សហព័ន្ធរុស្ស៊ីមានបំណងជួយជួសជុលប្រាសាទបូរាណកម្ពុជា
AKP ភ្នំពេញថ្ងៃទី ២៨ តុលា ២០១១—
ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តីសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ គណៈ រដ្ឋមន្ត្រីរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០១១នៅទីស្ដីការគណៈរដ្ឋមន្ត្រីឯកឧត្តម ALEXANDER IGNATOV ឯកអគ្គរដ្ឋ ទូតនៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា អមដំណើរដោយ លោកសាស្ត្រាចារ្យ VICTOR SUMSKIY និងប្រតិភូ មួយចំនួន បានជំរាបជូនថារុស្ស៊ីមានបំណងចង់ជួយជួសជុលប្រាសាទមួយនៅខេត្តសៀមរាប ដែលនេះជា ការរួមចំណែកជួយដល់ការអភិរក្ស និងអភិវឌ្ឍផ្នែកវប្បធ៌មរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានលើកទឹកចិត្ត ព្រមទាំងបានជំរាបជូនអំពីគោលនយោ បាយ របស់ រាជរដ្ឋាភិបាលក្នុងការអភិរក្សជួសជុលឡើងវិញនូវប្រាសាទចាស់ៗ នៅខេត្តសៀមរាបក៏ដូចជា នៅ ខេត្ត មួយចំនួនទៀត ។ កម្ពុជាជាប្រទេសមានសក្ដានុពលខ្ពស់និងមានប្រាសាទបូរាណច្រើនជាងគេ នៅ លើពិភពលោក។
ប៉ុន្តែប្រាសាទបូរាណមួយចំនួនទទួលរងគ្រោះដោយគ្រោះធម្មជាតិ ។ដូចនេះយើងត្រូវការជួសជុលឡើង វិញ ដើម្បីជាផ្នែកមួយរក្សានូវបេតិកភណ្ឌជាតិនិងទាក់ទាញភ្ញៀវទេសចរមកកាន់ កម្ពុជាបន្ថែមទៀត ។
ឯកឧត្តម សុខ អាន បន្តថា កម្ពុជាមានប្រាសាទជាង១០០០ដែលភាគច្រើននៅខេត្តសៀមរាប។
ចំពោះប្រាសាទអង្គរវត្តដ៏ល្បីល្បាញត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ។ ដោយ កម្ពុជាមានសក្ដានុពលខ្ពស់លើវិស័យវប្បធម៌ បេតិកភណ្ឌជាតិ និងពិភពលោកនោះទើបបានជានៅឆ្នាំ ១៩៩២ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ(ICC) ដែលមានសហប្រធាន គឺជប៉ុននិងបារាំងត្រូវបានបង្កើតឡើងដើម្បី ធ្វើការអំពាវនាវឲ្យប្រទេសជាមិត្តរបស់កម្ពុជាឲ្យផ្ដល់់ជំនួយជួសជុល អភិរក្សប្រាសាទនានាដែលទទួល ការខូចខាត ។ បច្ចុប្បន្នមានប្រទេសចំនួន១៦បានចូលរួមក្នុងការអភិរក្ស និងមានគំរោងចំនួន៦០គំរោងដែលបាននិងកំពុងធ្វើនិងបន្តធ្វើចាប់តាំងពីឆ្នាំ១៩៩២រហូតមកដល់សព្វថ្ងៃ។
លោកសាស្ត្រាចារ្យ VICTOR SUMSKIY បានមានប្រសាសន៏ឯកភាពទៅលើទស្សនៈ និងការយល់ឃើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ថា មានសារសំខាន់ណាស់ដែលរុស្ស៊ី គួរតែចូលរួមនៅក្នុងការជួស ជុល និងអភិរក្សប្រាសាទណាមួយនៅខេត្តសៀមរាប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏ថា កន្លងមកនេះមានប្រទេសមួយចំនួនបានទទួលយកការជួសជុល និងអភិរក្សប្រាសាទមួយចំនួននៅខេត្តសៀមរាបនោះគឺប្រទេសបារាំង ជប៉ុន ឥណ្ឌា ស្វីស អ៊ីតាលី អាល្លឺម៉ង់ ហុងគ្រី ចិន អាមេរិក កូរ៉េខាងត្បូង . .។ ដូច្នេះរុស្ស៊ីគួរតែចូលរួមចំណែកក្នុងការ ជួយជួសជុល និងអភិរក្សប្រាសាទបូរាណនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតរុស្ស៊ី មានប្រសាសន៏ថា នៅឆ្នាំ២០១២ ខាងមុខនេះដោយសារតែកម្ពុជាធ្វើជាម្ចាស់ ផ្ទះនៃកិច្ច ប្រជុំកំពូលអាស៊ាន និងជាប្រធានអាស៊ាន នោះនឹងមានការផ្លាស់ប្ដូរថ្នាក់រដ្ឋមន្ត្រីរវាងទីក្រុងមូស្គូ និងទី ក្រុង ភ្នំពេញ ។ នៅក្នុងដំណើរទស្សនកិច្ចនាពេលនេះគណប្រតិភូនឹងទៅធ្វើទស្សនកិច្ចនៅខេត្តសៀមរាបដើម្បី ពិនិត្យមើលថាតើប្រាសាទណាមួយដែលរុស្ស៊ីគូរជ្រើសរើសយកជួសជុល និងអភិរក្ស៕
ដោយលោក អ៊ុក សាផាន
| Tweet |
|
|
|
|
|
|
|
|||||











