លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានាក្នុងវត្ដពោធិ៍សាត់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល

AKP កណ្ដាល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ –លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង   ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំចរិយាធម៌សង្គមអប់រំមនុស្សគ្រប់រូបឱ្យប្រព្រឹត្ត តែអំពើល្អ មិនតែប៉ុណ្ណោះព្រះពុទ្ធសាសនាក៏ត្រូវបានចូលរួមចំណែកក្នុងការបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សាការពារសេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាពជួយលើកស្ទួយ ការកសាងជាតិឆ្ពោះទៅ រកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយផងដែរ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈដែលលោកជំទាវចូលរួម សម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានាក្នុងវត្ដពោធិ៍សាត់ នៅឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។ លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ការរីកចម្រើនទាំងនេះដោយសារ តែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណា-  ចក្រ ខណៈដែលប្រទេសជាតិមាន សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ ដោយមានការដឹក នាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឱ្យយើងមានឱកាសបញ្ជូនកូនចៅ ទៅរៀនសូត្រ ចាប់ពីមតេ្តយ្យ រហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធារ ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយ ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ក៏មាន ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវ ជាតិគ្រប់តំបន់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព។

លោកជំទាវបានថ្លែងនូវការកោតសរសើរចំពោះពុទ្ធសាសនា ទាំងបុព្វជិត ទាំងគ្រហស្ថដែលខិតខំប្រណិបត្តិ    ខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់ ព្រះសម្មាសម្ពុទ្ធ។

ឯកឧត្ដម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល ក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំង   អស់ ត្រូវចូលរួមថែរក្សាសមិទ្ធផលនៅ ទីនេះឱ្យបានល្អប្រសើរសម្រាប់ទុកជាទីកន្លែងសិក្សា និងស្រាវជ្រាវ ដល់អ្នកជំនាន់ ក្រោយៗទៀត។ ឯកឧត្តមបានបន្តថា ប្រទេសជាតិមានការរីកចម្រើន ដោយសារមានថ្នាក់ ដឹកនាំល្អ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ និងធានាបាននូវសុខសន្តិភាព ជូនប្រទេសជាតិ៕

ដោយ សួស សំរិត

Share
    Download PDF

Comments are closed.