សម្ដេចតេជោ៖ លោក លឺ ឡាយស្រេង នឹងប្រឈមមុខច្បាប់យ៉ាងធ្ងន់ធ្ងរ ចំពោះការប្រមាថព្រះចេស្ដារព្រះមហាក្សត្រ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក លឺ ឡាយស្រេង នឹង    ប្រឈម ចំពោះមុខច្បាប់យ៉ាងធ្ងន់ធ្ងរ ក្នុងការប្រមាថព្រះចេស្ដារព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ  នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការប្រៀបធៀបព្រះអង្គទៅ នឹងមាន់ក្រៀវនោះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជំនួយការរោងចក្រ ចំនួនជាង ៤.៤០០នាក់ ដែលមកពីរោងចក្រ ចំនួន៧០ ក្នុងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ នៅសាលមហោស្រព កោះពេជ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ថ្លែងជាសារនយោបាយថា ការប្រមាថចំពោះព្រះមហាក្សត្រ ប្រៀបព្រះអង្គទៅនឹងមាន់ក្រៀវ គឺជារឿងយ៉ាង ធ្ងនធ្ងរ ពន់ពេក លោក លឺ ឡាយស្រេង បានទទួលស្គាល់ហើយនូវកំហុស ដោយចេញជាឃ្លីបវីដេអូ កាលពីល្ងាច មិញ លោកជំទាវ គី លំអង មិនចាំបាច់ព្រួយទេ អ្នកដែលធ្ងន់ធ្ងរគឺ លឺ ឡារស្រង។

សម្ដេចក្រុមព្រះ ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ព្រះអង្គនឹងប្ដឹង ឯខ្ញុំ លទ្ធភាពជាច្រើនខ្ញុំត្រូវប្ដឹង លឺ ឡាយស្រេង ដែលបានចោទខ្ញុំថា បានផ្ដល់លុយឱ្យសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងម្នាក់២០.០០០ដុល្លារ ដែលត្រៀម ចូលសភា ខ្ញុំនឹងប្ដឹង នេះជាការបរិហារកេរ្តិ៍ចំពោះខ្ញុំ ដូច្នេះមេធាវីរបស់ខ្ញុំពិនិត្យមើលឯកសារ ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង។

សម្ដេចតេជោបានបន្ដថា ម្នាក់នេះខូចណាស់ កាលពីនៅធ្វើការជាមួយខ្ញុំអ្នកដែលមានជម្លោះ និងរំលោភដីធ្លី មុនគេ នៅខេត្តបន្ទាយមានជ័យ គឺឡឺឡាយស្រេង ឥឡូវតាំងខ្លួនជាអ្នកខ្លាំង។ កាលជំនាន់ធ្វើរដ្ឋមន្ត្រី ក្រសួង ព័ត៌មាន ក្រោយមកជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ការិយាល័យរបស់ ខ្ញុំសឹកអស់ហើយ ចេញចូលៗ ឱ្យខ្ញុំជួយដោះស្រាយរឿងដីរបស់គាត់ដែលមានជម្លោះជាមួយប្រជាជន នៅប៉ោយប៉ែត។ តែឥឡូវគាត់ ក្លាយជាអ្នកគ្រាន់បើដើរប្រដៅគេ ហើយប្រមាថ ព្រះចេស្ដារព្រះ មហាក្សត្រប្រៀបព្រះអង្គទៅនឹងមាន់ក្រៀវ។

សម្ដេចបានបន្តទៀតថា សម្ដេចក្រុមព្រះ នឹងប្ដឹង លោក លឺ ឡាយស្រេង អាចមានអង្គហេតុចំនួនពីរ គឺមួយ មួលបង្កាច់សម្ដេចក្រុមព្រះ និង អង្គហេតុមួយទៀតគឺប្រមាថព្រះមហាក្សត្រ ព្រោះរដ្ឋធម្មនុញ្ញបានចែងថា ព្រះមហាក្សត្រ មិនអាចបំពានបានឡើយ។ ជាមួយគ្នានេះ ការមួលបង្កាច់ ការបរិហារកេរ្តិ៍ សម្ដេចក្រុមព្រះ និងបរិហារកេរ្តិ៍ខ្ញុំ ត្រូវមានទោសច្បាស់លាស់ដែលមានចែងក្នុងច្បាប់រួចហើយ អ្នកមិនអាចរួចខ្លួនទេ កុំធ្វើជា ចាស់ព្រើល និងចាស់ស្ទាវឱ្យសោះ។ សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា បើទោះបីជាមាន ការសុំទោស ពីលោក លឺ ឡាយស្រេង ក៏សម្ដេចមិនលើកលែងឱ្យដែរ និងស្នើឱ្យក្រសួង យុត្តិធម៌ពិនិត្យមើលថា តើទោស ប្រមាថព្រះចេស្ដារព្រះមហាក្សត្រត្រូវមានទោសយ៉ាងម៉េច៕

ដោយ ជឹម ណារី

Share
    Download PDF

Comments are closed.