រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ីអបអរ និងគាំទ្រចំពោះសេចក្តីសម្រេចរបស់តុលាការឡាអេ

AKP ភ្នំពេញ,ថ្ងៃទី ២៩កក្កដា ២០១១—

យោងតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា នៅក្នុង ជំនួបសំដែងការគួរសម ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៨ កក្កដា លោក DATOSERI AHMAD ZAHID HAMIDI រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រទេសម៉ាឡេ ស៊ី បានសំដែងនូវការគាំទ្រ និង អបអរសាទរចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទី ក្រុងឡា អេកាលពីថ្ងៃទី ១៨ កក្កដា កន្លងទៅ នេះ ដោយមានប្រសាសន៍ថា លោកសូមសំដែងនូវការគាំ ទ្រយ៉ាងខ្លាំងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាប្រ ជាជន កម្ពុជាចំពោះសេចក្តីសម្រេចនេះ។

លោកជំនួយការឲ្យដឹងបន្តថានៅក្នុងជំនួបនោះលោក DATOSERI AHMAD ZAHID HAMIDI បានពាំនាំនូវការផ្តាំ ផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជូនចំពោះសម្តេច នាយករដ្ឋមន្រ្តី និងបានជំរាប ជូនសម្តេចតេជោថា នៅឆ្នាំក្រោយនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលរូបលោក សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំ នេះរបស់កម្ពុជានោះ ។

លោករដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជា នា ពេលនេះ គឺដើម្បីចូលរួមក្នុងពិធីប្រគល់នូវគម្ពីគូអាន ដល់ប្រជាជនមូស្លឹម នៅកម្ពុជា ដែលមានចំនួន ១០២០០ ក្បាល និង កម្រាលព្រំព្រែចំនួន ១០០០ ហើយលោកក៏មានបំណង ធ្វើយ៉ាងណានាំគម្ពីរគូអានឲ្យបានរហូតដល់ ១០០ ០០០ ក្បាលមកផ្តល់ ជូនប្រជាជនមូស្លឹមនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនមូស្លឹមនៅកម្ពុជា ក្នុងមួយ គ្រួសារទទួល បាន ១ ក្បាល ដែលគម្ពីរនេះនឹងនាំ ឲ្យប្រជាជនមូស្លឹមនៅកម្ពុជាប្រព្រឹត្តតែអំពើល្អ។

លោកជំនួយការឲ្យដឹងបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការផ្តាំ ផ្ញើរសាកសួរសុខទុក្ខរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ព្រមទាំងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល ម៉ាឡេស៊ី ដែលបានគាំទ្រនូវសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡា អេនោះ។សម្តេច តេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានជួយកម្ពុជា ក្នុងការ ផ្តល់អាហារូបករណ៍ដល់សិស្ស កម្ពុជានាពេលកន្លងមក ហើយបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី ក្រសួងការពារជាតិម៉ាឡេស៊ី ដែលបាន នាំមកនូវគម្ពីរគូអាន និងកម្រាល ព្រំជូនដល់ប្រជាជនមូស្លឹមរស់ នៅក្នុងប្រទេសកម្ពុជានោះ។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការបកប្រែសៀវភៅគូអានមកជាភាសាខ្មែរគឺជាកត្តា សំខាន់ព្រោះថា នៅពេលនេះកម្ពុជាមានប៉ុស្តិ៍ប្រមាណ ២ឬ៣ បានផ្សាយតាមរយៈគម្ពីរនេះ ប៉ុន្តែការផ្សព្វ ផ្សាយនោះគឺពុំមាន ជា ភាសាខ្មែរទេ ដូច្នេះបើគម្ពីរគូអាននេះមានជាភាសាខ្មែរនឹងអាចធ្វើឲ្យមានភាពងាយ ស្រួលក្នុងការយល់អំពីអត្ថន័យ នេះជាមិនខាន៕

ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.