ទស្សនវិភាគ
AKP ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១២ —-
អ្នកតំណាងអង្គការ សមាគមមិនមែនរដ្ឋាភិបាល និងយុវជនអាស៊ានត្រូវបានបោះឆ្នោតជ្រើសរើស ដោយ សេរី យុត្តិធម៌ និងតម្លាភាព
កិច្ចប្រជុំត្រៀមរៀបចំវេទិកាប្រជាជាតិអាស៊ានរបស់សង្គមស៊ីវិលកម្ពុជា បានបោះឆ្នោតជ្រើសរើសអ្នកតំណាងរបស់ខ្លួន ដោយមានអ្នកចូលរួមប្រមាណជាង២ពាន់នាក់ ដែលជាតំណាងអង្គការសមាគម សហជីពចំនួនជាង៩០០ នៅកម្ពុជា ។ ជាលទ្ធផលបេក្ខជនពីររូបបានទទួលការគាំទ្រដោយសម្លេងលើសលុប។
ការបោះឆ្នោតបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១២ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមលក្ខណៈប្រជាធិបតេយ្យ និងប្រកបដោយតម្លាភាពជាទីបំផុត ដែលបានរៀបចំដោយវិទ្យាស្ថានខ្មែរសំ រាប់សហប្រតិបត្តិការ និងសន្តិភាព(CICP) ឧបត្ថម្ភដោយ មូលនិធិ វប្បធម៌ និងសិល្បៈជប៉ុន(IFAC) នៅសកលវិទ្យាល័យកម្ពុជាក្នុងទីក្រុងភ្នំពេញ។
លោក សុខ ធាវុធ ប្រធានសមាគមយុវជនកម្ពុជា-អាស៊ាន(CAYA)បានទទួលសម្លេងឆ្នោតគាំទ្រចំនួន១៥៨០សម្លេង ឈ្នះដាច់សម្រាប់ទទួលតួនាទីជាតំណាងយុវជនអាស៊ាន លើដៃគូរប្រកួតប្រជែង លោក សេន សុវណ្ណៈ ប្រធានអង្គការយុវជនពង្រឹងខ្លួនឯង ដែលបានទទួលសម្លេងឆ្នោត ១៣៣សម្លេង នៃចំនួនសន្លឹកឆ្នោតសរុប១៨៣០ សន្លឹក ។
ចំណែកលោកស្រី ហូយ សុជីវណ្ណី នាយិកានៃអង្គការបំលាស់ប្តូរជាវិជ្ជមានសំរាប់កម្ពុជា(PCC) ត្រូវបាន គណៈ កម្មការបោះឆ្នោតជ្រើសរើសដោយលើកដៃតំណាងឱ្យអង្គការសមាគមមិនមែនរដ្ឋាភិបាល ពីព្រោះគ្មានគូរប្រកួតប្រជែង។
បន្ទាប់ពីបង្ហាញនូវលទ្ធផលឆ្នោតរួចមក គណៈកម្មការរៀបចំបោះឆ្នោតនៅក្នុងឱកាសនោះ ក៏បានប្រកាសឱ្យតំណាងអង្គការនីមួយៗបញ្ជូនតំណាងរបស់ខ្លួន សម្រាប់ការឈរឈ្មោះជ្រើសរើសបង្កើតគណៈកម្មការចំនួន៤ ដើម្បីត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។
គណៈកម្មការទាំងបួននោះ រួមមាន គណៈកម្មការរៀបចំ គណៈកម្មការដឹកនាំទូទៅ គណៈកម្មការកម្មវិធី និងគណៈកម្មការឯកសារ ដែលត្រូវបានដឹកនាំ និងគ្រប់គ្រងដោយអង្គការសមាគមចំនួន៤ ផ្សេងៗគ្នា តាមរយៈការបោះឆ្នោតលើកដៃជាឯកច្ឆន្ទ។
លោកស្រី ណេត ចន្ថា នាយិការងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព(CICP)បានឲ្យ ដឹងថា មុននឹងរៀបចំកម្មវិធីនៅថ្ងៃនេះ គឺវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានផ្សព្វ ផ្សាយដំណឹងជូនសាធារណជនយ៉ាងទូលំទូលាយ រួមទាំងចែកចាយលិខិតអញ្ជើញជាច្រើនសម្រាប់ការចូលរួមប្រកួតប្រជែងចាប់តាំងពីថ្ងៃទី៩ខែមីនា រហូត ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២មកម៉្លេះ ។ ដំណឹងនេះធ្វើឡើងតាមរយៈការចុះផ្សាយក្នុងសារព័ត៌មាន គេហទំព័រ ជាច្រើន និងតាមទូរទស្សន៏ក្នុងស្រុក។
បើទោះជាដំណើរការប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងតាមលក្ខណៈប្រជាធិបតេយ្យ យ៉ាងនេះក៏ដោយ ក៏នៅតែមានការរិះគន់ពីអង្គការមួយចំនួនតូចដែលមិនបានចូលរួមឈរឈ្មោះបោះឆ្នោត និងសារព័ត៌មានបរទេសដែលមាននិន្នាការប្រឆាំង បានធ្វើការចោទប្រកាន់ដោយពុំឈរលើការពិតជាក់ស្តែង និយាយមួលបង្កាច់ថា អង្គការដែលជាប់ឆ្នោត គឺជាអង្គការតូចតាច មិនមានឈ្មោះបោះសម្លេង មិនហ៊ានរិះគន់រាជរដ្ឋាភិបាលនូវចំនុចរសើប និងថា ដំណើរការបោះឆ្នោតជ្រើសតាំងនេះត្រូវបានរៀបចំដោយរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Cambodia Daily កាលពីថ្ងៃទី១៩ខែ មីនា ឆ្នាំ ២០១២ និងសារព័ត៌មាន Bangkok Post ថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១២។
ពាក្យចោទប្រកាន់ទាំងនេះ គឺបានបង្ហាញនូវការនាំគ្នាទូងស្គរ វាយបំផ្លាញលទ្ធិប្រជាប្រជាធិបតេយ្យនៅកម្ពុជា ដែលពួកគេបានយកស្លាកអង្គការរបស់ខ្លួន មកបន្តុះ បង្អាប់អង្គការដទៃ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយអ្នកចូលរួមរាប់ពាន់នាក់ ក្នុងនោះមានទាំងព្រះសង្ឃ និស្សិត បញ្ញាវ័ន្ត អង្គការសមាគម សហជីព ដែលពួកគេបានសម្រេចចិត្តដោយសុភវិនិច្ឆ័យក្នុងការគាំទ្របេក្ខជនទាំងពីររូបឱ្យមានភាពជាអ្នកតំណាងដ៏ស្របច្បាប់ ក្នុងការជួបជាមួយប្រមុខរាជរដ្ឋាភិបាល និងបណ្តាមេដឹកនាំប្រទេសនីមួយៗនៃសមា ជិកអាស៊ាន ក្នុងនាមអង្គការសមាគមមិនមែនរដ្ឋាភិបាល និងតំណាងយុវជនកម្ពុជា សម្រាប់វេទិកា អា ស៊ាន។
ក្រុមអ្នករិះគន់ទាំងនោះ គួរគប្បីបង្ហាញនូវការចូលរួម និងលើកតម្លៃ កិត្តិយស ហើយជាងនេះទៅទៀត គួរ តែបង្កើននូវកិច្ចសហការដើម្បីមុខមាត់របស់ប្រទេសខ្លួន ដែលមានឱកាសបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន មិនគួរគប្បីនឹងនាំគ្នាជាន់កំទេច ក្តិចបំផ្លាញ សម្លាប់ទឹកចិត្តដល់អង្គការ សមាគមផ្សេង ដើម្បីសំរេចគោលដៅប្រឆាំង ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ជាអទិភាព ហើយបំភ្លេចផលប្រយោជន៍ជាតិនោះទេ។
ការពិតតួនាទីរបស់អង្គការសង្គមស៊ីវិល សមាគម សហជីពនៅកម្ពុជា គឺបង្កើតឡើងដើម្បីបំរើផលប្រយោជន៍ពលរដ្ឋខ្មែរ លើកកម្ពស់ដំណើរការប្រជាធិបតេយ្យ ពង្រឹងការគោរពច្បាប់ និងចូលរួមកសាង អភិវឌ្ឍប្រទេសដោយតម្លាភាព មិនមែនបង្កើតអង្គការសម្រាប់តែពង្រីកសេចក្តីក្លាហាន ក្នុងការប្រើប្រាស់វេទិការិះគន់ដើម្បីតែការទាក់ទាញជំនួយពីបរទេស ហើយសម្លឹងមកស្រុកខ្មែរក្នុងក្រសែភ្នែកអាក្រក់ ដោយពុំមានការតាំងចិត្តធ្វើជាគំរូសម្រាប់បណ្តាអង្គការដទៃរៀនសូត្រតាមនោះទេ។
ការរៀបចំវេទិកាសង្គមស៊ីវិល វេទិកាប្រជាជនអាស៊ាន និងដំណើរការឆ្ពោះទៅអាស៊ានតែមួយឆ្នាំ២០១៥ គឺដើម្បីឆ្លើយតបទៅនឹងគោលបំណងជាក់លាក់ និងគោលការណ៍ចំបងដែលចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងផែនទីចង្អុលបង្ហាញពីយុទ្ធសាស្ត្រ ឆ្នាំ ២០០៩ ‑ ២០១៥។
វេទិការអាស៊ាន គឺបង្កើតឡើងដើម្បីបំរើឱ្យផលប្រយោជន៍របស់ប្រជាជនទាំងដប់ប្រទេស។ វេទិកានេះ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមលើកឡើងនូវបញ្ហារួមគ្នា រិះរកយុទ្ធសាស្រ្តដោះស្រាយថ្នាក់ជាតិ និងតំបន់។
សន្និសីទកំពូលសង្គមស៊ីវិលអាស៊ាន / វេទិកាប្រជាជនអាស៊ាន(ACSC / APF) ត្រូវបានផ្ដួចផ្ដើមគំនិតដំបូង ដោយប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០០៥ ហើយបន្ទាប់មកត្រូវបានរៀបចំឡើង នៅ ប្រទេសហ្វីលីពីននៅឆ្នាំ២០០៦ បន្ទាប់មកនៅប្រទេសសឹង្ហបូរី ២០០៧ និងនៅរាជាណាចក្រថៃនៅឆ្នាំ២០០៩ និងឆ្នាំ២០១០ នៅសា ធារណៈរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី ហើយនៅឆ្នាំ២០១២នេះ កម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះអាស៊ាន។
វេទិការអាស៊ានលើកទី៧ នៅប្រទេសកម្ពុជាដែលប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១២ តាមគម្រោងមានអ្នកចូលរួមចំនួន១២០០ ទៅ១៥០០នាក់ នឹងលើកឡើងប្រធានបទស្តីពី « យេនឌ័រ និងការអភិវឌ្ឍន៍ក្នុងអាស៊ាន » ដែលនឹងរៀបចំវេទិកាសង្គមស៊ិវិលឲ្យប្រជាជនរបស់អាស៊ានទាំងដប់ប្រទេសនេះ សម្រេចដំណើរការឆ្ពោះទៅបង្កើតបាននូវសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ។
ដូច្នេះ ការបោះឆ្នោតជ្រើសរើសអ្នកតំណាងអង្គការសមាគមមិនមែនរដ្ឋាភិបាលនិងតំណាងយុវជនអាស៊ាន ក៏ដូចជាការបង្កើតគណៈកម្មការទាំង៤ ដើម្បីចូលរួមរៀបចំវេទិកាអាស៊ាន គឺពិតជាបានធ្វើឡើងតាមលក្ខណៈ ស្របច្បាប់ តាមលក្ខណៈប្រជាធិបតេយ្យ ប្រកួតប្រជែងដោយបើកចំហរ ជូនដំណឹងជាសាធារណៈ មិនមែនធ្វើឡើងដោយភាពស្ងាត់ស្ងៀម ឬក៏រៀបចំដោយរាជរដ្ឋាភិបាលនោះទេ។
ផ្ទុយទៅវិញការខកខានពុំបានចូលរួមបោះឆ្នោត គឺអាចចាត់ទុកថា ជាចេតនាចង់បង្កើតនូវយុទ្ធនាការបំផ្លាញផលប្រយោជន៍របស់ប្រទេសជាតិខ្លួនឯង និងចាំតែរិះគន់ មិនបានចូលរួមសហការ គឺជាការបាត់បង់ឱកាស មួយដ៏ធំក្នុងនាមជាអង្គការ សមាគមមិនមែនរដ្ឋាភិបាលមួយនៅកម្ពុជា ឬក៏អាចនិយាយបានថា ប្រហែលជាដឹងខ្លួនជាមុនថា អង្គការរបស់ខ្លួនគ្មានប្រជាប្រិយភាព ឬនឹងមិនទទួលបានជោគជ័យទើបមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតនោះ៕
ដោយៈ សម រាំងសែក (អ្នកវិភាគឯករាជ្យ)
(អត្ថបទខាងលើនេះ គ្រាន់តែជាទស្សនៈរបស់អ្នកនិពន្ធតែប៉ុណ្ណោះ វាមិនបានឆ្លុះបញ្ចាំងពីទស្សនៈ របស់ រាជរដ្ឋា ភិបាលកម្ពុជាទេ ។)
| Tweet |
|
|
|
|
|
|
|
|||||











