ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃបញ្ជីឈ្មោះទណ្ឌិត លើកលែងនិងបន្ធូរបន្ថយទោសសម្រាប់បុណ្យវិសាខបូជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨–ក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំពិនិត្យ វាយតម្លៃបញ្ជីឈ្មោះទណ្ឌិតលើកលែង និងបន្ធូរបន្ថយទោសសម្រាប់បុណ្យវិសាខបូជានៅខែក្រោយនេះ។ មន្ត្រីជាន់ខ្ពស់ ក្រសួងយុត្តិធម៌បានអះអាងថា សំណើលើកលែង និងបន្ធូបន្ថយអ្នកទោស សម្រាប់បុណ្យពិសាខបូជាមិនមានសកម្មជនដីធ្លី និងសកម្មជនអតីត គណបក្សសង្គ្រោះជាតិនោះទេ។

លោក សុច ផាន់ណារ៉ា អគ្គនាយករងព្រហ្មទណ្ឌនៃក្រសងយុត្តិធម៌បានឱ្យដឹង នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ នៅមុនកិច្ចប្រជុំគណៈកម្មាធិការជាតិត្រួតពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះបន្ធូបន្ថយទោស និងលើកលែងទោសថា ទណ្ឌិតដែលដាក់ស្នើសុំមានចំនួន២២៨នាក់ មកពីរាជធានី ខេត្ត ក្រុងចំនួន១៨ និងមណ្ឌលកែប្រែចំននួ៤។ ក្នុងចំណោមទណ្ឌិតដែលស្នើសុំនោះមានស្រី១៨នាក់។

លោកបានបន្តថា ការស្នើសុំលើកលែង និងបន្ធូបន្ថយ ទោសនេះផ្អែកទៅតាមក្រឹត្យលេខ៨ ដោយអ្នកទោសដែលបានអនុវត្តន៍ទោស និងមានសាលក្រម សាលដីកាបាន១ភាគ៣នឹងត្រូវបានបន្ថូរបន្ថយទោស និងអនុវត្តន៍ទោសបាន២ភាគ៣ នឹងត្រូវបានលើកលែងទោសរួមសាលក្រមសាលដីកាជាស្ថាពរ។

លោកបានបញ្ជាក់បន្ថែមថា ទណ្ឌិតដែលបានស្នើសុំនោះត្រូវបានពិនិត្យដោយមាន ល័ក្ខខ័ណ្ឌគ្រប់គ្រាន់លើឯកសារ ដូចជាសាលក្រម សាលដីការស្ថាពរ និងមានការវាយតម្លៃពី ខាងពន្ធនាគារលើសកម្មភាពកែប្រែរបស់ទណ្ឌិតទៀត។ ជាមួយគ្នានេះដែរ ការពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតមានភាពលម្អិតដោយពិនិត្យម្តងមួយៗ ដោយឈ្មោះមកពីខេត្ត ក្រុងរួមទាំងឯកសារពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា ក្នុងបញ្ជីស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសនសម្រាប់ បុណ្យពិសាខបូជានេះក៏មានការស្នើសុំលើកលែងនិងបន្ធូបន្ថយទោសពីអ្នកទោសជាជនបរទេសប្រមាណ១០ភាគរយផងដែរ៕

ដោយ គង់ សិរីរ័ត្ន

Share
    Download PDF

Comments are closed.