ឯកឧត្តម ចម ប្រសិទ្ធ ទទួលជួបពិភាក្សាការងារជាមួយទូតថ្មីអាមេរិក

AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១២–

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជារបស់ សហរដ្ឋអាមេរិក នាចុងសប្តាហ៍នេះនៅ ទីស្ដីការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍លើកឡើងថា កម្ពុជា និងសហរដ្ឋ អាមេរិក នឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត លើវិស័យនានាជាពិសេស លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគក្នុងក្របខ័ណ្ឌទ្វេភាគី។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹម៤ខែក្នុងឆ្នាំ២០១២នេះ កម្ពុជា បានធ្វើការនាំចេញទំនិញគ្រប់ប្រភេទ ទៅ កាន់ទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ប្រមាណ ៦៥២,៩៦ លានដុល្លារ ប្រហាក់ប្រហែលទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១១ ហើយការនាំចេញសំលៀកបំពាក់មានទឹកប្រាក់ប្រមាណ ៦៣៩,៥០ លានដុល្លារ បើប្រៀបធៀប ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១១ មានការកើនឡើងប្រមាណ២.៧លានដុល្លារ ស្មើនឹង០.៤៣ ភាគ រយ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដោយឡែកក្នុងក្របខ័ណ្ឌអាស៊ាន សហរដ្ឋអាមេរិក និងអាស៊ានកំពុងដើរលើផ្លូវនៃកិច្ចសហប្រតិបត្តិ ការកាន់តែល្អប្រសើរ ហើយក្នុងនាមជាប្រធាន អាស៊ាន ក្នុងឆ្នាំ២០១២នេះកម្ពុជា បានជំរុញយ៉ាងខ្លាំងក្នុងការទំនាក់ទំនងជាមួយ សហរដ្ឋ អាមេរិក ឲ្យក្លាយជាដៃគូពិភាក្សា និងពាណិជ្ជកម្មដ៏ទូលំទូលាយផងដែរ។

ជាមួយគ្នានេះដែរ លោក William E.todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ដែលបាន ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០១២ នេះ ហើយ លោកបានលើកឡើងថា ទាក់ទងនឹងកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានដែលនឹង ប្រា រព្ធធ្វើនៅរាជធានីភ្នំពេញ ក្នុងខែកក្កដាខាងមុខលោកជំទាវរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេ រិកនឹងអញ្ជើញមកចូលរួមជាដៃ គូពិភាក្សាដោយមានទាំងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ាន ប្រធានក្រុមហ៊ុនធំៗរបស់អាមេរិក មកចូលរួមក្នុងវេទិកាវិ ស័យឯកជនផងដែរ។

លោកឯកអគ្គរដ្ឋទូតក៏បានបន្តថា ដោយមើលឃើញពីភាពចាំបាច់ និងសារសំខាន់ក្នុង នាមជាប្រធានរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលមាន តួនាទីសំខាន់ក្នុងការពិភាក្សាក្នុងនាមរដ្ឋាភិបាល ជាមួយដៃគូឯកជនរបស់សហរដ្ឋអាមេរិកដោយតាមរយៈលទ្ធផល នឹងត្រូវដាក់ចូលក្នុង របាយកាណ៍ នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តធ្វើនៅចុងខែសីហា ឆ្នាំ ២០១២ គឺធ្វើស្របជាមួយនឹងកិច្ច ប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៤នៅខេត្តសៀមរាប៕ ដោយលោក អ៊ុន រិទ្ធី

    Download PDF

Comments are closed.