សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបគ្រោងចាត់វិធានការបន្ថែមទៀតប្រឆាំងអ៊ីរ៉ង់

AKPភ្នំពេញ ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០១១–

ក្នុងសេចក្តីថ្លែងការណ៍រួមមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគ្រោងចាត់វិធានការនានា បន្ថែមទៀតប្រឆាំងអ៊ីរ៉ង់ ។
សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៨វិច្ឆិកា នោះនិយាយថា អ៊ីរ៉ង់ពុំបានគោរពការព្វកិច្ចអន្តរជាតិ ទាំងឡាយ ។

សេចក្តីថ្លែងការណ៍រួមគូសបញ្ជាក់ថា ភាគីទាំង២ មានការព្រួយបារម្ភយ៉ាងខ្លាំងលើឥរិយាបថរបស់ អ៊ីរ៉ង់ក្រោយ ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី ៨ វិច្ឆិកា កន្លងមកនេះដែលសង្ស័យអ៊ីរ៉ង់ថា បានផលិតដោយលួចលាក់នូវអាវុធនុយក្លេអ៊ែរ ។

ភាគីទាំង២អះអាង ជាថ្មីពីការសន្យាធ្វើការ ដើម្បីស្វែងរកដំណោះស្រាយខាងការទូតមួយសំដៅឲ្យមានការអនុវត្តដំណោះ ស្រាយទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ហើយគ្រោងចាត់វិធានការនានាបន្ថែមទៀតចំពោះ អ៊ីរ៉ង់ដោយ សារប្រទេសនោះបន្តធ្វើមិនដឹងមិនឭចំពោះកាតព្វកិច្ចអន្តរជាតិទាំងឡាយរបស់ខ្លួន ។

សេចក្តីថ្លែងការណ៍រួមថ្មីនេះ ត្រូវបានចេញផ្សាយជាសាធារណៈ បន្ទាប់ពីប្រធានាធិបតីអាមេរិក
លោកបារ៉ាក់អូបាម៉ាជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក HERMAN VAN ROMPUY ប្រធានគណៈ កម្មាធិការអឺរ៉ុបលោក JOSEMANUEL BARROCO និងតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុក នយោបាយការបរទេសលោកស្រី CATHERINE ASHTON នៅសេតវិមានក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូល ប្រចាំឆ្នាំសហរដ្ឋអាមេរិក – សហភាពអឺរ៉ុប ។

សេចក្តីថ្លែងការណ៍រួមនេះ ក៏គូសបញ្ជាក់ផងដែរ ពីការប្តេជ្ញាចិត្តរបស់ភាគីទាំង២ ធ្វើឲ្យអ៊ីរ៉ង់គោរព បណ្តាកាតព្វកិច្ចរបស់ ខ្លួនហើយរួមសហការដោយពេញលេញជាមួយ ទីភ្នាក់ងារថាមពលបរមាណូអន្តរ ជាតិ ដើម្បីឆ្លើយតបចំពោះការព្រួយបារម្ភលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ៕
( ប្រភព ស៊ីនហួ ,បកប្រែដោយលោក ខាន់ សុឃន ) វាយអត្ថបទៈ សុទ្ធ

Share
    Download PDF

Comments are closed.