រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ការរៀបចំកម្មវិធីប្រឡងចម្រៀងជនពិការដើម្បី ចូលរួមគាំទ្រលើកស្ទួយដល់ការរស់នៅ និងលុបបំបាត់ការរើសអើងក្នុងសង្គម

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា រាជរដ្ឋាភិបាលបាន ផ្ដល់សិទិ្ធ និងសេរីភាពស្មើគ្នាសម្រាប់បងប្អូនពិការ និងមិនពិការ ហើយបានរៀបចំប្រឡង ចម្រៀងជនពិការនេះ ដើម្បីចូលរួមគាំទ្រលើកស្ទួយដល់ការរស់នៅរបស់បងប្អូនជនពិការ និងចូលរួមលុបបំបាត់ការរើស អើងក្នុងសង្គម។

ក្នុងពិធីបើកកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមករានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការប្រឡងសំនៀងជនពិការនេះគឺក្នុងគោលបំណង គាំទ្រលើកស្ទួយយកចិត្តទុកដាក់ ក្នុងជីវភាពរស់នៅ ប្រកបដោយភាពសមរម្យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុប បំបាត់កាតរើសអើងជនពិការ និងផ្ដល់នូវភាពស្មើមុខស្មើមាត់ដូចប្រជាពលរដ្ឋដទៃដែរ។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់វណ្ណៈ គ្រប់ស្រទាប់ ក្នុងការរស់នៅដោយមានសិទ្ធិ សេរីភាពស្មើគ្នា មិនថាជនពិការ ឬមិនពិការឡើយដោយបង្កើត ឱកាសជូន ដល់បងប្អូនជនពិការដែលមាន សមត្ថភាពផ្នែកចម្រៀងបានមកបញ្ចេញនូវទេពកោសល្យ ប្រកួតប្រជែងដណ្ដើមយក ជ័យលាភី។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា ការប្រកួតប្រជែងប្រឡងចម្រៀងនេះ គឺជាការជ្រើសរើស និងផ្ដល់លទ្ធភាព ជូនដល់ជនពិការគំរូ ដើម្បីឡើងមកបង្ហាញនូវការប៉ិនប្រសព្វ សំនៀង និងសមត្ថភាពក្នុងការចែករំលែក ចំណេះដឹង ជាពិសេសជារួមចំណែក ថែរក្សាវប្បធម៌ជាតិផងដែរ។

ឯកឧត្តមបានបន្ថែមថា ការប្រឡងចម្រៀងជនពិការកម្ពុជាគឺជាគន្លឹះដ៏សំខាន់មួយ ដើម្បីឱ្យសាធារណជនជាតិ និងអន្ដរជាតិបន្ដគាំទ្រ និងទទួលស្គាល់ជនពិការជា ប្រជាពលរដ្ឋ ដូចប្រជាពលរដ្ឋកម្ពុជាដទៃទៀតដែរ ដើម្បីឈានទៅរកជ័យជម្នះក្នុង ការរស់នៅរបស់បងប្អូនជនពិការ។

យោងតាមរបាយការណ៍អ្នករៀបចំម្មវិធីបានឱ្យដឹងថា កម្មវិធីនេះ នឹងបើកប្រឡងនៅតាមគ្រប់បណ្តារាជធានី ខេត្តទូទាំងប្រទេស ដើម្បីស្វែងរកបេក្ខជន បេក្ខនារីឆ្នើម មកចូលរួមប្រឡងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្ដ ទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

សូមបញ្ជាក់ថា សម្រាប់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា គឺអ្នកជាប់ ចំណាត់ថ្នាក់ជ័យលាភីលេខ១ ទទួលបានពាន១ និងទឹកប្រាក់៤០លានរៀល, លេខ២ ទទួលបានពាន១ ទឹកប្រាក់២០លានរៀល, លេខ៣ ទទួលបានពាន១ ទឹកប្រាក់១៦លានរៀល, លេខ៤ ទទួលបានពាន១ ទឹកប្រាក់១២លានរៀល និងលេខ៥ ទទួលបានពាន១ ទឹកប្រាក់៨ លានរៀល៕

ដោយ អ៊ុន រិទ្ធី

Share
    Download PDF

Comments are closed.