សម្តេចនាយក​រដ្ឋមន្រ្តីអរគុណ​ចំពោះអាជ្ញាធរ​មានសមត្ថកិច្ច ដែល​បង្កលក្ខណៈ​ឲ្យការបោះឆ្នោត​ព្រឹទ្ធសភា​មានភាព​រលូន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២—

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែង ​អំណរគុណ​និង​ការកោតសរសើរចំពោះ អាជ្ញាធរ គ្រប់លំដាប់ថា្នក់និង​កងកម្លាំង ប្រដាប់អាវុធដែលចូលរួមពាក់ ព័ន្ធក្នុងការការពារយុទ្ធនាការបោះឆ្នោតនិងការបោះ​ឆ្នោតព្រឹទ្ធសភា​កន្លងមក​ ដែល ប្រព្រឹត្តទៅដោយរលូន ហើយ​គ្មាន​អំពើហិង្សា ​គ្មានអ្វីកើតឡើង​គួរឲ្យកត់សំគាល់។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះក្នុងពិធីសម្ពោធនិងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ ៧៦ នា​ព្រឹក​ទី​៣១ មករា ២០១២ នៅក្រុងសែន មនោរម្យខេត្តមណ្ឌលគីរី ។ សម្តេចតេជោថ្លែងថា​ក្រៅពីទំនាស់ដីធ្លីនៅក្នុងតំបន់ស្រុក​ស្នួលគឺគ្មានអ្វីកើតឡើងគួរឲ្យកត់សំគាល់ទេ​ យុទ្ធនា​ការ​បោះ​ឆ្នោត​បានប្រព្រឹត្តទៅដោយស្រួល ​តាមរយៈការបង្កបរិយាកាស នយោបាយ ​អព្យាក្រិត្យ សម្រាប់​បណ្តាគណបក្សដែលចូលរួមបោះឆ្នោត​ ហើយ ក៏សូមថ្លែងនូវការកោត​សរសើរចំពោះគណបក្ស នយោ​បាយទាំងអស់ដែលចូលរួមក្នុងការបោះឆ្នោត ​។ ​ ទោះបីជាមានតែ​គណបក្សពីរតែប៉ុណ្ណោះ ដែលចូល រួមប្រកួតប្រជែង​ ក៏ប៉ុន្តែអង្គបោះឆ្នោតចេញមកពីគណបក្ស៤គឺ​ គណបក្សប្រជាជន​ គណបក្សសមរង្ស៊ី គណបក្សហ៊្វុនស៊ីនប៉ិច និង គណបក្ស នរោត្តមរណឫទ្ធិ ​ ប៉ុន្តែគណបក្សដែលឈរឈ្មោះមានតែគណបក្សប្រជា ជន និងគណបក្សសមរង្ស៊ីតែប៉ុណ្ណោះ ​ប៉ុន្តែ គណបក្ស ហ៊្វុនស៊ីនប៉ិច និងគណបក្សនរោត្តមរណឫទ្ធិ ​ក៏បានចូល រួមបំពេញកាតព្វកិច្ចក្នុងឋានៈជាម្ចាស់ឆ្នោតម្នាក់ផងដែរ ​។

​ សម្តេចតេជោបន្តថា​ ពិតមែន តែមាន អវត្តមានខ្លះ នៃអង្គបោះឆ្នោត​ ក៏ប៉ុន្តែក៏មានសមាជិក​ សមាជិកា នៃគណបក្សទាំងអស់បាន មកបោះឆ្នោត ទាន់ពេលវេលាភាគច្រើន​ ។ ​សូមថ្លែង អំណរគុណចំពោះបក្ស នយោបាយទាំងអស់​ ដែលបានចូលរួមប្រកួតប្រជែងប្រកបដោយភាពថ្លៃថ្នូរ​ ពិតមែនតែមានការលើកយក បញ្ហានេះ​ ឬ ​បញ្ហានោះ​ ប៉ុន្តែមិនមែនជាបញ្ហាដែលជះឥទ្ធិពល​ទៅដល់បរិយាកាស​នៃការបោះឆ្នោតដែល គួរឲ្យ ទុកចិត្តបាននោះទេ​ ហើយលទ្ធផលនេះឃើញថា ​បណ្តាបក្សនយោបាយមួយចំនួនក្នុងនោះគណបក្ស ប្រជាជនច្បាស់ជាទទួលយកហើយឮថា​ ដូចជាគណបក្សសមរង្ស៊ី​ ក៏ទទួលយកនូវលទ្ធផលនៃការបោះឆ្នោត ព្រោះគាត់អបអរសាទរដែរហើយ ​។​ ខ្ញុំក៏សូមអរគុណចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ​សង្កាត់នៃ គណបក្សប្រជាជន តំណាងរាស្ត្រនៃគណបក្សប្រជាជនដែលបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន ។

ក្រៅពីនោះក៏សូមថ្លែងអំណរគុណចំពោះសមាជិក​ សមាជិក ​សភានិងសមាជិក ​សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ នៃគណបក្សហ៊្វុនស៊ីនប៉ិច​ គណបក្សនរោត្តមរណឫទ្ធិ ​គណបក្សសមរង្ស៊ី ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនផងដែរ​ ដែលគណបក្សប្រជាជនបានទទួលលើស សម្លេងរបស់ខ្លួនចំនួន​ ៧៩៧ ​សម្លេង លើចំនួនដែលខ្លួនមាន ។​ នេះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការទទួលបានពីគណៈកម្មាធិការជាតិបោះឆ្នោត មួយផ្នែក​ ហើយមួយផ្នែកទៀតតួរលេខផ្ទៃក្នុងរបស់គណបក្សប្រជាជន​ ព្រោះសម្លេងឆ្នោតគេគិតតាម គណបក្ស​ សម្លេងរបស់គណបក្សប្រជាជន​មានត្រឹមតែ៨០៨៣​សម្លេងទេ ​ដល់ពេលទៅបោះឆ្នោត បានកើន សម្លេងទៅដល់ ៨៨៨០សម្លេង​ ហើយចំនួន​អាសនៈបាន​កើន​ឡើងមួយ​នៅខេត្ត​កំពង់​ចាម​ ។ ​កាល​ពីអាណត្តិ ទីពីរមានតែ ​៤៥អាសនៈទេ ​ឥឡូវបានកើនដល់​ ៤៦អាសនៈ ។ សម្តេចតេជោបានបន្តថា​ ឆ្នាំនេះកម្ពុជាត្រូវចំណាយ ច្រើនណាស់​ ដូចជាការប្រជុំអាស៊ាន​ និងចំណាយ សម្រាប់​ការបោះឆ្នោត​ហើយឆ្នាំក្រោយ​ត្រូវចំណាយ​ច្រើនទៀត​ ប៉ុន្តែប្រទេសចិន ក៏បានជួយ​ច្រើនដែរ​ សម្រាប់ ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន ​៕

​ ដោយលោក ជឹម ណារី

    Download PDF

Comments are closed.