃ ចំនួន ៩ អង្គ ដែលមានទេយ្យទាន ១ ព្រះ អង្គ ១ កញ្ចប់ ចង្ហាន់ ១ ស្រាក់ ផ្លែឈើ ១ កន្រ្តក បាយដាក់កាតូ បច្ច័យចំនួន ២០ ម៉ឺនរៀលសម្រាប់ព្រះមេគណខេត្ត និងបច្ច័យ ១០ ម៉ឺន រៀល សម្រាប់ព្រះសង្ឃ។ ក្រុមរបាំចំនួន ២៣ នាក់ ម្នាក់ៗទទួលបានសារុង ១ ថវិកា ២ ម៉ឺនរៀល ជនជាតិខ្មែរឥស្លាមចំនួន ២០ នាក់ ម្នាក់ៗ ទទួលបានសារុង ១ ថវិកា ២ម៉ឺនរៀល សមាជិកសូត្រកំណាព្យ ៤ នាក់ម្នាក់ៗទទួលបាន-អ្នកសូត្រកំណាព្យ ១០ ម៉ឺនរៀល អ្នកអម ២ នាក់ ម្នាក់ៗទទួលបាន ២ ម៉ឺនរៀល អ្នកភ្លេង ១ នាក់ទទួលបាន ៣ ម៉ឺន រៀល។យុវជនកាកបាទក្រហម និងកាយឬទ្ធិទទួលបាន ១ លានរៀល៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.