ក្រសួងទេសចរណ៍ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិនដើម្បីឱ្យសម្រេច ផែនការទាក់ទាញភ្ញៀវទេសចរចិនឱ្យបាន២លាននាក់នៅឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ –ក្រសួងទេសចរណ៍ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងការបណ្តុះ បណ្តាល ធនធានមនុស្ស និងបង្កើនការវិនិយោគលើគម្រោងនានា ក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យសម្រេចផែនការទាក់ទាញភ្ញៀវទេសចរចិនឱ្យ បាន២លាននាក់នៅ ឆ្នាំ២០២០ខាងមុខ។

ក្នុងដំណើរទស្សនកិច្ចនៅខេត្តយូណាន ប្រទេសចិនចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ថោង     ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ភាគីចិនបានប្តេជ្ញាជំរុញការអភិវឌ្ឍទេសចរណ៍ របស់ប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ តាមរយៈការជំរុញលំហូរទេសចរណ៍ ទៅវិញទៅមក កិច្ចសហការ លើការបណ្តុះបណ្តាលធនធានមនុស្ស និងការគាំទ្រគម្រោងរបស់វិនិយោគិន ខេត្តយូណាន ក្នុងការអភិវឌ្ឍ ផលិតផលទេសចរណ៍នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់ឆ្នេរ។

ឯកឧត្ដមបានបញ្ជាក់ថា តាមការព្យាករណ៍នៅឆ្នាំ២០២០ដែលថា ការមកដល់ នៃភ្ញៀវទេសចរអន្តរជាតិ អាចនឹងកើនឡើងដល់ប្រមាណ៧លាននាក់ ក្នុងនោះទេសចរចិន យ៉ាងតិច២លាននាក់ ដោយនាំមកនូវ ចំណូលសរុបប្រមាណ៥.០០០លានដុល្លារ និងបង្កើតឱកាសការងារដោយផ្ទាល់ ប្រមាណជិត១លាននាក់។

លោកស្រី ឆាយ ស៊ីលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មី នេះថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរចិនមកកាន់ កម្ពុជាគឺជាសញ្ញាណវិជ្ជមាននៃការជំរុញកំណើន  សេដ្ឋកិច្ច ដោយសារតែភ្ញៀវទេសចរចិន មានទម្លាប់ចាយលុយច្រើនពិសេសការទិញសម្ភារផ្សេងៗ ត្រឡប់ទៅកាន់ប្រទេស កំណើតវិញ បើធៀបជាមួយនឹងភ្ញៀវទេសចរផ្សេងទៀតមានលក្ខណៈត្បិតត្បៀត។

លោកស្រីបន្ដថា ស្របពេលដែល កម្ពុជាកំពុងទទួលបានកំណើន ភ្ញៀវទេសចរយ៉ាងច្រើនដូច្នេះ រាជរដ្ឋាភិបាល ត្រូវតែពង្រឹងគុណភាព បដិសណ្ឋារកិច្ចឱ្យបានកាន់តែល្អ ពិសេសការពង្រឹងគុណភាពលើវត្ថុអនុស្សាវរីយ៍ ទប់ស្កាត់ការក្លែងបន្លំ តម្លៃសមរម្យ ដើម្បីឱ្យភ្ញៀវកាន់តែមានជំនឿចិត្តមកលើកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៧កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន៥.៦លាននាក់ កើនឡើងជាង១១ភាគរយ ក្នុងនោះទេសចរចិនស្ថិតលំដាប់ទី១ មានចំនួនជាង ១.២លាននាក់ កើនឡើង ៤៦ភាគរយ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន អាកាសចរណ៍ចំនួន ១៥ ក្រុមហ៊ុន ក្នុងនោះកម្ពុជាមាន៣ ក្រុមហ៊ុន និងចិនមាន១២ ក្រុមហ៊ុន ដែលបានធ្វើប្រតិបត្តិការហោះហើរទៀងទាត់ តភ្ជាប់រវាងកម្ពុជា-ចិន មានចំនួន ១៥៥ជើងក្នុងមួយសប្ដាហ៍ និងជើងហោះហើរពិសេសមានប្រមាណ៥០ ជើងទៀតក្នុងមួយសប្តាហ៍៕

ដោយ ម៉ៅ ចរិយា

Share
    Download PDF

Comments are closed.