លោកឧកញ៉ា សុខ សុខា ប្រគេន បច្ច័យនិងស៊ីម៉ង់ ១០តោន ដល់សម្តេចសង្ឃនាយកនន្ទ ង៉ែត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២—-

សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា កាលពី ថ្ងៃទី២៧​ខែមេសា​ ឆ្នាំ២០១២ បានយាងនិមន្តជាព្រះអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​ ក្នុងពិធីរាប់បាត្រព្រះសង្ឃ ចំនួន៦០៥អង្គ នៅគេហដ្ឋានលោក ឧកញ៉ា សុខ សុខា និងលោកស្រី ចាន់ លាង ស្ថិតនៅក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលដល់លោកព្រឹទ្ធាចារ្យ ចាន់ វ៉ា ដែលទើប​នឹង​ទទួល​មរណភាព កាលពីថ្ងៃទី​ ២១ខែមេសា​ ឆ្នាំ២០១២មកនេះក្នុងជន្មាយុ ៨៣ឆ្នាំដោយ​ជរា​ពាធ។

ពិធីរាប់បាត្រព្រះសង្ឃ៦០៥អង្គនេះ​ មានព្រះសង្ឃនិមន្តមកពីវត្ត​សុវណ្ណបុទុមចំនួន ៩០អង្គ និមន្ត មកពីវត្ត វេឡវ័នចំនួន៤០អង្គ មកពីវត្ត​សំពៅ​មាស​​ចំនួន៥០អង្គ មកពីវត្តនិរោធនវ័នគល់ទទឹងចំនួន១០០ អង្គ មកពីវត្ត​ចាស់​ជ្រោយ​ចង្វា​ ចំនួន៦៥អង្គ មកពីវត្តបទុមសាគរជ្រោយចង្វា ចំនួន២០អង្គ មកពីវត្តសូរិ យាពោធិ​មាស​ក្តីចាស់​​ ចំនួន​​១៥អង្គ មកពីវត្តនិរោធរង្សី ចំនួន១២០អង្គ មកពីវត្តអាស្រមជ្រុង​ក្រពើ ​ចំនួន ៥អង្គ និងមកពីវត្ត បទុមតី ចំនួន១០០អង្គ ដោយមួយអង្គៗ ទទួលបានថវិកា ចំនួន​១៣ដុល្លារអាមេរិក និង ទេយ្យទានមួយចំនួន ទៀត មាន ចង្ហាន់​បាយ​ សម្ល នំចំណី ផ្លែ​ឈើ ទឹកក្រូច ទឹកបរិសុទ្ធ មីកញ្ចប់ជាដើម។

បន្ទាប់ពិធីសូត្រមន្ត នមស្សកា សមាទានសីល​ ប្រគេនយាគូរ​ រាប់បាត្រ​ព្រះសង្ឃ​​​៦០៥អង្គ​ និង ប្រគេនចង្ហាន់ ព្រះសង្ឃឧទ្ទិសបុណ្យកុសលរួចមក លោក ឧកញ៉ា សុខ សុខា និងលោកស្រី ចាន់ លាង ព្រមទាំងកូនចៅ និងគ្រួសារក៏បាន​ប្រគេនថវិកា ចំនួន​៣០០ដុល្លារអាមេរិក និងស៊ីម៉ង់ ចំនួន១០តោន ដល់ សម្តេច​ព្រះ​សុមេ​ធា​​ធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្រាប​ជាប្រ យោជន៍ដល់ការកសាងវត្ត​អារាម នៅស្រុកកំណើតរបស់ព្រះអង្គផងដែរ។

សូមឲ្យកុសលផលបុណ្យនេះកើតមានដល់លោកព្រឹទ្ធាចារ្យ ចាន់ វ៉ា ដែល​ទទួលមរណភាពទៅ និងសូមឲ្យ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយលោក ប៉ាល់ សុង

    Download PDF

Comments are closed.