ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងប្រទានភ្លើងជ័យក្នុងឱកាសទិវាបុណ្យ​ឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទខួបទី៦៤

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧–  ទិវាបុណ្យឯករាជ្យជាតិ ៩​វិច្ឆិកា និងទិវាកំណើតកងយោធពល ខេមរភូមិន្ទ ខួប​លើកទី​៦៤ ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧ ត្រូវបានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធ​ធ្វើ​​ឡើងយ៉ា​ងមហោឡារិក នៅបរិវេណវិមានឯករាជ្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោ​ម​ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោ​​ត្ដ​​ម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យាង និងអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកង​យោ​ធ​ពល​​ខេមរភូមិនេះដែរ មានព្រះរាជវត្តមាន សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និង​វត្ត​មាន​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេអគ្គមហាពញាចក្រី ហេង​សំ​រិន​ ប្រធានរដ្ឋសភា សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណា​ចក្រកម្ពុជា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិ​ប​តីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​​មហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ព្រម​ទាំង ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នក​មុខ​អ្នកការ  កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ​ជាង១០.០០០នាក់។

បន្ទាប់ពីពិធីគោរពទង់ជាតិ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រះករុណាព្រះបាទសម្ដេច​ព្រះ​ប​រមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រា​ជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គបានសព្វ​ព្រះ​រាជ​ហឫទ័យស្ដេច​យា​ង​​ប្រទានកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំងយាងប្រទានភ្លើងជ័យ ដែល​ដង្ហែអមព្រះ​រា​ជ​ដំណើរ​ដោយ សម្ដេច វិបុលសេនាភក្ដី សា​យ ឈុំ សម្ដេចពញាចក្រី ហេង ​សំរិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ដែល​មានព្រះរាជ​វត្ត​មាន សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃ និងព្រះ​រាជា​គ​ណៈ​ ៩អង្គ ស្វាធ្យាយជយន្តោ ផងដែរ។

ក្រោយពីពិធីបង្ហោះប៉េងប៉ោង និងលែង​ព្រាប​ជានិ​មិត្ត​រូប​​នៃសន្តិភាព ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេច​យាងសំណេះសំណាល​សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រី​រាជការ អ្នកមុខអ្នកការ អង្គទូត និង​សិស្ស​​និស្សិត លោក​​គ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងទិវាបុណ្យឯករាជាជាតិ ៩ វិច្ឆិកា  និង​ទិវា​កំ​ណើត​កង​យោ​​ធពលខេមរភូមិន្ទនៅជុំវិញវិមានឯករាជ្យផងដែរ។ បើ

តាមកម្មវិធីដែល​បាន​គ្រោ​ង​​ទុ​ក នៅរាត្រី​ថ្ងៃ​ដដែលនេះ ក៏មានរៀបចំពីធីអុចកាំជ្រួច​នៅខាងមុខ​ព្រះបរមរាជវាំង និង​ការ​​ប្រ​គំ​តន្ត្រី ការ​ស​ម្ដែង​សិល្បៈជូនប្រជារាស្ត្រទស្សនា កម្សាន្តសប្បាយនៅតាមទី​ធ្លា​សា​ធារ​ណៈ​។

ដោយឡែក កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ត្រីតាមក្រសួង ស្ថាប័ន រដ្ឋលេខា​ធិ​ការដ្ឋាន និងសាលា រាជធានីភ្នំពេញ ​ក៏បានចូលរួមដាក់កម្រងផ្កា​គោរព​​វិញ្ញាណក្ខន្ធ​នៅ​​វិមាន​ឯករាជ្យ និងថ្វាយកម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធ ​«ព្រះបរមរតន​កោដ្ឋ​​»​ នៅវិមាន​ព្រះ​បរមរូប​ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងខួបអនុស្សាវរីយ៍ លើកទី៦៤ នៃទិ​វា​បុណ្យ​ឯក​រាជ្យ​ជាតិ ៩​វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧។

គួរបញ្ជាក់ដែរថា​ ព្រះរាជពិធី​ពន្លត់ភ្លើងជ័យនឹងប្រារព្ធធ្វើឡើង​នៅរសៀលថ្ងៃទី ១១ ខែ​វិច្ឆិ​​កា ឆ្នាំ២០១៧ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជា​អម្ចាស់​ជីវិត​លើ​ត្បូង៕

ដោយ ជឹម ណារី

 

 

 

 

Share
    Download PDF

Comments are closed.