សាលារាជធានីភ្នំពេញបន្តចាត់វិធានការយ៉ាងតឹងរឹងចំពោះសេវា សុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី ២៣ កញ្ញា ២០១១–
លោកស្រី ទូច សារ៉ុម អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា សាលារាជធានីភ្នំពេញ នឹងបន្តចាត់វិធានការយ៉ាងតឹងរឹងបំផុត ដើម្បីលុបបំបាត់ឱសថក្លែងក្លាយ និងសេវា សុខាភិបាលខុសច្បាប់ ដែលនាំឲ្យមានការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះ ។
លោកស្រីអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈ កម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្ររាជធានី ភ្នំពេញរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១នេះ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការ ចូលរួមពីមន្ទីរពាក់ព័ន្ធ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរបាល ព្រះរាជអាជ្ញាសាលាដំបូង រាជធានី អភិបាលរងខណ្ឌ លេខាធិការដ្ឋាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ។
លោកស្រី ទូច សារុម ក៏បានលើកសរសើរដល់គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវា សុខាភិបាលខុសច្បាប់ ដែលកន្លងមកបានធ្វើការងារនេះបានល្អ ហើយសុំឲ្យ ពង្រឹងការងារនេះជាបន្ត ទៀតដោយសហការឲ្យបានល្អជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានចាត់វិធានការយ៉ាងតឹង រឹងបំផុតចំពោះអ្នកដែលមិនគោរពច្បាប់ និងតាម ការណែនាំរបស់សាលារាជធានីភ្នំពេញ ។ ជាពិសេស សកម្មភាពការងារគ្រប់គ្រងឱសថស្ថាន ឱសថស្ថានរង លុបបំបាត់ឲ្យបានកន្លែងលក់ឱសថក្លែងក្លាយ និងកន្លែងសេវាសុខា ភិបាលខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ លោកស្រី ទូច សារ៉ុម ឆ្លៀតឱកាសនេះ ក៏បានផ្តល់អនុសាសន៍ដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវសហ ការគ្នាឲ្យ បានល្អផងដែរជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំរថយន្តសង្រ្គោះបន្ទាន់ឲ្យមានរបៀបរៀបរយ និង ចុះជួយសង្រ្គោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ។
តាមរបាយការណ៍ស្តីពីសកម្មភាពរបស់ គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខា ភិបាលខុសច្បាប់ រាជធានីភ្នំពេញប្រចាំត្រីមាសទី៣ ឆ្នាំ២០១១ បានឲ្យដឹងថា សរុបឱសថស្ថាន ឱសថ ស្ថានរង មានច្បាប់នៅរាជធានីភ្នំពេញមានចំនួន ៥៩៩កន្លែង ប្រៀបធៀបទៅនឹងត្រីមាសទី២ មានការ កើនឡើង ១៨កន្លែង ។ អគារលក់ឱសថបុរាណ មានច្បាប់ ៩៦កន្លែង អត់មានច្បាប់គ្មាន ។ ដោយឡែក ចំពោះសេវាសុខាភិបាលឯកជន បន្ទប់ពិគ្រោះជម្ងឺទូទៅមាន១០១៩បន្ទប់ បន្ទប់ព្យាបាលមាត់ធ្មេញមាន ២០១បន្ទប់ បន្ទប់ ថែទាំជម្ងឺមាន ១២៦បន្ទប់ បន្ទប់ពិនិត្យស្រ្តីមានផ្ទៃពោះ ១១បន្ទប់ បន្ទប់ព្យាបាលដោយ ចលនាមាន ១២បន្ទប់ បន្ទប់សោភ័ណសល្យសាស្រ្តកែសម្ជស្សមាន ៣បន្ទប់ មន្ទីរពិសោធន៍ មាន ១០កន្លែង មន្ទីរសម្ភពមាន ៤កន្លែង មន្ទីរព្យាបាលមាត់ ធ្មេញមាន ២៣កន្លែង ។
លោកវេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធានលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខា ភិបាលខុសច្បាប់ និងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា កន្លែងលក់ឱសថអត់ ច្បាប់មន្ទីរបានលុបបំបាត់ស្ទើរតែទាំងស្រុង ប៉ុន្តែនៅតែមានកន្លែងកើតថ្មី ។ ចំពោះឱសថគ្មានបិទ លតប័ត្រ និងឱសថដែលក្រសួងហាមឃាត់មានការថយ ចុះច្រើនជាងមុន ហើយផ្នែកសេវាសុខភាព ឯកជនឃើញថា មានការប្រែប្រួលរីកចំរើនជាបន្តបន្ទាប់៕ ដោយលោក សួស សំរិត
| Tweet |
|
|
|
|
|
|
|
|||||











