ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាវិទ្យាល័យពងទឹក

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែវិចិ្ឆកា ឆ្នាំ២០១១–
ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានៅវិទ្យាល័យពងទឹក ស្ថិតក្នុងខណ្ឌដង្កោដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាប់ផ្តើមដំណើរការសាងសង់ហើយ កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និង ជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាវិទ្យាល័យពងទឹកនោះ ក៏មានការចូលរួមពីមន្រ្តី ក្រោមឱវាទសាលារាជធានីភ្នំពេញ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះក៏មានរៀចំសែនព្រេន សុំទឹក សុំដី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដើម្បីសេចក្តីសុខសប្បាយ និងការសាងសង់ប្រកបដោយ ជោគជ័យ និងមានភាពរលូនតរៀងទៅ ។
បើតាមប្រសាសន៍របស់លោក ចិន សុផុស នាយកសាលាវិទ្យាល័យពងទឹក ឲ្យដឹងថា អគារ សិក្សាដែលបានធ្វើពិធីបញ្ចុះបឋមសិលានេះមាន ទទឹងប្រវែង ៩ ម៉ែត្រ បណ្តោយ ៥៤ម៉ែត្រ ២ជាន់ និង មាន១២បន្ទប់ ដែលម៉ៅការសាងសង់ដោយក្រុមហ៊ុនក្មេងវត្ត ចាប់ដំណើរការពីថ្ងៃនេះតទៅ មានរយៈ ពេល ៦ខែ និងត្រូវចំណាយថវិកាចំនួន ១០ ម៉ឺនដុល្លារអាមេរិក ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅនេះ មានសិស្សប្រុសម្នាក់បានរត់ចូលទៅ សុំសាលាដោយផ្ទាល់ដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខណៈសម្តេច បានអញ្ជើញជា អធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៣ ដែលជាអំណោយរបស់មហាមិត្តកូរ៉េ ។

យុវសិស្ស ឈ្មោះ ញ៉ាន់ ផានិត ជាសិស្សថ្នាក់ទី១២ A នៃវិទ្យាល័យពងទឹក ដែលបានរត់ចូលទៅសុំ សាលាពីសម្តេច បានឲ្យដឹង ដោយមានការចង់បានសាលាមួយស្អាតមានកំពស់ ២ជាន់ ដូចសាលាគេ ឯងនៅក្បែរនេះ និងចង់ឲ្យប្អូនៗជំនាន់ក្រោយៗរបស់គេ មានសាលារៀនល្អ និងគ្រប់កម្រិតនៅជិតផ្ទះ ផងនោះ ទើបធ្វើឲ្យគេហ៊ានសម្រេចចិត្ត ដោយពុំមានការភ័យខ្លាច ទៅសុំដល់សម្តេចដោយផ្ទាល់តែម្តង។
យុវសិស្សរូបនេះក៏បានលើកដៃសំពះថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចនិង លោកជំទាវមានចិត្តសប្បុរសបានផ្តល់នូវអគារដ៏ប្រណិតនេះសម្រាប់វិទ្យាល័យពងទឹកដែលពុំធ្លាប់មាន អគារស្អាតល្អដូចនេះទាល់តែសោះពីមុនមកនោះ ៕ ដោយលោក សំរិត

Share
    Download PDF

Comments are closed.