សម្ដេចតេជោ៖ មិនត្រូវទុកឱ្យជនក្បត់ក្រោមបញ្ជាបរទេសមកបំផ្លិចបំផ្លាញ និងបង្កសោកនាកម្មនៅកម្ពុជាទៀតទេ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ –ក្នុងនាមជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាព និងនយោបាយ  ឈ្នះ ឈ្នះ ដែលជំរុញការ កសាងប្រទេសឱ្យមានការីចម្រើនមកដល់បច្ចុប្បន្ននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា មិនត្រូវទុកឱ្យជនក្បត់ក្រោមបញ្ជាបរទេស មកបំផ្លិចបំផ្លាញ និងបង្កសោកនាដកម្មនៅកម្ពុជាដូចពីអតីតកាលទៀតទេ។

ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុងអាមេខ្សែកាប ឆ្លងកាត់ទន្លេសាប តភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វារ នៃខណ្ឌជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ នៃខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន មានប្រសាសន៍ថា “ថ្ងៃនេះប្រជាជនកម្ពុជានៅទូទាំងប្រទេស សុទ្ធតែចងចាំខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ប៉ុន្តែក្នុងឋានៈជាស្ថាបនិក នៃកិច្ចព្រមព្រៀងប៉ារីស យើងបានដឹងបានស្គាល់ តាំងពីចំណុចចាប់ផ្ដើមបញ្ហារបស់កម្ពុជា ហើយសង្ឃឹមថា អ្នកដែលបកស្រាយ កិច្ចព្រមព្រៀង ទីក្រុងប៉ារីសទាំងឡាយត្រូវបកស្រាយឱ្យបានត្រឹមត្រូវ”។ សម្ដេចបន្ដថា ជំនួបសីហនុ-ហ៊ុនសែន ០២ធ្នូ ជាចំណុចចាប់ផ្ដើម នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចតេជោ បានបន្ដថា “ខ្ញុំគិតថាមនុស្សមួយ ចំនួនមិនស្គាល់ កិច្ចព្រមព្រៀង ប៉ារីស។ ប្រសិនបើយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកគោរពតើការកាត់ ទោសខៀវ សំផន នួនជា តើត្រឹមត្រូវឬទេ បើយកកិច្ចព្រមព្រៀង ប៉ារីស មកនិយាយទាំងស្រុង សួរថាតើការ រំលាយអង្គការចាត់តាំងខ្មែរក្រហម ត្រឹមត្រូវឬអត់”។ សម្ដេចតេជោបានបន្ថែមថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស វាបានរលាយចូលរដ្ឋធម្មនុញ្ញកម្ពុជាបាត់ទៅហើយ។

កិច្ចព្រមព្រៀងប៉ារីសតម្រូវឱ្យមានអន្តរាគមន៍ របស់អង្គការសហប្រជាជាតិ ដោយចំណាយលុយអស់ ២.០០០លានដុល្លារ តែលទ្ធផលមិន អាចសម្រេចបានទេ។ អ៊ុនតាក់បន្សល់ឱ្យកម្ពុជាមានរាជរដ្ឋាភិបាល២កម្លាំង ដោយកម្លាំងខ្មែរ ក្រហមនៅមាននៅឡើយ។ប៉ុន្តែ នយោបាយឈ្នះ ឈ្នះបង្គ្រប់ឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា “ដើម្បីថែរក្សាសន្តិភាពមិនត្រូវឱ្យជនក្បត់ ក្រោមបញ្ជាបរទេសណាមកបំផ្លាញ កម្ពុជា។ ប្រទេសដទៃដែលបានកើតសង្គ្រាម តើវាយ៉ាងម៉េច ប្រទេសដែលមានបដិវត្តន៍ពណ៌តើវាយ៉ាងម៉េច។ បើអ្នកចង់សាកតាមរយៈកងកម្លាំងប្រដាប់អាវុធខ្ញុំកំដរ អ្នកចង់សាកទេ បើអ្នកចង់សាកខ្ញុំសាកឱ្យអ្នកមើល អ្នកមិនទាន់អាចទៅរួចទេ។ កុំថាខ្ញុំកម្ចាត់អ្នកនយោបាយឱ្យសោះ។ អ្នកចង់កម្ចាត់ខ្ញុំដូចអ្នកចង់កម្ចាត់ រាជរដ្ឋាភិបាលស្របច្បាប់ ហើយ ហ៊ុន សែន កំពុងដឹកនាំរដ្ឋអធិបតេយ្យមួយមិនអាចឱ្យអ្នកឯងមកផ្ដួលរំលំ ងាយៗទេ”។

សម្ដេចនាយករដ្ឋមន្រ្ដីបានលើកឡើងថា ដើម្បីបម្រើផលប្រយោជន៍ ប្រជាជនយើងហ៊ានកម្ចាត់ចោលនូវមនុស្ស មួយចំនួន ដើម្បីការពារសមិទ្ធផលសង្គមជាតិដែលយើងកសាង បានដោយលំបាក យើងប្ដេជ្ញាអនុវត្តច្បាប់ ដើម្បីកំចាត់ជនក្បត់ជាតិ បើមានការតម្រូវកងកម្លាំងប្រដាប់អាវុធត្រូវត្រៀមឱ្យស្រេច ដើម្បីឆ្លើយតប សភាពការណ៍៕

ដោយ ជឹមណារី

Share
    Download PDF

Comments are closed.