វិចារណកថា ៧ មករា គឺជាសក្ខីភាពប្រវត្តិសាស្រ្តនៃការសង្គ្រោះ និង ការអភិវឌ្ឍជាតិ
AKP ភ្នំពេញថ្ងៃទី០៤ ខែមករា ឆ្នាំ២០១២–
រហូតមកដល់ពេលនេះ គឺមានរយៈពេល ៣៣ ឆ្នាំ មកហើយដែលប្រជាជាតិកម្ពុជា ត្រូវបានរស់រានមានជីវិតឡើងវិញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនោះមានឈ្មោះថា “បក្សប្រជាជនបដិវត្តន៍កម្ពុជា” និង ដោយមានការ ចូលរួមពីគ្រប់ស្រទាបមហាជន ប្រជាជនជុំវិញ “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលសុទ្ធសឹងជាបុព្វហេតុលះបង់សាច់ស្រស់ ឈាមស្រស់របស់ប្រជាជាតិខ្មែរ ដើម្បីសង្គ្រោះជីវិត និងរំដោះប្រទេសជាតិឲ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យប្រ ល័យ ពូជសាសន៍ ក្រោមការដឹកនាំរបស់សម្តេចអគ្គទាំងបី។
ដោយសារថ្ងៃ ៧ មករានេះហើយ ដែលធ្វើឲ្យប្រជាជនខ្មែរគ្រប់រូបបានរួចរស់ ជីវិតពី ក្រញាំបិសាច ស្គាល់នូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សគ្រប់បែបយ៉ាង ធ្វើឲ្យ ខ្មែរគ្រប់ក្រុម គ្រប់បក្ស គ្រប់និន្នាការនយោបាយ រួបរួមសាមគ្គីគ្នា ក្នុងគោលដៅបញ្ចប់ ជម្លោះ ស្វែងរកសន្តិភាព កសាងស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគ្រប់វិស័យ និង ប្រកបដោយចីរភាព។
មិនត្រឹមតែប៉ុណ្ណោះ ការកាប់សម្លាប់ ការព្រាត់ប្រាស់បងប្អូនកូនចៅក្រុមគ្រួសារ និង ការបំផ្លិចបំផ្លាញសង្គមជាតិយ៉ាងអយុត្តិធម៌ និង ស្ទើរគ្មានសល់អ្វីទាំងអស់ របស់របប កម្ពុជាប្រជាធិបតេយ្យ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយសហការជាមួយអង្គ ការសហប្រជាជាតិ បានខិតខំប្រឹង ប្រែងស្វែងរកការពិត និង យុត្តិធម៌ ជូនប្រជាជាតិកម្ពុជាឡើងវិញ ក្នុង គោលដៅទីមួយ ដើម្បីដោះស្រាយចម្ងល់ ស្វែងរកមូលហេតុដែលនាំឲ្យមានការកាប់សម្លាប់ និង ការបំ ផ្លិច បំផ្លាញជាតិ និង ទីពីរ ដើម្បីកុំឲ្យប្រវត្តិសាស្រ្តនៃរបបប្រល័យពូជសាសន៍ដ៏អាក្រក់ នេះវិលត្រឡប់មកក្នុង សង្គមជាតិកម្ពុជា ជាថ្មីម្តងទៀត។
ថ្ងៃ ៧ មករា បានធ្វើឲ្យប្រទេស និង ប្រជាជាតិកម្ពុជាទាំងមូល ទទួលបាននូវការអភិ វឌ្ឍគ្រប់វិស័យជាពិសេស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវថ្នល់រហូតដល់ជនបទ ដាច់ស្រយ៉ាលគ្រប់ច្រកល្ហក ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងនៅគ្រប់តំបន់ជនបទ សាលារៀនមន្ទីរពេទ្យវត្តអារាម ត្រូវបានកសាង និង កែលំអនៅគ្រប់ភូមិឃុំ និគមជន បទនិង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តដទៃទៀតរាប់មិនអស់ ដែលតំបន់ភាគច្រើនមិនដែល មានទាល់តែសោះ នៅក្នុងរបបនយោបាយមុនៗ។
ដោយសារថ្ងៃ៧ មករា បានធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយខ្លួនពីប្រទេស ជាតិមួយ ដែលធ្លាប់ទទួលរងនូវការរើសអើង និង ទណ្ឌកម្មយ៉ាងអគតិពីជាតិសាសន៍ដទៃ ក្នុងដំណាក់កាលដែលប្រជាជាតិខ្មែរ កំពុងជួបការលំបាកគ្រប់បែបយ៉ាង ក្នុងការទប់ ស្កាត់ការវិលត្រឡប់របបកម្ពុជាប្រជាធិបតេយ្យផង កសាងសន្តិភាពផង និង អភិវឌ្ឍ ប្រទេសជាតិផង ក្នុងពេលតែមួយនោះ ឲ្យបែរមកទទួលស្គាល់ការពិត ផ្តល់យុត្តិធម៌ ដល់បុព្វហេតុរបស់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយកិត្យានុភាព សេចក្តីថ្លៃថ្នូរ ខ្ពស់មុខខ្ពស់មាត់ និង ស្មើភាពស្មើសិទ្ធិនៅ លើឆាកអន្តរជាតិប្រកប ដោយកិត្តិយសបំផុត។
ជាក់ស្តែងបន្ទាប់ពីការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា តាមរយៈការរំលាយអង្គការ ចាត់តាំងនយោបាយ និង យោធារបស់ពួកខ្មែរក្រហមក្រោមទស្សនវិស័យនៃនយោ បាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង បន្ទាប់ពីបានធ្វើសមាហរណកម្មទៅក្នុងតំបន់ និង ពិភពលោកយ៉ាងឆាប់រហ័សរួច មក ព្រះរាជាណាចក្រកម្ពុជា បាន និង កំពុងដើរតួនាទីយ៉ាងសំខាន់ ជាកំលាំងចលករ ក្នុង ការកសាង និង ការរក្សាសន្តិភាព ការបញ្ចប់សង្គ្រាម ការគោរពសិទ្ធិមនុស្ស ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលើកម្ពស់ការថែរក្សាតម្លៃ និង សម្បត្តិវប្បធម៌បេតិកភណ្ឌ មនុស្សជាតិ នៅគ្រប់វេទិការតំបន់ និង ពិភពលោក ជាពិសេស កម្ពុជា បាននិងកពុង ដើរតួនាទីជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០១២ នេះ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជិតខាង ដែលធ្លាប់តែចាត់ទុកកម្ពុជា ជាប្រទេសទន់ ខ្សោយ និងមិនដែលយកចិត្តទុកដាក់ចំពោះច្បាប់អន្តរជាតិស្តីពីបូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជានោះ ឲ្យវិលមកគោរពក្រោមគំនាប់ របស់តុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ អង្គការតំបន់ និង ពិភពលោក។ កិច្ចការទាំងនេះ គឺជាកិច្ចការដ៏ លំបាកមួយ ស្ថិតក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងនៅទន់ខ្សោយ នៅឡើយ បើធៀបនឹងប្រទេសជិតខាង។
សមិទ្ធផលទាំងនេះ គឺជាតឹកតាង និង ជាសក្ខីភាពប្រវត្តិសាស្ត្រដែលមិនអាចនរណា ម្នាក់ ក្រុម ឬ បក្សណាមួយ មកបំភ្លៃ ឬក៏កែប្រែប្រវត្តិសាស្ត្របានឡើយ ហើយត្រូវ ហ៊ានទទួលស្គាល់ការពិតចំពោះមុខប្រវត្តិសាស្ត្រនេះ ពីព្រោះថា បើគ្មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ក៏គ្មានបក្សនយោបាយនានាដែលកំពុងធ្វើសកម្មភាព និង រិះគន់រាជរដ្ឋាភិ បាល ក៏គ្មានសិទ្ធិមនុស្ស គ្មានអង្គការសមាគមក្រៅរដ្ឋាភិបាល និង ក៏គ្មានការអភិវឌ្ឍ រីក ចំរើនគ្រប់វិស័យដូចសព្វថ្ងៃនេះឡើយ។
ហើយអ្នកនយោបាយមួយចំនួនដែលតែងតែប្រឆាំងនឹងថ្ងៃ ៧ មករា ទាំងបញ្ច្រាស ទិសនៃបំណងប្រាថ្នារបស់ប្រជាជនខ្មែរ ត្រូវហ៊ានទទួលស្គាល់ផងដែរថា សមិទ្ធផល ប្រវត្តិសាស្ត្រ និង ដែលមានអាចបំភ្លេចនូវគុណូបការៈបានទាំងនេះ គឺជាការខិតខំ ប្រឹងប្រែង ការលះបង់ និង ការបូជាជីវិត ទ្រព្យសម្បត្តិ សេចក្តីសុខសុភង្គលផ្ទាល់ របស់ថ្នាក់ដឹកនាំ និង គណបក្សប្រជាជនកម្ពុជាទាំងមូល ដើម្បីផ្តល់ជូនប្រជាជាតិ កម្ពុជា នូវបំណងប្រាថ្នាដ៏ពិសិដ្ឋ គឺសន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយតម្លៃ នៅ លើឆាកអន្តរជាតិ ការកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ហើយ សមិទ្ធផលទាំងនេះ គ្មានប្រទេស ឬ ទេវតាឯណាផ្តល់ប្រជាជាតិកម្ពុជាឡើយ គឺមាន តែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានខិតខំពុះពារសម្រេចបាន។
ពីព្រោះ គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗដើម្បីប្រជាជន របស់ប្រជាជន និង កើត ឡើងដោយកម្លាំងសាមគ្គីភាពរបស់ប្រជាជន គ្រប់កាលៈទេសៈ។
ដោយ រាជ្យ សុវណ្ណនគរ
| Tweet |
|
|
|
|
|
|
|
|||||











