ខេត្តកំពង់ធំប្រារព្ធពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៤ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

AKP ខេត្តកំពង់ធំ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ -ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​​​​​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋខេត្តកំពង់ធំ បានប្រារព្ធពិធី​អបអរសាទរ​រម្លឹកខួប​​អនុស្សាវរីយ៍​លើកទី៦៤​ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើត​កងយោធពល​ខេមរ​ភូមិន្ទ ​​(៩ វិច្ឆិកា ​១៩៥៣ – ​៩ វិច្ឆិកា ​២០១៧)​​ នាព្រឹកថ្ងៃ​ទី០៩ ​ខែវិច្ឆិកា ​ឆ្នាំ២០១៧ នៅ​ស្តូបវិមាន​រម្លឹក​គុណយុទ្ធជន​ពលី​ស្ថិត​នៅ​សង្កាត់​​អាចារ្យ​លាក់​ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ថ្ងៃនេះគឺជាទិវាបុណ្យ​ឯករាជ្យ​ជាតិ​០៩ វិច្ឆិកា​ (០៩ វិច្ឆិកា ​១៩៥៣-០៩ វិច្ឆិកា ២០១៧) ដែលប្រព្រឹត្ត​ទៅស្រប​ជាមួយ​ទិវា​រម្លឹក​​ខួប​អនុស្សាវរីយ៍​លើកទី៦៤ ​ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ គឺជាទិវាប្រវត្តិសាស្ត្រ និង​ជា​ប្រពៃណី​ដ៏ថ្លៃថ្លារបស់​ប្រជាជាតិ​ខ្មែរ ដើម្បីរម្លឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណ​ក្ខន្ធ​ព្រះបរមរតនកោដ្ឋ​​ ​ដែល​បានដឹកនាំ​ទាមទារ​ឯករាជ្យ​ពីអាណានិគមនិយម​បារាំង និងរម្លឹក​គុណ​ដល់វីរកុល​បុត្រកុលធីតា​​ កងកម្លាំង​ប្រដាប់អាវុធ​នៃកងយោធពលខេមរភូមិន្ទនៅគ្រប់ជំនាន់ ដោយ​បាន​ឆ្លងកាត់​នូវគ្រប់​ដំណាក់កាល​ធំៗ​ជាប្រវត្តិ​សាស្ត្រ​របស់ប្រទេសជាតិ រួមមាន ៖ ការតស៊ូដណ្តើម​ឯករាជ្យ ​ការពុះពារ​ឆ្លងកាត់​ដំណាក់កាល​​នៃ​សង្គ្រាម​ ​និងរបប​ប្រល័យពូជសាសន៍ ប៉ុល ពត ជា​ពិសេស​លើមូលដ្ឋាន​នៃជ័យជម្នះ​ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ​ដែលបាន​កសាង​ឡើង​​វិញនូវអ្វីៗ​គ្រប់​យ៉ាង​ដូចបច្ចុប្បន្ន​នេះ។ ​ដូច្នេះដើម្បីបន្តនូវ​គំរូវីរភាពដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមកង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ​ជាពិសេស​កងយោធពល​​ខេមរ​ភូមិន្ទ​ បន្តការពារមាតុភូមិ ការពារសន្តិភាព​ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ ថែរក្សារាល់​សមិទ្ធផល​របស់ជាតិ​ឱ្យគង់វង្សស្ថិតស្ថេរ រួមចំណែក​កសាង​ អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព​ ស្ថិរភាព និងរួបរួម​ក្នុងមហា​សាមគ្គី​​ជាតិដ៏ទូ​លំទូលាយ​ដោយគ្មាន​ការកើតឡើង​ជាថ្មីទៀតនូវសង្គ្រាម​សោកនាដកម្ម និងគ្រោះ​មហន្តរាយ​​ដូច​អតីតកាល។​

ឯកឧត្តម សុខ លូ បញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ និងទិវា​ខួបកំណើតកងយោធពល​ខេមរភូមិន្ទ​នាពេល​នេះ​​បានឆ្លុះបញ្ចាំង​ពីជោគជ័យ​ក្នុងកម្លាំង​មហាសាមគ្គីរបស់ប្រជាជាតិខ្មែរយើងទាំងមូល ដែល​បានឆ្លងកាត់​ពីដំណាក់​កាលមួយ​ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែននៃដំណើរ​ប្រវត្តិ​សាស្ត្រ​ដ៏ស្មុគស្មាញ​ជាច្រើន។ ​ជាពិសេសឆ្លងកាត់រយៈពេល ៦៤ឆ្នាំកន្លងមករហូតដល់​បច្ចុប្បន្ន​នេះ ​គឺនៅតែរក្សា​បាននូវ​អត្ត​សញ្ញាណ​​ជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកង​យោធពល​ខេមរភូមិន្ទ​ដ៏អង់អាច​ក្លាហាន​ដែលប្រសូត្រ​​ចេញ​ពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយ​តប​ទៅនឹង​សំណូមពរ​ នៃការតស៊ូ​ដ៏ត្រឹមត្រូវ​របស់ប្រជាជន​​ អ្វីៗទាំង អស់ដើម្បីបម្រើឧត្តម​ប្រយោជន៍​ប្រទេសជាតិ ​និង​ប្រជាជនកម្ពុជា​ជាដរាបតរៀង​មក ​​និងយូរ អង្វែង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៏សម្តែងនូវការគោរពដឹងគុណយ៉ាង ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះវិញ្ញាណក្ខន្ធ ​ព្រះបរមរតនកោដ្ឋ​ ជាទីគោរព​សក្ការៈ ​និងចំពោះ វិញ្ញាណក្ខន្ធ​អ្នកស្នេហា​ជាតិ​ខ្មែរយើង​គ្រប់ជំនាន់ ​និងថ្លែង​អំណរគុណ​ចំពោះកង​កម្លាំង​ទាំងអស់ ជាពិសេសកងយោធពល​ខេមរ​ភូមិន្ទ​ ​ដែល​បាន​បំពេញនូវសកម្មភាពជាប្រវត្តិសាស្ត្រ​របស់ខ្លួនប្រកបដោយស្មារតី​ពលិកម្មដ៏​ឧត្តុង​ឧត្តម ​ចាប់តាំង​ពី​ពេល​កកើតឡើងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ន៕

ដោយ ស៊ុម វណ្ណា

Share
    Download PDF

Comments are closed.