អាជ្ញាធរខេត្តបន្ទាយមានជ័យ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាបុណ្យឯករាជរាជ្យជាតិ៩វិច្ឆិកា

AKP ខេត្ដបន្ទាយមានជ័យ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧–នៅព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៧ រដ្ឋបាល ខេត្តបន្ទាយមានជ័យបានប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៤ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩.១១.១៩៥៣,៩.១១.២០១៧) នៅសាលាខេត្តដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៏ថា ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសេចក្តីរីករាយឥតឧបមា ចូលរួមប្រារព្វខួបអនុស្សាវរីយ៏ លើកទី៦៤ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាហើយ ថ្ងៃនេះក៏ជាថ្ងៃកំណើត កងយោធពល ខេមរភូមិន្ទផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ខួបលើកទី៦៤ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានេះ គឺជាថ្ងៃរម្លឹកនៃ ទិវាប្រវត្តិសាស្រ្ត ដែលកម្លាំងសាមគ្គីជាតិ ទាំងមូល ដណ្តើម ជ័យជម្នះ ទាំងស្រុងមកវិញ ពីនឹមអាណា និគមនិយមបារាំងនាឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច ដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

ជាមួយគ្នានេះដែរ ប្រជារាស្រ្តខ្មែរទូទាំងប្រទេសសូមចងចាំ និងដឹងគុណជានិច្ចនូវ ព្រះរាជបូជនីយកិច្ច ជាប្រវត្តិសាស្រ្តដែលព្រះមហាក្សត្រកម្ពុជាបានលះបង់ ដើម្បីប្រទេសជាតិ យើងទាំងមូល។

វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ជាតិឱ្យកាន់តែមានការរីកចម្រើនទៅមុខ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងទៀតថា នេះគឺជាការរម្លឹកទិវាប្រវត្តិសាស្រ្ត ដ៏ត្រចះត្រចង់ នៃឯករាជ្យជាតិខ្មែរ ស្របពេលដែលប្រទេសជាតិយើង រក្សាបាននូវស្ថេរភាព នយោបាយ និងកំណើនសេដ្ឋកិច្ច មានសន្តិភាពពេញលេញ មានការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងក្រោម ម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា៕

ដោយ ឈុន សារ៉ាត

Share
    Download PDF

Comments are closed.