ប្រជាពលរដ្ឋទាមទារឲ្យមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តបទល្មើសនេសាទ

AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១២–

ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទស្រុកសម្បូរ ខេត្តក្រចេះ នៅក្នុងវេទិការសាធារណៈមួយ ដែលធ្វើឡើងនៅចំណុចបឹងទំនប់ប៉ាក់ ស្ថិតក្នុងភូមិ កែងប្រសាទ ឃុំសំបូរ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១២ បានធ្វើសំណូមពរ និងទាមទារឱ្យ មានការរឹតបន្តឹង និង ដាក់ ទោសទណ្ឌធ្ងន់ធ្ងរដល់ អ្នកប្រព្រឹត្ត បទល្មើសនេសាទ។

នៅក្នុងអង្គវេទិការសាធារណៈនោះ គេឃើញមានការចូលរួមពី លោក  ហេង សុថា  អភិបាល នៃគណៈអភិបាលស្រុក សម្បូរ  លោក  សុខ ឡុង  អនុប្រធាននាយកដ្ឋាន ផែនការ និង ហិរញ្ញវត្ថុ រដ្ឋបាលជលផល  លោក សៀន  គិន  នាយខណ្ឌរដ្ឋបាលជលផលក្រចេះ  មន្ត្រីជល ផល រួមនិង ប្រជាពលរដ្ឋប្រមាណជិត ១០០ នាក់ ចូលរួម ។

ក្រោយពីការស្តាប់ ការមានប្រសាសន៍របស់លោកអភិបាលស្រុក និង លោកនាយខណ្ឌរដ្ឋបាលជលផលរួចមកប្រជាពលរដ្ឋនៅក្នុង សហ គមន៍បាននាំគ្នា លើកយកបញ្ហាដែលកន្លងធ្លាប់ តែលាក់លៀមនៅ ក្នុងចិត្តមកបង្ហាញជាសាធារណៈ ដើម្បីឱ្យជំនាញរដ្ឋបាលជលផល និង សមត្ថកិច្ច ពិសេសរាជរដ្ឋាភិបាលត្រូវតែរឹតបន្តឹង និងដាក់ទោសទណ្ឌ ឬញក៏ពិន័យឱ្យធ្ងន់ធ្ងរដល់អ្នក ប្រព្រឹត្តបទល្មើស នេសាទគ្រប់ប្រ ភេទ។

លោក   សៀន  គិន   នាយខណ្ឌរដ្ឋបាលជលផលក្រចេះ  បានមានប្រសាសន៍  ឆ្លើយតបទៅនឹង សំណួរយ៉ាងច្រើន ពីប្រជាសហគមន៍ ដោយបញ្ជាក់ថា អ្នកប្រព្រឹត្តបទល្មើសត្រូវតែទទួលទោសតាម បទល្មើសជាក់ស្តែង ដោយមិនមានការលើកលែងឡើយ។

លោកនាយខណ្ឌក៏បានលើកឡើងផងដែរ អំពីសកម្មភាព នៃការបង្ក្រាបបទល្មើសនេសាទ ពិសេសបទល្មើសនេសាទ ដោយប្រើឧបករណ៍ ឆក់ត្រី  ឧបករណ៍ ស្បៃមុង  និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀតបានយ៉ាងច្រើន ដោយមានកិច្ចសហការ និង ការចូលរួមពីគ្រប់សមត្ថកិច្ច ពាក់ព័ន្ធ ដូចជាកម្លាំងប្រដាប់អាវុធ  ពិសេសគឺកម្លាំងប្រជាពលរដ្ឋនៅតាម សហគមន៍នេសាទ ទាំង៥៦ សហគមន៍នៅទូទាំងខេត្តក្រចេះ ។

លោក  សៀន គិន  ក៏បានលើកមក បង្ហាញផងដែរថា រយៈពេល ៣ឆ្នាំចុងក្រោយ នេះខណ្ឌរដ្ឋបានជលផល  បានធ្វើការបង្ក្រាបបទល្មើស នេសាទជាច្រើនករណី ព្រមទាំងចាប់ខ្លួនអ្នកឆក់ត្រីបានជាង ៣០នាក់ បញ្ជូនទៅសាលាដំបូងទៀតផង៕    ដោយលោក ជួន សុជាតិ

    Download PDF

Comments are closed.