ប្រមុខរាជរដ្ឋាភិបាល អញ្ជើញចូលរួមបើកការដ្ឋានស្ពានបេតុងអាមេខ្សែកាប ឆ្លងកាត់ ទន្លេសាប ដែលមានតម្លៃជាង៣៥លានដុល្លារសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧​ –ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាប ដែលមានតម្លៃ ៣៥លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា – ចក្រកម្ពុជា។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការស្ថាបនាស្ពានបេតុងឆ្លង កាត់ទន្លេសាបតភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារនៅក្នុងខណ្ឌជ្រោយចង្វារមកកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ៣៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺជាប្រភេទស្ពានបេតុងខ្សែកាបមានប្រវែង ៩២២ម៉ែត្រ តភ្ជាប់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារមកកាន់ផ្លូវជាតិលេខ ៥ ត្រង់ចំនុចប្រសព្វផ្លូវលេខ ៣៦ ចាក់ភ្ជាប់ ទៅដល់ផ្លូវរថភ្លើងដែលកំពុងសាងសង់និងអាចបើកភ្ជាប់ទៅដល់ផ្លូវលេខ៥៩៨ ដែលត្រូវទទួល ការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយប្រើរយៈ ពេលសាងសង់ចំនួន ២៨ ខែ និងប្រើប្រាស់កញ្ចប់ថវិកាបានមកពីគម្រោងវិនិយោគតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ សរុប៣៥.៨លានដុល្លារ អាម៉េរិក។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងក្ដីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលស្ពាន ថ្មីឆ្លងកាត់ទន្លេសាបនេះ ដែលជាសមិទ្ធផលរួមរបស់ប្រទេសកម្ពុជា ក៏ដូចជាសមិទ្ធផលរបស់រាជធានីភ្នំពេញ ផងដែរ។ តាមរយៈសមិទ្ឋផលស្ពានបេតុងថ្មីនេះគឺនឹងជួយរំដោះចរាចរផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក្នុងពេលដែលស្ពានមិត្តភាពកម្ពុជា ជប៉ុន កំពុងធ្វើការជួសជុល និងជួយសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញពីបណ្តាខេត្តមករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត នានាដែលកំពុងដែលមានកំណើនឥតឈប់ឈរ ជាពិសេសជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុង ការធ្វើដំណើរពីតំបន់ឬស្សីកែវ ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារដែលនឹងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានជីវភាពល្អប្រសើរឡើង ។

សម្តេចតេជោបានរំម្លឹកថា កាលពីមុនរាជធានីភ្នំពេញមានតែផ្ទៃដីប្រមាណ ៣០០គីឡូមែត្រការ៉េ តែពេលនេះ  បានពង្រីកឡើងដល់៧០០គីឡូម៉ែត្រការ៉េ ជាមួយសមិទ្ធផលថ្មីៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ បម្រើសេចក្តី ត្រូវការ របស់ប្រជាពលរដ្ឋ។ សម្ដេចតេជោបានបន្ដថា កាលពីមុន តំបន់ព្រែក តាសេកក្នុង ខេត្តកណ្តាល មិនមាន មនុស្សរស់នៅច្រើននោះទេ ហើយមិនស្ថិតនៅ ក្នុងរាជធានី ភ្នំពេញដែរ ប៉ុន្តែពេលនេះ តំបន់នេះបានកាត់បញ្ចូល នៅក្នុងរាជធានីក្រុងភ្នំពេញ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ និងស្ពាន ឆ្លងកាត់ទន្លេ និងមានគម្រោងជាច្រើនទៀត។

ដូច្នេះដើម្បីការពាររក្សានូវសមិទ្ធផលជាតិទាំង អស់នេះ ដើម្បីសេចក្តីសុខរបស់យើងគ្រប់ៗគ្នា គឺសូមប្រជា- ពលរដ្ឋចូលរួមរក្សាសន្តិភាពឱ្យ នៅគង់វង្ស ព្រោះថា បើគ្មានសន្តិភាពទេក៏គ្មានការអភវិឌ្ឍដែរ។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់អំណោយជាថវិកាមួយចំនួនជូនដល់ សាលាខណ្ឌឬស្សីកែវ និង ខណ្ឌជ្រោយចង្វារ ព្រមទាំងក្មួយៗក្រុមកាយរិទ្ធ កម្មករសាងសង់ស្ពាន យាយជី តាជី និងអញ្ជើញចុចប៊ូតុង បើកការដ្ឋានសាងសង់ស្ពានបេតុងអាមេខ្សែកាបនោះផងដែរ៕

ដោយ ជឹម ណារី

Share
    Download PDF

Comments are closed.