ឯកឧត្តម ហ្សាការីយា អាដាម៖ បើគ្មានសុខសន្តិភាពទេ កម្ពុជាក៏មិនអាចអភិវឌ្ឍន៍បានដែរ

AKP កំពង់ចាម ខែមេសា ឆ្នាំ២០១៨–​ឯកឧត្តម ហ្សាការីយា អាដាម លើកឡើងថា បើសិនកម្ពុជាយើងគ្មាន សុខសន្តិភាពទេ នោះកម្ពុជាមិនអាចអភិវឌ្ឍន៍បានទេ ហើយប្រជាពលរដ្ឋក៏មិនអាចរស់ នៅប្រកបដោយសុខដុមរមនាបានដែរ។​

ឯកឧត្តម ហ្សាការីយា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាចាងហ្វាងរង គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានថ្លែងបែបនេះ ខណៈដែល ឯកឧត្ដមអញ្ជើញចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រ ហាហ្វីស​ (ទន្ទេញរត់មាត់)​ គម្ពីរអាល់គួរអាន ជូនដល់សិស្សានុសិស្សដែលបានបញ្ចប់ការ សិក្សាជាស្ថាពរនៅ សាលាតះហ្វីហ្ស អាន់នូរ កាលពីរសៀលថ្ងៃ២២ ខែមេសា ឆ្នាំ២០១៨ នៅឃុំកោះសុទិន ស្រុកកោះសុទិន ខេត្តកំពង់ចាម។
​ ឯកឧត្តម​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលសម្ដេចតេជោ បានខិតខំប្រឹងប្រែង ដើម្បីការពារសន្តិភាពជាតិ និងប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនទៅមុខលើគ្រប់វិស័យ។

​ឯកឧត្តមបន្ដថា ដោយសារតែរដ្ឋាភិបាលកម្ពុជាយើង បើកឱកាសទូលាយបំផុត សម្រាប់ប្រជាពលរដ្ឋ និងសាសនិកនានា ក្នុងនោះរួមមានសាសនិកឥស្លាម ទើបក្មួយបានសិក្សារៀនសូត្រនូវផ្នែកចំណេះដឹងទូទៅ និងផ្នែកសាសនា ឥស្លាមយ៉ាងសប្បាយរីករាយ។

ឯកឧត្តមបន្តទៀតថា កូនខ្មែរឥស្លាមជាច្រើនដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សាផ្នែកចំណេះជំនាញ និង ចំណេះដឹងសាសនាឥស្លាមទាំងក្នុង និងក្រៅប្រទេស ដែលនេះ ជាធនធានមនុស្សដ៏សំខាន់មួយ ដែលជាចំណែកនៃ សសរទ្រូងប្រទេសជាតិ ក្នុងការឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនទៅមុខ៕

ដោយ សួស សំរិត

Share
    Download PDF

Comments are closed.