ឯកឧត្តម សុខ អាន ទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី ៣០ វិច្ឆិកា ២០១១–

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យ គណៈប្រតិភូសហភាពអឺរ៉ុបមានតំណាង ១២ ប្រទេស ដឹកនាំដោយ ឯកឧត្តម MARK GOODING ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាង ប្រធាន សហភាពអឺរ៉ុប នៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ នៅទីស្តីការគណៈ រដ្ឋមន្រ្តី ។

លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនិងជាអនុប្រធាននាយក ដ្ឋានព័ត៌មាន នៃទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា គណៈប្រតិភូបានសំដែងនូវការពេញចិត្ត ចំពោះដំណើរ ការ រីកចំរើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងការវិវត្តសង្គមរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងរយៈពេលជាង មួយទសវត្សចុងក្រោយនេះ។ ជាមួយគ្នានេះ គណៈប្រតិភូសហភាព អឺរ៉ុបក៏ចង់ដឹងផងដែរថា តើ ទៅថ្ងៃខាងមុខសេដ្ឋកិច្ចរបស់កម្ពុជាដំណើរការយ៉ាងម៉េចដែរ? បញ្ហាដីធ្លី ច្បាប់អង្គការសង្គមស៊ីវិល បានដំណើរការយ៉ាងម៉េចដែរ ?
ដោយកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី១១ នៃអនុសញ្ញាអូតាវ៉ានោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន មានប្រសាសន៍ថា ប្រទេសកម្ពុជាបានតស៊ូប្រយុទ្ធ ក្នុងការបោស សំអាតមីន ហើយកម្ពុជាគាំទ្រទៅលើការចូលជាសមាជិករបស់អង្គការប្រឆាំង គ្រាប់បែកចង្កោម ដែលមានស្នាក់ការនៅទីក្រុងអូស្លូ ប្រទេសណ័រវេស ហើយកម្ពុជាបានចូល ជាសមាជិកនៃ អនុសញ្ញា អូតាវ៉ារួចហើយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជាសព្វថ្ងៃបាននឹងកំពុងធ្វើ សមាហរណកម្មនៅក្នុងកំរិតតំបន់និងអន្តរជាតិកាន់តែសកម្មឡើង និងបានធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំថ្នាក់តំបន់និងថ្នាក់អន្តរជាតិ ។

ឯកអគ្គរាជទូត MARK GOODING មានប្រសាសន៍ថា លោកបានឃើញប្រទេសកម្ពុជា មាន ការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះផ្នែកទំនាក់ទំនងទ្វេភាគីពាណិជ្ជកម្ម រវាងកម្ពុជាទៅ កាន់សហគមន៍អឺរ៉ុបមានការកើនឡើង ៥០% ។

ចំពោះបញ្ហាដីធ្លីវិញ ឯកឧត្តម សុខ អាន បានជំរាបជូនថា ក្រោយប្រទេសបានរំដោះពី របបខ្មែរ ក្រហមហើយនោះ ដីធ្លីពុំមានតំលៃ ដូចនេះពុំមានកើតមានជម្លោះទេ ។ ប៉ុន្តែដល់ ពេលដីធ្លីមាន
តំលៃ នោះ ទើបមានជម្លោះកើតឡើង នោះវាជារឿងធម្មតាទៅហើយ ។ ដោយ ឡែកច្បាប់ស្តីពី
សង្គម ស៊ីវិលវិញ គឺក្រសួងមហាផ្ទៃបានធ្វើសេចក្តីព្រាងរួចហើយនឹងកំពុងធ្វើ ការ ពិគ្រោះ យោបល់ តទៅទៀត ដោយមានការចូលរួមពីក្រុមប្រឹក្សាអ្នកច្បាប់ អង្គការសង្គម ស៊ីវិល (NGO) ធ្វើយ៉ាងណាឲ្យច្បាប់នេះ បំរើផលប្រយោជន៍ដល់ប្រទេសនិងសង្គមទាំងមូល ។

ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍនៅប្រទេសកម្ពុជាវិញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីសុខ អាន បានជំរាប ជូនគណៈប្រតិភូថា ប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍន៍ដោយចិរភាពដែល យើងបានកសាង ប្រទេសតាំងពីបាតដៃទទេ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មក ។ ប៉ុន្តែ ឥឡូវនេះប្រជាជនកម្ពុជា បានរួបរួមគ្នាជាលើកដំបូងក្នុងរយៈពេល ៥០០ឆ្នាំកន្លងមក ដែល ឥឡូវជាប្រទេសតែមួយ រាជរដ្ឋា ភិបាល តែមួយ ក្រោមរដ្ឋធម្មនុញ្ញព្រះមហាក្សត្រតែមួយ ។

នេះក៏ដោយសារតែការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នូវ នយោបាយ ឈ្នះឈ្នះធ្វើឲ្យប្រទេសមានសន្តិភាព សន្តិសុខ ទូទាំងប្រទេសតាំងពីឆ្នាំ១៩៩៨ មក ។ នៅឆ្នាំ២០១០ នេះ កម្ពុជាទទួលភ្ញៀវទេសចរបានចំនួន ២,៧លាននាក់ ។ វិស័យកាត់ ដេរបាននាំចេញទៅ កាន់
ទីផ្សារ អាមេរិក ៨០% និងទីផ្សារអឺរ៉ុប ២០% និងមួយចំនួននៅទីផ្សារ អាស៊ី ។

តាមការវាយតម្លៃពីអង្គការទេសចរណ៍ពិភពលោកឲ្យដឹងថា កម្ពុជាទទួលបាន ចំណូលពីវិស័យ ទេសចរណ៍ប្រមាណជា ២០០០លានដុលា្លរ ក្នុងមួយឆ្នាំប្រហែលជា ១២% នៃ GDP ។

ឯកឧត្តម សុខ អាន បញ្ជាក់ថា នៅឆ្នាំ២០១២ កម្ពុជា ធ្វើជាប្រធាននិងជាម្ចាស់ផ្ទះនៃ កិច្ច ប្រជុំ កំពូល អាស៊ាន ដូចនេះយើងធ្វើយ៉ាងណាឲ្យអាស៊ានបានទៅដល់សហគមន៍សេដ្ឋកិច្ច អាស៊ាននៅឆ្នាំ២០១៥ ក្នុងទិសដៅកាត់បន្ថយគម្លាតសមាជិកអាស៊ានអ្នកមាននិងអ្នកក្រ ។

ទោះបីកម្ពុជាទទួលរងគ្រោះដោយទឹកជំនន់ក៏ដោយ ក៏កម្ពុជាប្រឹងប្រែងធ្វើយ៉ាងណានាំអង្ករ ចេញឲ្យ បានមួយលានតោន នៅឆ្នាំ២០១៥ ។

ចំពោះការលើកឡើងពីទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយប្រទេសចិននោះ ឯកឧត្តម សុខ អាន បានបញ្ជាក់ថា កម្ពុជាបើកចំហរ ហើយកម្ពុជាមិនដែលចាត់ទុកប្រទេស ណាមួយជាសត្រូវរបស់ខ្លួនទេ កម្ពុជាក៏ចង់ឃើញអ្នកវិយោគទុនពីអឺរ៉ុបមកបណ្តាក់ទុននៅ កម្ពុជា ដើម្បីជាការរួមចំណែកផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ប្រទេស៕
ដោយលោក អ៊ុក សាផាន

Share
    Download PDF

Comments are closed.