ប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ១ ក្នុងការបញ្ជូននាយទាហានផ្នែកនារី ជានាយទាហានសេនាធិការនៅក្នុងអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ –នៅកិច្ចប្រជុំស្តីពីការរក្សាសន្តិភាពនៅ ទីក្រុងញ៉ូយកឆ្នាំ២០១៧ កន្លងទៅនេះ ប្រទេសកម្ពុជាបានចាត់ទុកជាប្រទេសលំដាប់ថ្នាក់ទី១០ លើ ១២១ប្រទេស នៃប្រទេសបរិច្ចាគ កងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយបើគិតនៅក្នុងតំបន់អាស៊ី សាធារណរដ្ឋកូរ៉េ ជាប់លំដាប់ថ្នាក់លេខ១ កម្ពុជាជាប់លំដាប់ថ្នាក់លេខ២ស្ទួន ជាមួយប្រទេស ម៉ុងហ្គោលី។ ដោយឡែកក្នុង អាស៊ាន ប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ១ ក្នុងការបញ្ជូន នាយទាហានផ្នែកនារី ជានាយទាហាន សេនាធិការ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ នៅក្នុងពិធីជូនដំណើរកងទ័ពមួកខៀវ នៃកងវិស្វកម្មលេខ៩៦៣ ទៅចូលរួមបេសកកម្មនៅសាធារណរដ្ឋលីបង់ និងពិធីទទួលកងវិស្វកម្មពហុជំនាញ លេខ៣៦៩ នៃកងវិស្វកម្មសំណង់លេខ៤៥៩ បន្ទាប់ពីបញ្ចប់ បេសកកម្មរក្សាសន្តិភាព នៅ សាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលធ្វើមាតុភូមិនិវត្តន៍ មកដល់ កម្ពុជាវិញប្រកបដោយជោគជ័យ និងសុវត្ថិភាព នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨នេះ នៅមូលដ្ឋាន ទ័ពអាកាសពោធិ៍ចិនតុង ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍បន្តថា កម្ពុជាពិតជាមានមោទនភាពផ្នែករូបថតកម្លាំងមួក ខៀវកម្ពុជារួមជាមួយ កម្លាំងមួកខៀវមកពីប្រទេសបីផ្សេងគ្នា ត្រូវបានអង្គការសហប្រជា ជាតិជ្រើសតាំងក្នុងចំណោមប្រទេស បរិច្ចាគកងកម្លាំងធ្វើការផ្សព្វផ្សាយនៅទូទាំង សកលលោក ពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ស្តីពីរក្សា សន្តិភាពនៅទីក្រុង វេនខូវើល (Venkhowold) ប្រទេសកាណាដាកាលពីថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា ដោយឡែកថ្ងៃនេះកងវិស្វកម្ម ពហុជំនាញលេខ៩៦៣ គឺជាកងទី៨ ចំនួន ១៨៤នាក់ ក្នុងនោះមាននារី ១៣នាក់ បានចេញដំណើរទៅកាន់បេសកកម្មនៅសាធារណរដ្ឋលីបង់ ហើយជាមួយនេះយើងក៏សូម អបអរសាទរចំពោះកង ក្រុមស៊ើបការណ៍ពហុជំនាញ ៣៦៩ នៃកងវិស្វកម្ម សំណង់លេខ ៤៥៩ ដែលបានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយជោគជ័យបន្ថែមទៀត។

ឯកឧត្តមបន្ថែមថា រយៈពេលមួយឆ្នាំ នៃការរក្សាសន្តិភាពនៅប្រទេសលីបង់ និងអាហ្វ្រិកកណ្តាលនេះ កងកម្លាំងកម្ពុជាទទួលបានលទ្ធផលស្របតាមកម្រិតស្តង់ដារ ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យអង្គការ សហប្រជាជាតិមានការកោតសរសើរខ្លាំង ពីលទ្ធភាពរបស់កងកម្លាំងកម្ពុជា៕

ដោយ ប៉ាល់ សុង

Share
    Download PDF

Comments are closed.