ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចូលរួមក្នុង ពិធីដំឡើងនិងសម្ពោធដាក់ឱ្យប្រើប្រាស់នូវប៉មចម្រោះ ទឹកស្អាតពីរកន្លែងនៅក្រុងកែប

AKP កែប ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨–ការដំឡើង និងសម្ពោធប៉មសម្រាប់ចម្រោះទឹកប្រើប្រាស់នៅតាមសាលារៀនអាច ផ្តល់នូវអត្ថប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់វ័យ ដោយប៉មចម្រោះនេះនឹងមានសមត្ថភាពអាចផលិតទឹកបាន ១.៥០០លីត្រក្នុង១ម៉ោង។

នេះបើតាមប្រសាសន៍របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងក្នុងពិធីដំឡើង និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវប៉មចម្រោះទឹកស្អាត២កន្លែង នៅក្នុងវិទ្យាល័យ ហ៊ុន សែន ចំការដូង(ស្រុកដំណាក់ចង្អើរ) និងនៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន កែប(ក្រុងកែប) កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ប៉មចម្រោះទឹកដែលត្រូវសម្ពោធឱ្យប្រើប្រាស់ពីរកន្លែងនេះ គឺជាការផ្តួចផ្តើមដោយក្រុមការងារ និងការឧបត្ថម្ភពីក្រុមហ៊ុន ភេសជ្ជៈកូកាកូឡា ដែលជាក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោក ដោយក្រុមហ៊ុននេះបានមកបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជាជាង២០ឆ្នាំមកហើយ។

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានលើកឡើងទៀតថា ក្រុមហ៊ុនភេសជ្ជៈកូកាកូឡាអំឡុងពេលនេះ ក៏បានធ្វើការវិនិយោគដោយបានសង់រោងចក្រនៅប្រទេសកម្ពុជា ពិសេសក្នុងរាជធានីភ្នំពេញដោយបានចំណាយថវិកាអស់ប្រមាណ១០០លានដុល្លារ អាម៉េរិកផងដែរ។ ចំពោះការដំឡើងប៉មចម្រោះទឹកស្អាតនេះ គឺបានជួយជំរុញ-លើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្អូនៗ ក្មួយៗជាសិស្សានុសិស្សបានប្រើប្រាស់ទឹកស្អាតប្រកបដោយអនាម័យល្អ ពោលគឺទឹកដែលបានមកពីការចម្រោះមានគុណភាពមិនខុសគ្នានឹងទឹកសុទ្ធដែលគេផលិតសម្រាប់តម្រូវក្នុងទីផ្សារនោះឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសំណូមពរដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗជាសិស្សានុសិស្សត្រូវជួយថែរក្សាការពារប៉មចម្រោះទឹកស្អាតនេះ និងត្រូវចាត់ទុកវាជាទ្រព្យសម្បតិ្តរបស់យើងទាំងអស់គ្នា ហើយការថែទាំប៉មចម្រោះនេះ ប្រៀបបាននឹងការថែទាំសុខភាពរបស់យើងឱ្យបានរឹងមាំផងដែរ។

សូមជម្រាបថា បើយោងតាមខ្លឹមសាររបស់ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា ការដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតនេះគឺជាសកម្មភាពមនុស្សធម៌ថ្មីមួយទៀតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារ សម្រាប់បន្ថែមលើសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតនៅទូទាំងខេត្តកែប ដែលផ្តល់ជូនជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ប្រជាជននៅក្នុងខេត្តកែបយើង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។ ជាក់ស្តែងនាពេលកន្លងមក ខេត្តក៏បានខិតខំប្រឹងប្រែងយកអស់លទ្ធភាព សមត្ថភាព និងទេពកោសល្យ ក្នុងការអប់រំណែនាំអពីការរស់នៅស្អាត ព្រមទាំងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅទទួលបានលទ្ធផលល្អប្រសើរ៕

ដោយ ប្រាក់ លាង

Share
    Download PDF

Comments are closed.