រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តើមអង្គកឋិនទានសាមគ្គីប្រមូលបច្ច័យបានជាង ១៣៩លានរៀល និង កសាងព្រះវិហារវត្តតេជះភ្នំស្រង់ ក្នុងខេត្តកំពង់ស្ពឺ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ –ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្សី ព្រមទាំងបុត្រ លោក យាយសីលវតី ពេន យុត ប្រធានសីលវតីវត្តមង្គលវ័ន ព្រមទាំងបុត្រ និងចៅៗ រួមជា មួយថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះក្រសួងព័ត៌មាន បានផ្តួចផ្តើមអង្គកឋិនទាន សាមគ្គីមួយ ប្រមូល បច្ច័យបានជាង១៣៩លានរៀល និងប្រាក់ដុល្លាចំនួន ២.៧០០ដុល្លារអាម៉េរិក ដើម្បីយកទៅកសាងព្រះវិហារ វត្តតេជះ ភ្នំស្រង់ ស្ថិតក្នុងឃុំស្រង់ ខេត្តកំពង់ស្ពឺ និងវត្តមង្គលវ័ន ក្នុងរាជធានីភ្នំពេញ។

អង្គកឋិនទាននេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២១ខែតុលា ជួបជុំពុទ្ធបរិស័ទ ប្រារព្ធពិធីនមសក្កា ព្រះរតនត្រៃយ៍សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែង ព្រះធម៌ទេសនា នារោងបុណ្យ ស្ថិតនៅក្នុងបរិវេណក្រសួងព័ត៌មាន។ លុះព្រឹកឡើងថ្ងៃទី ២២ ខែ ឆ្នាំដដែល អង្គកឋិនទានបានដង្ហែរឆ្ពោះទៅ កាន់វត្ត តេជះភ្នំស្រង់ ស្ថិតក្នុងឃុំស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ដើម្បីវេរប្រគេនត្រ័យជីវរ និងគ្រឿងបរិក្ខារ ដល់ព្រះសង្ឃជាកិច្ច បង្ហើយបុណ្យ។

តាមការបញ្ជាក់ពីព្រះព្រហ្មបញ្ញា វ៉ែង វុទ្ធី ព្រះរាជាគណៈ និងជាព្រះចៅអធិការ វត្តតេជះភ្នំស្រង់ មានសង្ឃដីការ លើកឡើងថា វត្តនេះបានកសាងមកជាង២០ឆ្នាំមកហើយ ដែលដំបូងឡើយតំបន់នេះ សម្បូរដោយព្រៃ និង គ្រាប់មីនបន្សល់ទុកពីសម័យសង្គ្រាម។ ប៉ុន្តែ ដោយសារប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ប្រជាពលរដ្ឋមានជីវភាពធូរធា វិស័យព្រះពុទ្ធសាសនាត្រូវបានលើកម្ពស់នោះ ពុទ្ធបរិស័ទចំណុះជើងវត្ត តាជីយាយជី គណៈ កម្មការអាចារ្យវត្ត រួមគ្នាជាមួយអាជ្ញាធរដែនដី បានរៀបចំបង្កើតទីអារាមនេះឡើង សម្រាប់ ជា ទីកន្លែងសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ដោយមិនមានព្រះវិហារនៅឡើយ ទេ។

ចំណែកព្រះវិហារក្នុងវត្តទើបកសាងបានខ្លះៗនៅឡើយដោយសារខ្វះខាតបច្ច័យ ដូច្នេះ សម្រាប់អង្គកឋិនទាន ដែលផ្តួចផ្តើមដោយឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងលោកជំទាវ លោកយាយ ពេន យុត ព្រមទាំងបុត្រ និងចៅៗ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន បានមូលមតិគ្នាដង្ហែអង្គកឋិនទាន ចូលវត្តតេជ្ជៈភ្នំស្រង់ ដើម្បី ទុកសម្រាប់បន្តកសាងព្រះវិហារទៅមុខទៀត។

ព្រះចៅអធិការវត្តអង្គនេះ ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន      ខៀវ កាញារីទ្ធ និងលោកជំទាវ លោកយាយសីលវតី ពេន យុត និងក្រុមគ្រួសារ អស់លោកមន្ត្រីរាជការ ក្រសួងព័ត៌មាន ទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ដែលបានរួមគ្នាធ្វើអង្គកឋិនទានចូលមកកាន់ ទីអារាមនេះ ដើម្បីប្រមូលបច្ខ័យជួយកសាងព្រះវិហារ ក៏ដូចជាសមិទ្ធផលដទៃៗទៀតក្នុងវត្ត នេះឱ្យមានការរីក ចម្រើន។

តាមការប្រកាសរបស់តាអាចារ្យគណៈកម្មការវត្តបានឱ្យដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានប្រគេនបច្ច័យដល់ព្រះចៅ អធិការវត្តចំនួន៥០០ដុល្លារអាម៉េរិក ព្រះគ្រូសូត្រ ឆ្វេង-ស្តាំ ក្នុងមួយអង្គ ៣០០ដុល្លារអាម៉េរិក និងព្រះសង្ឃក្នុងវត្តតេជះភ្នំស្រង់ក្នុងមួយអង្គចំនួន ១៥ម៉ឺនរៀល៕

ដោយ ប៉ាល់ សុង

Share
    Download PDF

Comments are closed.