កម្ពុជាដែលជាប្រធានអាស៊ាន ចាប់ផ្តើមការងារ ជាអ្នកសង្កេតការណ៍បោះឆ្នោតនៅភូមា
AKP ភ្នំពេញថ្ងៃទី ៣១ មីនា ២០១២—
ភ្នាក់ងារព័ត៌មាន នៃក្រុមអ្នកសង្កេតការណ៍កម្ពុជាសំរាប់ការបោះឆ្នោតនៅភូមា បានឲ្យដឹងថា គណៈប្រតិភូ១ក្រុមរបស់ប្រធានអាស៊ាន (សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន) ដឹកនាំ ដោយឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានចាប់ផ្តើមការងារជា អ្នកសង្កេតការណ៍បោះឆ្នោតជាលើកដំបូងនៅលើទឹដីភូមា តបតាមការស្នើសុំពិសេសរបស់ប្រធានាធិបតី ថេន សេន។
នៅក្នុងទីក្រុង រ៉ង់ហ្គោន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ ប្រធានក្រុមសង្កេតការណ៍ បោះឆ្នោតរបស់ប្រធានអាស៊ាន ឯកឧត្តម ឈាង វុន បានជួបពិភាក្សាជាមួយអ្នកតំណាងក្រុមការងារសង្កេតការណ៍ នៃប្រទេសជាសមាជិកអាស៊ាន ក្នុងនោះក៏មាន គណៈប្រតិភូសង្កេតការណ៍របស់អគ្គលេខាធិការដ្ឋានអាស៊ាន អញ្ជើញមកពីទីក្រុងហ្សាការតាចូលរួមផងដែរ។
កិច្ចប្រជុំបានធ្វើការវាយតម្លៃជាបឋមដោយសុទិដ្ឋិនិយមអំពីស្ថានការណ៍ទូទៅនៅក្នុង ប្រទេសភូមាថា បើតាមការពិនិត្យជាក់ស្តែង ក៏ដូចជាការស្ទាបស្ទង់មតិយោបល់ពីសំណាក់សមាជិកគណៈប្រតិភូសង្កេតការណ៍របស់អាស៊ាន ក៏ដូចជាមន្ត្រីរៀបចំការបោះឆ្នោតរបស់ភូមា និងគណៈប្រតិភូមកពីប្រទេសផ្សេងៗ ជាពិសេសមកពីប្រទេសសហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ចិន និងកាណាដា។ល។ ឯកឧត្តម ឈាង វុន យល់ឃើញថា យោងតាមសភាពការណ៍នៃយុទ្ធនាការឃោសនាបោះឆ្នោត និងតាមការធានា សន្យារបស់រដ្ឋា ភិបាលភូមា ការបោះឆ្នោតនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១២ ខាងមុខនឹងប្រព្រឹត្តទៅមានលក្ខណៈ ល្អប្រសើរ ហើយថាប្រទេសភូមា បាននិងកំពុងដើរលើផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពិត
ប្រាកដ។
ឯកឧត្តម ឈាង វុន បានបន្ថែមថា វត្តមាននៃការចូលរួមជាសាក្សីរបស់អ្នកសង្កេតការណ៍អាស៊ាន ២ថ្ងៃ មុននឹងបញ្ចប់យុទ្ធនាការឃោសនា និងឈានទៅរកការបោះឆ្នោតនាពេល ខាងមុខនេះ គឺជាការបង្ហាញនូវស្មារតីទទួលខុសត្រូវក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន ក្នុងចំណោមអ្នកសង្កេតការណ៍អន្តរជាតិនានាជាច្រើនទៀត។ ឯកឧត្តម ឈាង វុន បានកត់សម្គាល់ឃើញថា ដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតហូតមកដល់ថ្ងៃចុងក្រោយនេះ មានភាពរលូន ជាវិជ្ជមានគួរឱ្យកត់សម្គាល់ ។
គណៈប្រតិភូសង្កេតការណ៍អាស៊ាន បានបង្ហាញនូវការចង់ឃើញប្រទេសភូមា រួចផុតពីការហ៊ុំព័ទ្ធទណ្ឌកម្មសេដ្ឋកិច្ច ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរធ្វើឱ្យប្រជាពលរដ្ឋភូមារងទុក្ខវេទនា ខ្វះខាត គ្រប់យ៉ាង ដែលប្រជាពលរដ្ឋកម្ពុជាក៏ធ្លាប់បានឆ្លងកាត់ និងរងគ្រោះដូចគ្នានេះដែរ។ ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តម ឈាង វុន ក៏បានជួបរដ្ឋមន្ត្រីការបរទេសសហភាពមីយ៉ាន់មា ឯកឧត្តម អ៊ូ វណ្ណា មោងល្វីន ( H.E. U Wanna Maung Lwin) ដើម្បីពិភាក្សាការងារផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពីគ្រប់តំបន់ដែលបានមកសង្កេតការណ៍បោះឆ្នោតនៅទីនេះ គឺជាការបំពេញគោលបំណងរបស់សហភាពមីយ៉ាន់មា ដែលទទូចចង់បានការធ្វើកំណែទម្រង់មួយឆ្ពោះទៅរកការប្រកាន់យកលទ្ធិប្រជាធិប តេយ្យដ៏ពេញលេញនាពេលអនាគត។ នេះក៏ជាលើកទីមួយផងដែរនៃការបើកសិទ្ធិសេរីភាពយ៉ាងទូលាយរបស់ប្រទេសភូមា ដែលប្រធានាធិបតី ថេន សេន ប្តេជ្ញាចិត្តក្នុងការធានាដល់ការរៀបចំបោះឆ្នោតនេះឱ្យប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយតម្លាភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស សហភាពមីយ៉ានមា ក៏បានបង្ហាញពីរបៀបរបបរបស់អ្នកសង្កេតការណ៍ ដោយបញ្ជាក់ថា អ្នកសង្កេតការណ៍ទាំងអស់ត្រូវបានអនុញ្ញាតឱ្យទៅអង្កេត ពិនិត្យផ្ទាល់ក្នុងការិយាល័យ បោះឆ្នោត អាចជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្ត្រីទទួលបន្ទុកការងារបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ ក៏ដូចជាអាចជួបជាមួយបេក្ខជន និងភ្នាក់ងាររបស់គណបក្សនយោបាយនានាដែលបានចូលរួមការបោះឆ្នោតទាំង១៧គណបក្ស និងថែមទាំងបានចែកចាយ សៀវភៅណែនាំស្តីពីការបោះឆ្នោតដល់សមាជិកគណៈប្រតិភូទាំងអស់ក្នុងឱកាសនោះផងដែរ។ នេះគឺជាលើកដំបូងនៃការបើកទំព័រប្រវត្តិសាស្ត្រនៅក្នុងដំណើរការបោះឆ្នោតបំពេញបន្ថែមលើកទី២នៅក្នុងប្រទេសភូមា ដោយមានការចូលរួមពីតំណាងសហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក ជាពិសេស វត្តមាន របស់អាស៊ាន ជាអ្នកសង្កេតការណ៍ ក្រោមការប្តេជ្ញាចិត្តដ៏មោះមុតរបស់មេដឹកនាំភូមា ដែលចង់បង្ហាញពិភពលោកថា ភូមានឹងធ្វើការកែទម្រង់របបនយោបាយពិតប្រាកដ។
ការបោះឆ្នោតបំពេញបន្ថែមលើកទី២នេះ គឺជាដំណើរឆ្ពោះទៅមុខ ដើម្បីសំរេចផែនទីបង្ហាញផ្លូវត្រង់ចំនុចទី ៧ របស់ខ្លួន គឺការកសាងរដ្ឋលើគន្លងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ពិតប្រាកដ។ ការដណ្តើមអាសនៈចំនួន៤៥ ដែលនៅទំនេរ នៃចំនួនអាសនៈសរុបទាំងអស់ជិត៦០០ គឺជាការចាប់ផ្តើមប្រកួតប្រជែងមួយនៅលើទីលានប្រជាធិបតេយ្យ ដោយមានការចូលរួមពីគណបក្សប្រឆាំងដ៏មានឥទ្ធិពលដឹកនាំដោយលោកស្រី អង់ សានស៊ូជី ។ ចំនួនអាសនៈទំនេរទាំងនេះ គឺដោយសារសមាជិកសភាដែលរួមមាន សភាថ្នាក់តំបន់ តំណាងរាស្ត្រ និងព្រឹទ្ធសភា ទាំង៤៥រូបនោះត្រូវបានផ្លាស់ប្តូរទៅបំពេញភារកិច្ចផ្សេងៗ ។ ដូច្នេះ ការបោះឆ្នោតនាថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១២ នឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋចំនួន៩ នៃរដ្ឋសរុបចំនួន១៤ នៅទូទាំងប្រទេសភូមា៕
ដោយលោក ចង លឹមអ៊ី
| Tweet |
|
|
|
|
|
|
|
|||||











