គណៈប្រតិភូកាកបាទក្រហមកម្ពុជាចូលក្រាបថ្វាយបង្គំគាល់សម្តេចឳ សម្តេចម៉ែ

AKPភ្នំពេញថ្ងៃទី ២៩ កក្កដា ២០១១–

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានបង្ហាញ ពីការប្តេជ្ញា ចិត្តក្នុងការបង្កើននូវសកម្មភាពមនុស្សធម៌ ដែលបាន និងកំពុងតែទទួលនូវការអបអរសាទរពីសំណាក់ប្រជា ពលរដ្ឋកម្ពុជាទូទៅ និង ដៃគូអភិវឌ្ឍនានានោះ។

នៅពេលដឹកនាំគណៈប្រតិភូជាសមាជិក សមាជិកា គណៈកម្មាធិការកាកបាទក្រហមកម្ពុជា អណត្តិទី ៥ (២០១០-២០១៤) ចូលថ្វាយរបាយការណ៍ស្តីពីវឌ្ឍនភាព និង សមិទ្ធផលសំខាន់ៗ របស់កាកបាទក្រហម កម្ពុជារយៈពេល១ ឆ្នាំជូនសម្តេចឳ សម្តេចម៉ែ នៅក្នុងព្រះបរមរាជវាំង ដែលត្រូវ បានផ្សាយដោយស្ថានីយ៍ ទូរទស្សន៍ជាតិកម្ពុជានោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ ថា យើងខ្ញុំសូមប្តេជ្ញាចិត្តនឹង ខិតខំទ្វេឡើងថែមទៀត ដើម្បីសម្រេចបានបេសកកម្មមនុស្សធម៌ដ៏ ឧត្តុង្គឧត្តម ធ្វើឲ្យសុខុមាលភាព សុខភាព ប្រជារាស្រ្តបានកាន់តែល្អប្រសើរឡើងជាលំដាប់ និងកាត់បន្ថយបាននូវភាពក្រីក្រ និងអភិវឌ្ឍព្រះរាជាណា ចក្រកម្ពុជាឲ្យមានសុវត្ថិភាព ស្ថិរភាពរុងរឿងជា និច្ចនិរន្តន៍តទៅ។

លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍ថា របាយការណ៍ស្តីពីវឌ្ឍនភាព និងសមិទ្ធផល ព្រមទាំង ទិសដៅការងារបន្ត ដែលបានទូលថ្វាយព្រះករុណាសម្តេចឳ សម្តេចម៉ែ នេះគឺពិតជាការ ងារមួយដ៏ធំធេង ហើយដែលអាចសម្រេចបានដោយកម្លាំងរួមពីគ្រប់មជ្ឈដ្ឋាន ដង្ហែតាមព្រះរាជគន្លង និង វីរភាពគំរូនៃសម្តេចឳ សម្តេចម៉ែ និង ព្រះករុណាព្រះមហាក្សត្រក្នុងការបន្តភារកិច្ចដ៏ឧត្តុង្គឧត្តម នេះ ទាមទាឲ្យមានការចូលរួម កាន់តែខ្លាំងក្លាថែមទៀតពីគ្រប់មជ្ឍដ្ឋាន និង ស្មារតីនៃវប្បធម៌ចែក រំលែក និង សាមគ្គីជាតិរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ ហើយប្រការសំខាន់បំផុតនោះគឺព្រះរាជ ឧបត្ថម្ភគាំទ្រជាស្មារតី និង ព្រះរាជគំរូនៃវីរភាព របស់សម្តេចឳ សម្តេម៉ែ និង ព្រះករុណាព្រះមហា ក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា សម្រាប់ទិសដៅការងារបន្តកាកបាទក្រ ហមកម្ពុជា នឹងយកចិត្តដាក់អនុវត្តយុទ្ធសាស្រ្ត ២០១១-២០២០ ដែលនឹងជួយ ដល់ អ្នកងាយរងគ្រោះ ទាំងឡាយតាមរយៈសកម្មភាពក្នុង វិស័យស្នូលទាំង ៤ គឺគ្រប់គ្រងគ្រោះមហន្តរាយ អប់រំថែទាំសុខ ភាពសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូរមនុស្សជាតិ និង វប្បធម៌ អហឹង្សា និង រក្សាកិត្តិនាមកាក បាទក្រហមកម្ពុជា ជាសមាគមជាតិមានដំណើរការល្អ។

របាយការណ៍ស្តីពីវឌ្ឍភាព និង សមិទ្ធផលសំខាន់ៗរបស់កាក បាទក្រហមកម្ពុជារួមមាន ៦ ចំណុចគឺទី ១ ការអភិវឌ្ឍស្ថាប័ន ទី២ ការស្វែងរកមូលនិធិ ទី ៣ ការគ្រប់គ្រងគ្រោះមហន្តរាយ ទី ៤ ការអប់រំថែទាំសុខភាពសហគមន៍ ទី ៥ លើកកម្ពស់គោល ការណ៍គ្រឹះតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ និង វប្បធម៌អហឹង្សា និងទី ៦ គឺការងារសហប្រតិបត្តិការ និង ទំនាក់ទំនងអន្តរជាតិ។

មកដល់បច្ចុប្បន្ននេះកាកបាទក្រហមកម្ពុជាមានសមាជិកនៅទូទាំងប្រទេសចំនួនជាង២១ម៉ឹន នាក់ មានអ្នកស្មគ្រចិត្តចំនួន ១៦៣៨៣ នាក់និង មានយុវជនកាកបាទក្រហមចំនួន ១៥១៦៤ នាក់។

ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហមគឺជាឱកាសមួយ នៃការរកមូលនិធិទាំងនៅ ថ្នាក់កណ្តាល និង នៅថ្នាក់សាខារាជធានី ខេត្ត ទាំង ២៤ ដែលនៅឆ្នាំ ២០០៩ កាកបាទក្រហម កម្ពុជាទទួលបានមូលនិធិ ៤ លានដុល្លារ ឆ្នាំ ២០១០ ទទួលបាន មូលនិធិ ៧,៥ លានដុល្លារនៅឆ្នាំ ២០១១ នេះបានចំនួន ជាង ៩,៥លានដុល្លារ ដែលលទ្ធផលនៃការរក មូលនិធិនេះ មិនបានរាប់បញ្ចូល នូវការចូលរួមវិភាគទានពីសប្បុរជននៅគ្រប់មជ្ឈដ្ឋានក្នុងពេលមានការអំពាវនាវផ្សេងៗនោះទេ។

នៅក្នុងពិធីដ៏ប្រសើរនោះ សម្តេចឳ សម្តេចម៉ែបានបង្ហាញនូវការ សព្វព្រះរាជហឫទ័យចំពោះ សកម្មភាពដឹកនាំប្រទេសឲ្យមានការរីក ចម្រើនយ៉ាងឆាប់រហ័ស របស់សម្តេចអគ្គមហាសេនាបតី តេជោ និង ការដឹកនាំសមាគមជាតិកាកបាទក្រហមកម្ពុជាឲ្យមានដំណើការល្អ និង ទទួលបានការ គាំទ្រយ៉ាងពេញទំហឹងពីសប្បុរសជន ទូទៅនោះ។ព្រះករុណាទាំងទ្វេក៏បានបង្ហាញនូវការគាំទ្រ១០០ %ចំពោះគ្រប់សកម្មភាពរបស់សម្តេចតេជោ និង លោកជំទាវកិត្តិ ព្រឹទ្ធបណ្ឌិតដែលមានគោលដៅ ដើម្បីបម្រើជាតិនោះ៕ ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.