រដ្ឋមន្រ្តីការពារជាតិថៃថា ភាគីថៃនឹងអនុវត្តតាម សេចក្តីសម្រេចតុលាការឡាអេចំពោះបញ្ហាប្រាសាទព្រះវិហារ

AKP ភ្នំពេញថ្ងៃទី ២៤ កញ្ញា ២០១១–

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា នៅក្នុងជំនួបសំដែង ការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព កាលពីថ្ងៃទី ២៣ កញ្ញា ២០១១ ឯកឧត្តម Yuttasak Sasiprapha រដ្ឋមន្រ្តីក្រសួងការពារជាតិថៃមានប្រសាសន៍ថា ភាគីថៃនឹងអនុវត្ត តាមសេចក្តីសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ពាក់ព័ន្ធជាមួយ រឿងប្រាសាទ ព្រះវិហារ ហើយបានបញ្ជាក់ថា ការពិភាក្សារវាងរូបលោកជាមួយឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដោយបានទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

លោកជំនួយការថ្លែងថា លោក Yuttasak Sasiprapha បានស្នើឲ្យសម្តេចតេជោពិចារណាជួយ ដល់អ្នកទោស ថៃចំនួន ២ រូបដែលបាន និង កំពុងតែជាប់ក្នុងពន្ធធនាគារនៅក្នុងព្រះរាជាណាចក្រ កម្ពុជានោះ។នៅក្នុងជំនួប នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សភាពការណ៍កម្ពុជា-ថៃនៅ ពេលនេះអាចនិយាយបាន ថា ល្អវិលត្រឡប់មករកសភាពធម្មតាវិញហើយៗកងទ័ពនៃប្រទេសទាំងពីរ នៅពេលនេះមានតួនាទីសម្រប សម្រួល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន រស់នៅមានសន្តិភាព សុវត្ថិភាព ហើយ គប្បីលើកទឹកចិត្តឲ្យរដ្ឋបាល កងទ័ព ប្រជាជន ដែលរស់នៅ តាមព្រំដែន ដោយចៀសវាងឲ្យខាងតែបាននូវការ ផ្ទុះអាវុធ និងការប្រឈមមុខដោយប្រកាន់យកការ ចរចាជាសំខាន់ ហើយក៏ត្រូវសហការ ទប់ស្កាត់បញ្ហាឧក្រិដ្ឋ កម្មឆ្លងដែន និងការជួយដូរមនុស្សរត់ពន្ធ គ្រឿងញៀន និងការកាប់ឈើជាដើម។

សម្តេចតេជោបានលើកទឹកចិត្តឲ្យមានការបើកច្រក បើកផ្សារ តាមព្រំដែនសម្រាប់ការលក់ដូររបស់ប្រជាជន ដែលរស់នៅទីនោះ ព្រោះថានេះជាកត្តានាំមកនូវផល ប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។ពាក់ព័ន្ធនឹង សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិវិញ សម្តេចតេជោមានប្រសាសន៍ ថា យើងត្រូវតែគោរពតាម សាលដីកានេះឲ្យបានពេញលេញ ហើយចំពោះបញ្ហាទាក់ទងទៅនឹងការ សុំឲ្យមានការលើកលែង ទោសអ្នកទោសថៃនោះ សម្តេចតេជោមានប្រសាសន៍ថា បញ្ហានេះគប្បីបើក ការចរចាមួយដើម្បីដោះដូរអ្នកទោសជាកញ្ចប់តែម្តង ព្រោះថា អ្នកទោសថៃដែលមាននៅកម្ពុជាមិនមែនតែពីរ នាក់ទេ គឺបើយោងតាមលោកប្រធានសភាថៃឲ្យដឹងថា មានអ្នកទោសនៅសល់ចំនួន ៣៧ នាក់ទៀតហើយ នៅ ថៃក៏មានអ្នកទោសកម្ពុជាដែរ៕ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.