ចំណាយ២០លានដុល្លារទៅលើគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ –ក្រសួងអប់រំ យុវជន និងកីឡា អង្គការ អេដ អេ អាក់ស្យុង និងអង្គការដៃគូជាតិ និងអន្តរជាតិចំនួន១៧បានផ្តួចផ្តើមបង្កើតឱ្យមានគម្រោងអប់រំមួយមានឈ្មោះថា «គម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា» កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីឯក ឧត្តម ហង់ ជួនណារ៉ុន រដមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់គម្រោង លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) ស្ថាប័នព្រឹទ្ធ សភា រដ្ឋសភា តំណាងមន្ទីរអប់រំទាំង២៥ខេត្តក្រុង រួមជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលប្រមាណជាង១០០នាក់។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា គម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជានេះ គឺធ្វើ ឡើងដើម្បីពិភាក្សា គ្នា និងដោះស្រាយទៅលើបញ្ហា និងការផ្តល់ឱកាសដល់កុមារា កុមារីកម្ពុជាចំនួន៥៧០០០នាក់ ដើម្បីឱ្យអ្នកទាំងអស់នោះអាចមានឱកាសចូលរៀន និងទទួលបាននូវសេវាអប់រំ និងទទួលបាននូវជំនាញសម្រាប់ពួកគេប្រចាំជីវិត ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា គម្រោងដៃគូរួមគ្នានេះមានវិសាល​ភាពគ្របដណ្តប់ទាំង២៥រាជធានី-ខេត្ត និងមានរយៈពេលអនុវត្តន៍​គម្រោងចំនួន៤២ខែ ដោយចំណាយថវិកាចំនួនប្រមាណជា២០លានដុល្លារ ចាប់តាំងពីខែមិថុនាឆ្នាំ២០១៤ ដល់ខែ វិច្ឆិកាឆ្នាំ២០១៧ ។ ក្រុមគោលដៅរបស់គម្រោងនេះ គឺកុមារបាត់បង់ឱកាសទទួលបានការអប់រំនៅកម្ពុជាចំនួនជាង៥៧០០០នាក់ និងក្រុម គ្រួសារគ្រូបង្រៀនចំនួនប្រហែល៤០០០នាក់ ក្រុមប្រឹក្សាឃុំ-សង្កាត់ចំ នួន១៥០នាក់ និងសមាជិកគណៈកម្មការទ្រទ្រង់សាលាចំនួនប្រហែល១២០០នាក់។

លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិភាពជាដៃគូអប់រំនៃអង្គ ការក្រៅរដ្ឋាភិបាល (NEP) បានថ្លែងថា នេះគឺជាគម្រោងមួយដ៏ល្អបំផុត ដែលជាឱកាសមាសមួយសម្រាប់កុមារមួយចំនួន ដែលដោយ សារតែស្ថានភាពរបស់គាត់មិនបានអំណោយផល និងមិនមានឱកាសបានចូលរួមនៅក្នុងការអប់រំ ។ NEP នឹងកំណត់ចេញពីគម្រោងនេះថាតើអ្វីទៅគឺជាការអនុវត្តល្អ ហើយ NEP នឹងមានតួនាទីមួយផ្លាស់ប្តូរនូវបទ ពិសោធន៍ ដែលគម្រោងបានធ្វើជាមួយអង្គការដៃគូផ្សេងៗទៀត ទៅ តាមក្រុមនីមួយៗ ដែលយើង​ជឿជាក់ថា ជាក្រុមដែលបាត់បង់ឱកាសក្នុងការទទួលបាននូវការអប់រំ មានដូចជាក្រុមកុមារពិការ ក្រុមកុមារនៅតាមចិញ្ចើមថ្នល់ ក្រុមកុមារដែលមកពីតំបន់ជនជាតិភាគតិច ក៏ដូច ជាក្រុមកុមារដែលមានភាពក្រីក្រ និងក្រុមកុមារដែលនៅតំបន់ឆ្ងាយដាច់ស្រយាល។

លោក ជិន ច័ន្ទវាសនា បន្តថា យើងឃើញថា កុមារដែលបញ្ចូល ទៅក្នុងគម្រោងធ្វើការរួមគ្នាជាដៃគូនេះ គឺឆ្លើយតបយ៉ាងប្រត្យក្ស ទៅ នឹងអ្វីដែលអង្គការ NEP បានធ្វើការសិក្សាស្រាវជ្រាវទាក់ទងទៅនឹងសិទ្ធិទទួលបាននូវការអប់រំ ដែលយើងឃើញថាកុមារដែលនៅក្នុងក្រុមកុមារពិការ ទាំងពិការរូបរាងកាយ ទាំងពិការនូវសតិបញ្ញា ក៏ដូចជាកុមារដែលស្ថិតនៅតំបន់ជន​ជាតិ​ភាគតិច គឺជាកុមារដែលមិនទាន់បាន ទទួលនូវសិទ្ធិការអប់រំបានពេញលេញនៅឡើយទេ ព្រោះពួកគាត់នៅជួបឧបសគ្គមួយចំនួន ដែលមិនអាចឱ្យពួកគាត់ទទួលបាននូវការអប់រំ ទោះបីជានាពេលបច្ចុប្បន្ននេះយើងឃើញថា មានការអភិវឌ្ឍ សាលា រៀននៅក្បែរពួកគាត់កាន់តែកៀកទៅៗក៏ដោយ។

លោកស្រី យ៉ាស្មីន អាឌីន ប្រធានក្រុមប្រឹក្សាភិបាលអង្គការ អេដ អេ អាក់ស្យុង ប្រចាំតំបន់បានថ្លែងថា កុមារដែលមានភាពងាយរង គ្រោះមិនមែនមានតែប្រទេសកម្ពុជាទេ គឺមាននៅប្រទេសដទៃទៀតក្នុងពិភពលោក ដែល​ក្នុងនោះមានកុមារក្រីក្រ កុមារជនជាតិភាគតិច កុមារនៅតំបន់ដាច់ស្រយាលជាដើម ដែលពួកគេសុទ្ធតែជាកុមារត្រូវទទួលបានការអប់រំ ។ ការអប់រំគឺជាវិស័យមួយល្អសម្រាប់កុមារ ហើយយើងទាំងអស់គ្នា ដែលជាអ្នកក្រីក្រអាចក្លាយទៅជាប្រធានាធិបតី ក្លាយទៅជាវេជ្ជបណ្ឌិតបានតាមរយៈការអប់រំ៕

ដោយ សំ សាម៉ន

Share
    Download PDF

Comments are closed.