កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នៅខែឧសភាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ –ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីពីអាស៊ាន (World Economic Forum on ASEAN ) ដែលវេទិកានេះនឹងចាប់ផ្តើមពីថ្ងៃទី១០    ដល់ ថ្ងៃទី​១២​ខែ​ឧសភា ឆ្នាំ២០១៧ខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅ​ក្នុងសន្និសីទ សារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីដំណើរ វិលត្រឡប់ប្រកបដោយសុវត្ថិភាព របស់សម្ដេចអគ្គ​មហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីការចូលរួមវេទិកា​សេដ្ឋ​កិច្ច​ពិភពលោកលើកទី៤៧ ឆ្នាំ២០១៧ នៅប្រទេសស្វ៊ីស។

ឯកឧត្ដម បានឱ្យដឹងទៀតថា ក្នុងពេលអញ្ជើញដល់ទីក្រុងស៊ូរិច (Zurich) ប្រទេសស្វ៊ី សនៅ​ថ្ងៃ​ដំ​បូង​សម្តេច ក៏បានយកឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរមក ពីបណ្តាទី​ក្រុង​ទីប្រជុំជននានា ក្នុង ប្រទេសស្វ៊ីស បារាំង អាល្លឺម៉ង់ ឆេកូ និងប្រទេស   បែលហ្ស៊ិក នៅទីក្រុងសួរិច, ហើយមួយថ្ងៃបន្ទាប់ សម្តេច ក៏បានបន្តដំណើរទៅចូលរួមវេទិកា សេដ្ឋកិច្ច​ពិភព​លោក​លើកទី៤៧ ប្រចាំឆ្នាំ២០១៧ នៅទីក្រុងដាវ៉ូស   (Davos) ព្រមទាំង បានជួបពិភាក្សា​ទ្វេ​ភាគី​ជា​មួយ ប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ព្រមទាំង បណ្តាថ្នាក់ដឹកនាំ នៃប្រទេស និង​​ស្ថាប័នមួយចំនួនទៀត។

គួរកត់សម្គាល់ថា វេទិកាដ៏មានសារៈសំខាន់នេះ សម្តេចតេជោនា​យក​រដ្ឋមន្ត្រីបានចូលរួមកិច្ចប្រជុំនានា ជាច្រើនរួមមានប្រធានបទ ១. ការដាក់ដំណើរការ​គោ​ល​​ដៅ​អភិវឌ្ឍប្រកបដោយចីរភាព៖ ការបើកចំហ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល​និងឯក​ជន, ២. ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម៖ ការកសាង និងការពង្រឹងភាពជាដៃ​គូ​ពហុ​ភាគី​​ពាក់ព័ន្ធ,  ៣. ការប្រជុំពហុភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹក  នាំ​ពិភព​លោក​, ៤. ការប្រជុំក្រៅផ្លូវការ នៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក៖ ការឆ្លើយតប និង​ការ​ទទួល​​ខុសត្រូវរបស់ថ្នាក់ដឹកនាំ នៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក,  ៥. អាស៊ានក្នុង​រយៈ​ពេល៥០ឆ្នាំ៖ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្តេច,  ៦. ការពិភាក្សាឯកជន នៃ​ថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ស្តីពីការស្រាវជ្រាវឱ្យមានដំណើរការដោយរលូន​នៃបដិវត្ត​ឧស្សា​ហកម្មលើកទី៤,   ៧. វិថីអាស៊ាន ឬផ្លូវហាយវេ ក្នុងពិភពលោកពោរពេញដោយភាព​បែក​បាក់ និង៨. ការបង្ហាញពីការផលិត៖ តើអាស៊ានជាសហគមន៍ មួយហើយឬនៅ។

ឯកឧត្តម កៅ គឹមហួន បានបញ្ជាក់ថា ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នេះ សម្តេចតេជោបានយកវេទិកានេះចែករំលែក បទពិសោធន៍ របស់អាស៊ាន ក៏ដូច​ជា​បទ​ពិសោធន៍របស់កម្ពុជា ជូនដល់បណ្តាមេដឹកនាំប្រទេសនានា លើកពិភពលោក ក៏ដូចជា​ដើ​ម្បី​លើកតម្កើងមុខមាត់របស់កម្ពុជាលើ ឆាកអន្តរជាតិ។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង សម្តេ​ច​ក៏បានយកវេទិកានេះ ពន្យល់និងបកស្រាយ អំពីគោលការណ៍ដ៏ជាក់លាក់​របស់អាស៊ា​​ន-ចិន ជូនមេដឹកនាំដែលចូលរួមផងដែរ។

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក​ស្តីពីអាស៊ាន​នៅ​កម្ពុ​ជាគឺ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា ទី១-មិនយក កម្រៃលើទិដ្ឋាការ (VISA) ទី២-មិន​យក​កម្រៃលើសំបុត្រធ្វើដំណើរពីរាជធានីភ្នំពេញទៅទស្សនាខេត្តសៀមរាប និង ទី៣-មិនយក​កម្រៃ​ការចូលទស្សនាប្រាសាទបុរាណខ្មែរទាំងអស់ ជូនដល់វាគ្មិនបរទេស និងអ្នកសេដ្ឋកិច្ច​ទាំង​ឡាយដែលនឹងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នៅប្រទេស​កម្ពុ​ជា។ អ្វីដែល សម្តេចតេជោចង់ឃើញគឺវេទិកានេះនឹងបញ្ចប់ដោយជោគជ័យ​ប្របកដោយ​អត្ថ​ន័យដែលមិនអាច បំភ្លេចបាន ពីសំណាក់អ្នកចូលរួម និងរួមទាំងការស្នាក់នៅក្នុង​ប្រទេស​កម្ពុជា​ប្របដោយសុវត្ថិភាព។

ការប្រារព្ធវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងប្រទេស​កម្ពុជាខាង​មុ​ខ គឺដើម្បីអបអរសាទរខួប៥០ឆ្នាំរបស់ អាស៊ាន និងការប្រមើលមើលពីអនាគត​របស់​អាស៊ាន​ផងដែរ៕

ដោយ ជឹម ណារី

Share
    Download PDF

Comments are closed.