សង្គមស៊ីវិលពិគ្រោះយោបល់ត្រៀមឆ្ពោះទៅវេទិកាជាន់ខ្ពស់លើកទី៤ នៅក្រុងប៊ូសាន់
AKP ភ្នំពេញថ្ងៃទី ២៨ តុលា ២០១១—
ដើម្បីឆ្ពោះទៅវេទិកាជាន់ខ្ពស់លើកទី៤ នៅទីក្រុងប៊ូសាន់ នៃសាធារណរដ្ឋកូរ៉េនាពេលខាងមុខ នេះ អង្គការ គណៈកម្មាធិការប្រតិបត្តិការដើម្បីកម្ពុជា (CCC) វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការមេឌីខាំ បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធពហុភាគីស្តីពីការ ត្រៀមលក្ខណៈសម្រាប់ វេទិកាជាន់ខ្ពស់លើកទី៤ នៅទីក្រុងប៊ូសាន់ ប្រទេសកូរ៉េខាងត្បូង។
លោក លន់ បូរិទី្ធ នាយកប្រតិបត្តិអង្គការគណៈកម្មាធិការប្រតិបត្តិការដើម្បីកម្ពុជាបានឲ្យដឹងនៅ សណ្ឋាគារ សាន់វ៉េព្រឹកថ្ងៃទី២៦តុលានេះថា សិក្ខាសាលាពិគ្រោះយោបល់ដែលមានរយៈពេលពីរថ្ងៃ (២៦-២៧) តុលានេះ មានគោលបំណងដើម្បីជម្រុញការពិភាក្សា និងការឆ្លុះបញ្ជាំងអំពីវិធី ដែលអង្គការសង្គម ស៊ីវិលកម្ពុជា អាចរួម ចំណែកបានល្អប្រសើរចំពោះប្រសិទ្ធភាពនៃការអភិវឌ្ឍ និងកំណត់រកឧបសគ្គដែល រាំងស្ទះដល់ការអនុ វត្ត នានា ដើម្បីធ្វើបច្ចុប្បន្នភាពចុងក្រោយមួយដើម្បីឯកសារជាក់លាក់មួយសម្រាប់ ដាក់ជូនវេទិកាជាន់ខ្ពស់លើទី៤នោះ។
លោកនាយកអង្គការ(CCC) បានបន្តថា វេទិកាជាន់ខ្ពស់លើកទី៤ នៅទីក្រុងប៊ូសាន់ប្រទេសកូរ៉េខាងត្បូង នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នំា ២០១១។ វេទិកានេះ នឹងមានគណៈ ប្រតិភូនៃ អង្គការសង្គមស៊ីវិលចំនួន៣០០រូប ដែលអញ្ជើញមកពីជុំវិញ ពិភពលោក ចូលរួមជាមួយនឹងអាណត្តិការងារ មួយច្បាស់លាស់ដើម្បីការពារព្រមទាំងជះឥទ្ធិពលទៅលើ ឯកសារលទ្ធផលទីក្រុងប៊ូសាន់ ដែលជាការសម្រេច ចុងក្រោយតាមរយៈការចូលរួមពេញលេញនៅតុចរ ចាជាមួយដៃគូអភិវឌ្ឍន៍ និងតំណាងរដ្ឋាភិបាល។
លោកនាយកប្រតិបត្តិនៃអង្គការ(CCC)បានបញ្ជាក់ថា សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបាន នឹង កំពុងមាន សកម្មភាពខ្លាំងនៅក្នុងចលនាអង្គការសង្គមស៊ីវិលសកល ហើយក៏បានចូលរួមនៅក្នុងបញ្ហា ទាំងអស់នេះ ទាំងនៅកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះយោបល់អ្នកពាក់ពន្ធ័ពហុ ភាគីជាច្រើន រាប់ បញ្ចូលសន្និបាតសកលនៃអង្គការសង្គមស៊ីវិលលើកទី២ ដែលបានប្រារព្ធធ្វើទ្បើងក្នុង ក្រុងសៀមរាប និងរៀប ចំនៅក្នុងប្រទេសក្រោមកិច្ចសហការជាមួយវេទិកាបើកទូលាយ។
សេចក្តីព្រាង របាយការណ៍មួយដែលមានចំណងជើងថា មគ៌ាឆ្ពោះទៅទីក្រុងប៊ូសាន់ ត្រូវបានចងក្រងរួម គ្នាដោយ អង្គការ (CCC) វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការ មេឌីខាំ ហើយឯកសារនេះ រាបរាប់អំពីកិច្ចខិតខំ និងសមិទ្ធផលដែលសំរេចបាននៅក្នុងប្រទេសកម្ពុជា៕
ដោយលោក ប៉ាល់ សុង
| Tweet |
|
|
|
|
|
|
|
|||||











