ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ជំរុញដល់អាជ្ញាធរដែនដីត្រូវធ្វើយ៉ាងណា បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

AKP ខេត្តកំពង់ឆ្នាំង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ –លោកជំទាវ ដោក សុធា ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង បានធ្វើការក្រើនរម្លឹកដល់អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេស អាជ្ញាធរថ្នាក់ឃុំ-សង្កាត់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋបោះឆ្នោតផ្តល់សេចក្កីទុកចិត្តក្នុងការដឹកនាំ និងបន្តដឹកនាំឃុំ-សង្កាត់នៅអាណត្តិថ្មីនេះ ត្រូវធ្វើយ៉ាងណាផ្តល់សេវាបម្រើជូនប្រជាពលរដ្ឋទៅតាមគោល នយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ដោយតម្លាភាព និងយុត្តិធម៌។ ការលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះ សំណាលជាមួយអាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ សរុបចំនួន ២៥៥នាក់នៅរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកជំទាវ ដោក សុធា បានបញ្ជាក់ថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ដែលប្រជាពលរដ្ឋ បានជ្រើសរើស ដោយការទុកចិត្តឱ្យដឹកនាំ និងបន្តដឹកនាំធ្វើជាមេឃុំ-ចៅសង្កាត់ក្នុងការបោះឆ្នោត ត្រូវតែធ្វើតាមការសន្យា របស់ខ្លួនដែលបានសន្យាក្នុងអំឡុងពេលនៃការឃោសនារក សំឡេងឆ្នោត ជាពិសេសត្រូវបំពេញនូវអ្វីដែល ជាសេចក្តីត្រូវការរបស់ពួកគាត់ ដូចជាសេវាបម្រើការ និងសេវាតម្រូវការប្រកបដោយតម្លាភាព និងយុត្តិធម៌ ទៅតាមច្បាប់ ។

លោកជំទាវបានថា មេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវប្រកាន់ឥរិយាបថចាស់ទុំ ហើយត្រូវធ្វើ និងអភិវឌ្ឍន៍នៅក្នុងភូមិឃុំ-សង្កាត់ ឆ្លើយតបរាល់សេវាបម្រើជូនម្ចាស់ឆ្នោត នៅក្នុងមូលដ្ឋាន ដោយតម្លាភាព យុត្តិធម៌ មិនលម្អៀង ពិសេសមិនប្រកាន់និន្នាការ គណបក្សនយោបាយឡើយ។

លោកជំទាវ បានលើកឡើងថា តាមរយៈវេទិកានេះ បានបង្ហាញឱ្យឃើញនូវរាល់បញ្ហាដើម្បីឆ្លើយតបការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចូលរួមពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលនានា ក្នុង កិច្ចអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន។

លោកជំទាវ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី មន្ទីរ អង្គភាព និងមន្ត្រីរាជការទាំងអស់ ធ្វើយ៉ាងណាត្រូវបន្តការខិតខំ ផ្តល់នូវសេវាសាធារណៈជូនដល់អ្នកប្រើប្រាស់សេវាឱ្យកាន់តែប្រសើរឡើង និងជួយដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបញ្ហាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគរបស់រដ្ឋបាលខេត្ត។

លោកជំទាវ បានរម្លឹកបន្ថែមទៀតថា អាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ខិតខំប្រឹង ប្រែងព្យាយាមបន្តចុះជួយ ប្រជាពលរដ្ឋ តាមរយៈការធ្វើវេទិកាសាធារណៈឱ្យបានញឹកញាប់ ស្ដាប់ នូវទុក្ខលំបាក សំណូមពរ សេចក្ដីត្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋ ហើយប្រមូលយកបញ្ហា ទាំងនោះដោយរួមគ្នាធ្វើការដោះ ស្រាយជាបន្ទាន់ ជូនពួកគាត់ឱ្យបានទាន់ពេលវេលា និង យកចិត្ដទុកដាក់លើបញ្ហាសន្តិសុខ សុវត្ថិភាពសាធារណៈ៕

ដោយ បៃ ស៊ីថុន

Share
    Download PDF

Comments are closed.