រដ្ឋមន្ត្រីកសិកម្មផ្តល់អនុសាសន៍៧ចំណុចដល់ភាគីពាក់ព័ន្ធ សម្រាប់បន្តការអភិវឌ្ឍវិស័យស្រូវអង្ករ

AKP ភ្នំពេញថ្ងៃទី ៣០ មេសា ២០១២–

ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍៧ចំណុចដល់​ភាគីពាព័ន្ធ ជាពិសេសបណ្តា ខេត្ត ក្រុងទាំង២៤ ​ត្រូវ​បន្តការអភិវឌ្ឍវិស័យ​ស្រូវអង្ករ​ឲ្យទទួល​បាន​​ជោគជ័យ​ថ្មីៗថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍នេះ នៅក្នុងឱកាសបើកវេទិកាស្រាវជ្រាវអំពីស្រូវ អង្ករ​​​នៅកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រ និងផ្តួច ផ្តើមរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ​ដំណាំ​ស្រូវ​​​​អន្តរជាតិ អ៊ីរី នៅសណ្ឋាគារ ភ្នំពេញ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១២ សំដៅ​បង្កើត​កម្ម​វិធី​ពិភាក្សារវាងអ្នក វិទ្យាសាស្ត្រ អ៊ីរីជាមួយអ្នកវិទ្យាសាស្ត្រជាតិ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគី​ពាក់​ព័ន្ធ​ក្នុងវិ ស័យស្រាវជ្រាវ និង អភិវឌ្ឍន៍ផលិតកម្មស្រូវអង្ករក្នុងប្រទេសកម្ពុជា កំណត់​ឲ្យ​បាន​នូវបញ្ហាប្រឈមសំខាន់ៗ និងដំណោះស្រាយ រួម ដើម្បីពន្លឿនការអភិវឌ្ឍវិស័យនេះ​ឲ្យកាន់​តែល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទី១. ការស្រាវជ្រាវ និងការអភិវឌ្ឍ​ជាកត្តា​កំណត់​នូវ​កំណើន មានការ ស្រាវជ្រាវ គឺមានការអភិវឌ្ឍ​ បើ គ្មានការស្រាវជ្រាវ​ក៏គ្មាន​ការ​អភិវឌ្ឍ​ដែរ ដូចនេះចាំបាច់ត្រូវជំរុញការស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យាកសិកម្មថ្មីៗ​ជឿន​លឿន មាន​លក្ខ​ណៈ​​សមស្របសម្រាប់លក្ខខណ្ឌប្រទេស អ្នកវិនិយោគ កសិកម្ម និងកសិករកម្ពុជា ជាពិសេស​ក្នុង​បរិបទនៃការធានានូវសន្តិសុខស្បៀង និង ការប្រកួតប្រជែងស្រូវ អង្ករ ក្រោមឥទ្ធិពល​នៃ​ការ​ប្រែប្រួលអាកាសធាតុក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ការស្រាវជ្រាវទាំងនេះ ត្រូវ​ផ្តោត​ឲ្យបានខ្លាំងទៅលើប្រធានបទសំខាន់ៗមានដូចជា (ក).បង្កើនពូជស្រូវដែលមានលក្ខណធន់​ទ្រាំ​នឹង ទឹកជំនន់ ភាពរាំងស្ងួត ជាតិ ប្រៃ កំដៅ​សត្វល្អិតនិងជំងឺ មានគុណភាពអង្ករខ្ពស់មាន​អាយុ​កាលខ្លីជាង ១០០ថ្ងៃ និងមានសមត្ថភាព​ប្រើប្រាស់ទឹកនិងសារធាតុចញ្ចឹម ប្រកបដោយ​ប្រសិទ្ធភាព​ស្របទៅតាមក្សេត្រ​បរិស្ថាន​នីមួយៗ។​ (ខ).ការគ្រប់​គ្រង​​ជីជាតិដី និងសារ​ជាតិ​ចញ្ចឹម​របស់ដំណាំប្រកបដោយ និរន្តរភាព សម្រាប់ ប្រព័ន្ធក្សេត្រ​បរិស្ថានដំណាំស្រូវដែលមាន​សក្តា​នុពលជីជាតិដីប្រភេទពូជនិង របបទឹកខុសៗគ្នាដោយធ្វើយ៉ាងណា ឲ្យដី​មាន​គុណ​ភាព​ល្អ ហើយត្រូវឲ្យមានតុល្យភាពរវាងការផ្គត់ផ្គង់សារធាតុចិញ្ចឹម និងតម្រូវ ការ របស់ដំណាំ។

ឯកឧត្តម​រដ្ឋមន្ត្រីបន្តថា ក្នុងបរិបទនៃប្រទេសកម្ពុជា យើងគួរពិចារណាផងដែរអំពីកត្តាដែល​បណ្តាល​​ឲ្យមានឱនភាពដី វិធានការកែលម្អ ការអភិរក្សគ្រប់គ្រង និង​ការប្រើប្រាស់ដី​ឲ្យ​បាន​សមស្របតាម បទដ្ឋានបច្ចេកទេស ដូចជា ការកំណត់​អត្ត​សញ្ញា​ណ​កម្មដី និងចំណាត់ ថ្នាក់​ដី​កសិកម្មឲ្យសម ស្របតាម មុខដំណាំ ការរៀបចំដី និងការគ្រប់គ្រង ទឹកក្នុងស្រែជាដើម។ (គ). សិក្សាវាយតម្លៃ និងកែលម្អគ្រឿង យន្តនិងឧបករណ៍ដាំដុះតាមបែបប្រពៃណី ទៅរក​ការ​ធ្វើ​យន្តូ​បនីយកម្មផលិតកម្មដំណាំស្រូវដែលជាកត្តាចម្បង សម្រាប់ដោះស្រាយ បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម ព្រមទាំងកាត់បន្ថយការបាត់បង់ និងបង្កើនគុណភាព អង្ករដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ។

ទី២.ត្រូវជំរុញការផ្សព្វ ផ្សាយឲ្យ បានទទួលំទូលាយ តាមរយៈការបោះ ពុម្ពផ្សាយ​ឯក​សារគ្រប់ប្រភេទ ការផលិតភាពយន្តឯកសារ និង ការអប់រំបំពាក់បំប៉ន ។ ​ក្នុងន័យ នេះ គ្រប់​អង្គ​ភាព​ជំនាញទាំងអស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការគ្នាឲ្យ បាន​ ជិត​​ស្និទ្ធ ចាប់ពី ថ្នាក់ជាតិ​ដល់ ថ្នាក់ក្រោមជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។​ជា​មួយ​នេះ​ដែរ ត្រូវពង្រីកសកម្មភាព បណ្តុះបណ្តាលបច្ចេក ទេសដល់ កសិករ តាមគ្រប់រូបភាព ជា​ពិ​សេស​​សាលារៀនស្រែកសិករប្រពលវប្បកម្ម ដំណាំស្រូវ និងវិធានការ ចម្រុះគ្រប់គ្រងដំណាំ ដើម្បី​ទទួលបានចំ ណេះដឹងជំនាញ និងការអនុវត្តក្នុង ផលិតកម្ម ដំណាំស្រូវ។ ​ទី៣.ត្រូវជំរុញ​ការ​លើក​កម្ពស់​ការ យល់ដឹងអំពី ពូជស្រូវសំ ខាន់ៗទាំង១០ពូជ ដែលរាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​ប្រើប្រាស់ដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញ អង្ករ តាមរយៈការ បើកវគ្គបំប៉នផ្សព្វផ្សាយ​ជូនដល់គ្រប់អ្នកពាក់ព័ន្ធ មានផ្សព្វផ្សាយបច្ចេកទេសកសិកម្មភ្នាក់ងារអង្គការក្រៅរដ្ឋាភិ បាល អ្នកប្រមូលទិញស្រូវរោងម៉ាស៊ីនកិន ស្រូវរហូតដល់កសិករ។ ជាមួយនេះ ត្រូវបង្កើតប្រព័ន្ធ ផលិតកម្មគ្រាប់ពូជ ស្រូវឲ្យបាន ច្បាស់លាស់ដើម្បីធានាថា អ្នកអនុវត្តផលិតកម្ម ជាពិសេស​កសិករ​ទទួល បាននូវគ្រាប់ពូជស្រូវដែលមានគុណភាពល្អ។

ទី៤. ត្រូវកំណត់ឲ្យបាន​ច្បាស់​លាស់​នូវប្រព័ន្ធក្សេត្របរិស្ថាន ដំណាំស្រូវ ដែលមាននៅក្នុងខេត្តរបស់ខ្លួន រួចបញ្ជ្រាបចូល​ក្នុង​ផែន​ការអភិវឌ្ឍឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត ក្រុង ជាមួយនឹងការ ជំរុញការដាំដុះពូជ​ស្រូវ​ទាំង​១០ឲ្យបានខ្លាំងក្លា​ ដោយបំផុសកសិករ និងអ្នក ដាំដុះទាំងឡាយឲ្យអនុវត្តតាមបទដ្ឋាន​បច្ចេក​ទេស។

ជាការចាំបាច់ត្រូវរៀបចំឡើងវិញនូវផែនទីដំណាំស្រូវ ដើម្បីបង្ហាញឲ្យបានច្បាស់​លាស់អំពីតំបន់ ដាំដុះស្រូវតាមរដូវនីមួយៗ ប្រភេទដី និងតំបន់មានប្រព័ន្ធស្រោច ស្រព សំដៅ​កំណត់ប្រតិទិនដាំដុះឲ្យបាន ត្រឹមត្រូវ និងការបញ្ចូលបច្ចេកវិទ្យាចំទិសដៅទៅតាមលក្ខណៈដី និង​ស្ថានភាពទីតាំងភូមិសាស្ត្រ ។​ ទី៥.ត្រូវ ជំរុញការសិក្សាតាមដានខ្សែសង្វាក់ផលិតកម្មស្រូវ​តាំងពីកន្លែង ដាំដុះរហូតដល់រោងម៉ាស៊ីន កិនស្រូវវេចខ្ចប់ដើម្បីប្រមូលព័ត៌មានសំខាន់ៗ ឬ​ប្រតិ​កម្ម​នានាដែលអាចកើតមាន ជាយថាហេតុ ពាក់ព័ន្ធនឹងផលិតកម្មស្រូវ ចាប់ពី ពេលមុន​ និង​ក្រោយ​ពេលប្រមូលផលដោយលៃលក យ៉ាងណា ដើម្បីចាត់វិធានការឆ្លើយតប ឬដោះ​ស្រាយ​ឲ្យ​បានទាន់ពេលវេលា ។

ទន្ទឹមនឹងនេះត្រូវ បន្តបំផុសយ៉ាងសកម្ម ដល់កសិករឲ្យប្តូរ​នូវទស្សន​ពី​ការដាំស្រូវសម្រាប់តែចិញ្ចឹមឆ្នាំង មករកការដាំស្រូវជាលក្ខណពា ណិជ្ជកម្មវិញ ។ ទី៦.ដើម្បី​សម្រេចបាននូវគោលដៅខាងលើនេះ ការពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការ​ជា​មួយ​ដៃគូ​អភិវឌ្ឍន៍ស្ថា ប័នពាក់ព័ន្ធ គ្រឹះស្ថានបណ្តុះបណ្តាលកសិកម្ម និងអង្គការអន្តរ ជាតិនានា​ឲ្យកាន់​តែ​ជិតស្និទ្ធថែមទៀតជាការចាំបាច់បំផុត ដើម្បីសំដៅ ជំរុញការស្រាវជ្រាវអភិវឌ្ឍន៍ និងអនុវត្ត​បច្ចេក​ទេសផលិតកម្មដំណាំស្រូវប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រេចឲ្យបាននូវគោល​នយោបាយ ជំរុញផលិតស្រូវ​ និងការនាំចេញអង្កររបស់រាជរដ្ឋាភិបាល ក៏ដូចជាលើកកំពស់​ជីវភាព​រស់នៅរបស់ប្រជា កសិករ និងកំ ណើនសេដ្ឋកិច្ចជាតិ ។ និងទី៧. ដើម្បី​ជំរុញការ​ស្រាវ​ជ្រាវ​នានាឲ្យកាន់តែមានប្រសិទ្ធភាព។ ​ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មក៏បានសុំ​ឲ្យវិទ្យាស្ថាន​ស្រាវ​​ជ្រាវ​​ដំណាំស្រូវអន្តរជាតិអ៊ីរីបង្កើននូវ ការងារ​ស្រាវជ្រាវបន្ថែមទៀត សំដៅអភិវឌ្ឍន៍មូលដ្ឋាន​ចំណេះ​ដឹងថ្មីៗ​សម្រាប់ ជួយគាំទ្រ​ដល់​ស្ថាប័នស្រាវ ជ្រាវ ជាតិនានា និងគាំទ្រដល់ការងារ​ស្រាវ​ជ្រាវ​បង្កើនផលិតភាពដំណាំស្រូវ និង​ប្រព័ន្ធកសិកម្មដែលមាន ដំណាំស្រូវជាមូលដ្ឋាន​បន្ត​ទៀត៕ ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.