រដ្ឋមន្រ្ដីក្រសួងការបរទេស ចាត់ទុកសន្និបាតបញ្ញវន្តពិភពលោកនឹងជួយ ឱ្យនិស្សិតកម្ពុជា មានឱកាសបានឃើញពីការរីកចម្រើនលើវិស័យ អប់រំថ្នាក់ពិភពលោក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧–រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកសន្និបាតបញ្ញវន្ដពិ ភពលោក នឹងជួយឱ្យនិស្សិតកម្ពុជាមានឱកាសបានឃើញ អំពីការរីកចម្រើនលើវិស័យ អប់រំនៅថ្នាក់ពិភពលោក ជាពិសេសយកបទពិសោធន៍មកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងពិធីបើកសន្និបាតបញ្ញវន្តពិភពលោកលើកទី៣ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សណ្ឋាគារ សុខាភ្នំពេញ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ការរៀបចំនេះ សម្រាប់ការផ្ដួចផ្ដើមគំនិតច្នៃប្រឌិតថ្មី ក្នុងការប្រមូលផ្ដុំសហគមន៍ ចម្រុះ នៃបញ្ញវន្តនិងអ្នកជំនាញទូទាំងពិភព លោកនេះ ដើម្បីជួបនិងធ្វើការផ្លាស់ប្តូរចក្ខុវិស័យ និងទស្សន វិស័យទៅវិញទៅមក ស្រប ពេលដែលប្រទេសកម្ពុជាកំពុងតែឆ្ពោះ ទៅរកការរីកចម្រើន និងបានមក ដល់ដំណាក់កាលថ្មី នៃការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ច ក្នុងការឆ្លើយតប ទៅនឹងការប្រឈមផ្នែកបញ្ញាថ្មីៗ។

ឯកឧត្តមបានបន្ដថា សន្និបាតបញ្ញាវន្តពិភពលោកនេះ បានបង្ហាញអំពី ដំណើរការជួយ បីបាច់ថែរក្សា និងធ្វើឱ្យចេញផ្លែផ្កា ដោយរាជរដ្ឋាភិបាលជំនាន់បច្ចុប្បន្ននេះ និងបង្ហាញអំពីការ កត់សម្គាល់ និស្សិតកម្ពុជា នឹងមានឱកាសបានឃើញការបង្ហាញកាលានុវត្តភាពការអប់រំថ្នាក់ ពិភពលោក ដែលមានស្ថាប័នអប់រំ ចំនួនប្រមាណ៤០ មកពីសិង្ហបុរី អូស្រ្តាលី នូវែលសេឡង់ កាណាដា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងធ្វើពិព័រណ៍ នៅក្នុងការតាំងពិព័រណ៍ ការងារ និងការអប់រំពិភពលោក។

ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបន្ដថា “ខ្ញុំមានមោទនភាពក្នុងការទទួលស្គាល់ពីតួនាទី ដ៏សំខាន់ ដែលបងប្អូន ជាអតីតនិស្សិតបញ្ញវន្តកម្ពុជា ដែលបានធ្វើ ក្នុងន័យជាការរួមចំណែក ផ្សេងៗគ្នារបស់ពួកគេ នៅក្នុងដំណើរការកសាងជាតិ។

ជាមួយគ្នានេះ បានបើកទំព័រថ្មីនៅ ក្នុងប្រវត្តិសាស្រ្តរួមគ្នា និងបាននាំយកមកផ្ទះវិញនូវ ចំណេះដឹង ការងារ និងបទពិសោធន៍ ដែលបានមកដោយលំបាក មកពីគ្រប់ទិសទីនៃពិភពលោក”។

ឯកឧត្តមទេសរដ្ឋមន្រ្ដីបានលើកឡើងថា ស្របពេលដែលប្រទេសកំពុងរីកចម្រើន និងសង្គមកាន់តែ រីកលូតលាស់ អំពាវនាវឱ្យបងប្អូន ប្រើប្រាស់គុណតម្លៃរៀងៗខ្លួន និងអត្តសញ្ញាណ ហើយប្រែក្លាយ វាជាកម្លាំងដើម្បីបម្រើប្រទេសជាតិ ជាពិសេសរួមចំណែក វិនិយោគក្នុងអនាគតរបស់ប្រទេសខ្លួន។

ទន្ទឹមនេះ វិនិយោគពេលវេលា ការស្រឡាញ់ និងយកចិត្តទុកដាក់ សុភៈវិនិច្ឆ័យ ពាក្យពេចន៍ និងសតិបញ្ញា រួមទាំងស្មារតីស្នេហាជាតិ នឹងជាចំណែកដ៏ ជោគជ័យនៃសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ដែលប្រទេសជាតិប្រាថ្នាចង់បានយ៉ាងខ្លាំង។

លោក ម៉ៅស្រេង នាយក IDP Education ប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា សន្និបាត បញ្ញវន្ដ ពិភពលោកនេះ ផ្តល់ឱកាសពិសេសមួយសម្រាប់អតីតនិស្សិតជួបជុំគ្នា ចែករំលែកនូវ បទពិសោធន៍នានា និងប្រើប្រាស់នូវសក្តានុពលចំណេះដឹងរបស់ពួក គេជាមួយថ្នាក់ដឹកនាំ ក្នុងជួររដ្ឋាភិបាលក្នុងវិស័យ ឧស្សហកម្ម និងសង្គមស៊ីវិល។ “នេះ ឆ្លុះបញ្ចាំងឱ្យឃើញពី ឥទ្ធិពលដ៏សំខាន់ដែលអតីតនិស្សិត មានចំពោះ ការអភិវឌ្ឍធនធានមនុស្សរបស់ជាតិ និងការ ស្តែងឱ្យឃើញនូវធនធាន មនុស្សទាំងនោះ នៅកម្រិតខ្ពស់បំផុតក្នុងជួរដ្ឋាភិបាល និងក្នុង វិស័យនានា”។ នេះជាការបញ្ជាក់របស់លោក ម៉ៅ ស្រេង។

សូមបញ្ជាក់ថា សន្និបាតបញ្ញវន្ដពិភពលោកលើកទី៣នេះ បានប្រមូលផ្តុំនិស្សិត បញ្ញវន្តដែលបាន បញ្ចប់ការសិក្សានៅក្នុងប្រទេស និងមកពីប្រទេសអូស្រ្តាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសផ្សេងៗទៀត ដែលបង្កើត ជាវេទិកាជួបជុំគ្នាមួយដើម្បីចែករំលែកគំនិត និងការភ្ជាប់ទំនាក់ទំនងជា មួយអ្នកជំនាញ អ្នកដែលមាន តួនាទីក្នុងការសម្រេចចិត្ត និងថ្នាក់ដឹកនាំនៅក្នុងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល៕

ដោយ អ៊ុន រិទ្ធី

Share
    Download PDF

Comments are closed.