សម្តេចតេជោនាំសារស្តីពីសន្តិសុខស្បៀងទៅកាន់កិច្ចប្រជុំ G20
AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១២—
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយក នូវសារដ៏មានសារសំខាន់ ស្តីពីបញ្ហាសន្តិសុខស្បៀងទៅកាន់កិច្ចប្រជុំ នៃបណ្តា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសា ភិបាលធនាគារកណ្តាល (G20-Group of Twenty) ក្រៅពីការបង្ហាញពីជំហររបស់អាស៊ាននៅក្នុងបញ្ហា អន្តរជាតិធំៗនោះ។
នៅមុនការចេញដំណើរទៅកាន់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ១៦ ខែមិថុនា របស់គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G20 តាមការអញ្ជើញរបស់ឯកឧត្តមហ្វីលីព កាល់ដឺរូន ហីណូហ្ចូ សា ប្រធានាធិបតីនៃសហរដ្ឋម៉ិកស៊ិក លោកស្រ៊ី ថាមរុង្គ ថ្លែងថា យើងបានផ្ញើរួមហើយនូវឯកសារគោលជំហររបស់អាស៊ាន ដែលបាន ប្រមូល សមាជិកអាស៊ានទាំងអស់បញ្ជូនទៅ G20 ដើម្បីឲ្យបានដឹងអំពីគោលជំហររបស់អាស៊ាននោះ។
លោក រដ្ឋមន្រ្តីប្រតិភូថ្លែងថា បញ្ហាស្បៀង និងបញ្ហាថាមពលជាបញ្ហាដែលត្រូវដោះស្រាយ ព្រោះកាលណា ថ្លៃប្រេងកើនឡើង វាប៉ះ ពាល់ដល់ការដឹកជញ្ជូន តម្លៃស្បៀង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសដែលមាន ចំណូលទាប និងដែលមានបៀរវត្សទាប។ G20 គឺជា វេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ G20រួមមានសមាជិកចំនួន ១៩ ប្រទេស និងសហភាពអឺរ៉ុប (២៧ប្រទេស) រួមគ្នាទាំងអស់ ក្រុមនេះតំណាងឲ្យប្រមាណ ៩០%នៃ GDP(Global GDP)៨០%នៃពាណិជ្ជកម្មពិភព លោក និង២ភាគ៣ នៃប្រជាជនពិភពលោក។ គោលបំណងរបស់ G20 គឺទី១-ការសម្របសម្រួលគោលនយោបាយរវាងសមាជិករបស់ ខ្លួន ដើម្បីសម្រេចបាននូវស្ថិរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ទី២-លើក កម្ពស់ច្បាប់ហិរញ្ញវត្ថុ ដែលនឹងជួយកាត់ បន្ថយហានិភ័យ និងការពារកុំឲ្យកើតមានវិបត្តិហិរញ្ញវត្ថុ និងទី ៣-គឺបង្កើតរចនាសម័្ពន្ធ និងទំនាក់ទំនងហិរញ្ញវត្ថុអន្តរជាតិថ្មីមួយ។
សមាជិក G20 មាន ១៩ ប្រទេស និងសហភាពអឺរ៉ុប។ សមាជិក G20 រួមមាន១-អាហ្សង់ទីន២- អូស្រ្តាលី ៣-ប្រេស៊ីល ៤-កាណាដា ៥-ចិន ៦-ឥណ្ឌា ៧-ឥណ្ឌូណេស៊ី ៨-អ៊ីតាលី ៩-បារាំង ១០- អាល្លឺម៉ង់ ១១-ជប៉ុន ១២-ម៉ិកស៊ិក ១៣-សាធារណរដ្ឋកូរ៉េ ១៤-រុស្ស៊ី ១៥-អារ៉ាប៊ី សាអូឌីត ១៦-អាហ្រ្វិកខាងត្បូង ១៧-តួកគី ១៨-អង់គ្លេស ១៩-អាមេរិក និង២០-សហភាពអឺរ៉ុប ដែលមាន២៧ប្រទេស។ ប្រទេសអ្នក រៀបចំ កិច្ចប្រជុំ ឆ្នាំ ២០០០-២០០១ ប្រទេសកាណាដា។ ២០០២ ឥណ្ឌា ២០០៣ ម៉ិកស៊ិក ២០០៤ អាល្លឺម៉ង់ ២០០៥-២០០៦ អូស្រ្តាលី ២០០៧ អាហ្រ្វិកខាងត្បូង ២០០៨ ប្រេស៊ីល។
យោងតាមលោក ស្រ៊ី ថាមរុង្គ ឲ្យដឹងថា នៅថ្ងៃត្រង់ ថ្ងៃទី ១៧ ខែមិថុនា សម្តេចនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រធានាធិបតី នៃប្រទេសម៉ិកស៊ិក នៅពេលរាត្រីអញ្ជើញចូលរួម ក្នុងពិធីជប់លៀងអបអរសាទរកិច្ចប្រជុំកំពូល B20 (BUSINESS20)។ ពេលព្រឹកថ្ងៃទី ១៨ ខែមិថុនា សម្តេច តេជោនាយករដ្ឋមន្រ្តីនឹងចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី ១ នៃ G20 បន្ទាប់មកនឹងចូល រួមក្នុង ពិធី ពិសារអាហារការងារ។ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា សម្តេចតេជោនឹងចូលរួមពិសារអាហារការងារ បន្ទាប់មកអញ្ជើញចូលរួម ក្នុងសម័យប្រជុំពេញអង្គលើកទី ២ និងលើកទី ៣ និងពិសារអាហារថ្ងៃត្រង់ ការងារ និងពិធីបិទ និងការអនុម័តលើសេចក្តីថ្លែងការណ៍ ទី ក្រុងឡូសកាបូស និងមានសន្និសីទសារ ព័ត៌មាន ដែលធ្វើឡើងដោយឯកឧត្តមប្រធានាធិបតីម៉ិកស៊ិក។
សម្តេចតេជោនឹងថ្លែងសុន្ទរកថា ក្នុងនាម ជាប្រធានអាស៊ាននៅគ្រប់សម័យប្រជុំពេញអង្គនៃប្រទេស G20 នោះ ដោយពាក់ព័ន្ធពីជំហរ របស់ អាស៊ានចំពោះប្រធានបទនានាដែលកិច្ចប្រជុំកំពូលបានលើកឡើង។ ប្រធានបទដែលកិច្ចប្រជុំ G20 នឹងលើកឡើងនោះមាន ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចពិភពលោក ដើម្បីធ្វើយ៉ាងណាឲ្យកំណើនសេដ្ឋកិច្ចមានភាពខ្លាំង មាននិរន្តរភាព និងមានតុល្យភាព មានការ ពិភាក្សាលើផែនការសកម្មភាពរបស់សេចក្តីថ្លែងការណ៍របស់ទីក្រុងឡូសកាបូស សម្រាប់កំណើន និង ការងារពិនិត្យ និងវាយតម្លៃ ទៅ លើការអនុវត្ត ការប្តេជ្ញាខាងនយោបាយនាពេលកន្លងមក ហើយក៏នឹង ពិនិត្យមើលរបៀបវារៈសម្រាប់ G20 ទៅអនាគត ការពង្រឹង G20 និងការពង្រីកការសន្ទនាជាមួយដៃគូ ដទៃទៀត ដើម្បីរួមគ្នាដោះស្រាយ ជាពិសេស គឺបញ្ហាចលាចលនៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នដែលជាកង្វល់ធំនោះ។
G20 នឹងពិភាក្សាផងដែរ អំពីការពង្រឹងនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធហិរញ្ញវត្ថុ និងការជំរុញហិរញ្ញវត្ថុសម្រាប់ទាំងអស់គ្នាពង្រឹង ធនធាន ហិរញ្ញវត្ថុក្នុងពិភពលោក ពង្រឹងអភិបាលកិច្ច ព្រោះថា បញ្ហាហិរញ្ញវត្ថុជាបញ្ហាសំខាន់បញ្ហាតម្លាភាពការប្រឆាំងអំពើពុករលួយ ព្រោះបញ្ហានេះវាធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដែលក្នុងចំណោមប្រទេស G20 នេះក៏មានបញ្ហាពុករលួយដែរ។
បញ្ហាអភិវឌ្ឍកំណើនបៃតងក៏ជាប្រធានបទដែលនឹងត្រូវ លើកយក មកពិភាក្សាផងដែរ។ សមាជិកភាពៈ G20ដែលចូលរួមពីបណ្តាប្រ ទេសសេដ្ឋកិច្ចកំពុងលូតលាស់ និង សេដ្ឋកិច្ចលូតលាស់ បានឆ្លុះបញ្ចាំងឲ្យឃើញពីនិន្នាការបច្ចុប្បន្នពីរ ដែលកំពុងធ្វើសមាហរណកម្មទំ នាក់ទំនងអន្តរជាតិ ១-បង្កើនឥទ្ធិពលសេដ្ឋកិច្ចកំពុងលូតលាស់ទៅលើបញ្ហានយោបាយ និងសេដ្ឋកិច្ច និង ទី២-ត្រូវការស្វែងរកទម្រង់ កែលម្អមួយ នៃការសហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗរបស់ ពិភពលោក៕ ដោយលោក ជ័យ ភូមិពល
| Tweet |
|
|
|
|
|
|
|
|||||











