រដ្ឋសភាវៀតណាមនាំយកអំណោយមនុស្សធម៌៣០០លានដុងជូនរដ្ឋសភាកម្ពុជាសម្រាប់គ្រោះទឹកជំនន់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១–

ឆ្លៀតពេលចូលរួមសន្និសីទអន្តរជាតិ ក្រោមប្រធានបទស្តីពីការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ដែលកម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះនៃសន្និសីទនៅថ្ងៃទី៣០ វិច្ឆិកានេះ គណៈប្រតិភូជាន់ខ្ពស់រណសិរ្ស មាតុភូមិ វៀតណាមដឹកនាំ ដោយលោក ហ្វីញ ដាម សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញចូលជួប សម្តែងការគួរសម និងនាំយក អំណោយមនុស្សធម៌ជាទឹកប្រាក់ចំនួន៣០០លានដុងវៀតណាម មកជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ។

នៅក្នុងជំនួបសំដែងការគួរសមនេះលោកប្រធានគណៈប្រតិភូ ក៏បានជំរាបជូនសម្តេចប្រធានរដ្ឋ សភាផងដែរអំពីគោលបំណងនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលនេះ ក៏ដើម្បីពង្រឹងនូវចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ដែលមានតាំងពីយូរលង់ណាស់មក ហើយ ។ លោកប្រធានគណៈប្រតិភូក៏បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធិផលទាំងឡាយដែល រណសិរ្ស ក៏ដូចជាបក្ស និងរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបាន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។

លោក ក៏បានអបអរសាទរផងដែរ ដោយឃើញថា ការដឹកនាំរបស់សម្តេចចំពោះស្ថាប័ននីតិប្បញ្ញត្តិ បានទទួល ជោគជ័យយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ ។ លោកក៏បានកោតសរសើរផងដែរ ចំពោះ ទំនាក់ទំនង ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលត្រូវពង្រឹងពង្រីកតាមរយៈ នៃ កិច្ច សហប្រតិបត្តិ ការរវាងសភាប្រទេសទាំងពីរ ។ លោកក៏បានវាយតម្លៃថា ថ្ងៃស្អែកនឹងចូលរួម សន្និ សិទបីប្រទេសនេះពិត ជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងបី ក្នុងការធ្វើយ៉ាងណា ឲ្យព្រំដែនសហប្រតិបត្តិការមិត្ត ភាពរវាងប្រទេសជិតខាងទាំងបី ជាពិសេសកម្ពុជា វៀតណាម ហើយនិងឡាវ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការស្វាគមន៍ ព្រមទាំងបានចាត់ទុកវត្តមានដ៏ ឧត្តុង្គឧត្តមរបស់គណៈប្រតិភូជាន់ខ្ពស់ រណសិរ្សមាតុភូមិវៀតណាមនៅកម្ពុជានាពេលនេះ បានផ្តល់នូវ កិត្តិយសដ៏ធំធេង សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសគឺ បានផ្តល់នូវលទ្ធភាពទ្វេឡើងថែម ទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពមានលក្ខណៈពិសេស ជាប្រវត្តិ សាស្រ្ត ដែលធ្លាប់មានតាំងពីយូរយារណាស់មកហើយរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា វៀតណាម ។

សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយ ដែលវៀតណាមទទួលបាននិង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតរបស់កងកម្លាំងស្ម័គ្រចិត្តវៀតណាម និងប្រជាជនវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីសង្រ្គោះមាតុភូមិកម្ពុជាឲ្យចាកផុតពីរបបប្រល័យពូជ សាសន៍ដ៏ព្រៃផ្សៃ និង ការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងដំណើរការស្វែងរក សន្តិភាពបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍កម្ពុជា ៕ ដោយលោក ប៉ាល់ សុង

Share
    Download PDF

Comments are closed.